មកដឹងប្រវត្តិស្មាត់ស្ដាំក្លឹប​ស្នងការ ចាន់ វាសនា មុនចូល​ក្រុម​ជម្រើសជាតិកម្ពុជា

  • 2024-05-06 07:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្មាត់ស្ដាំរបស់ក្លឹបបាល់ទះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចាន់ វាសនា បានអភិវឌ្ឍខ្លួនក្លាយជាកីឡាករដ៏ល្អនិងលេចធ្លោមួយរូបនៅកម្ពុជានាប៉ុន្មានឆ្នាំចុងក្រោយនេះ រហូតសហព័ន្ធកីឡាបាល់ទះកម្ពុជាផ្ដល់ទំនុកចិត្តកោះហៅឲ្យចូលហ្វឹកហាត់ក្នុងក្រុមបាល់ទះលើក្ដារជម្រើសជាតិកម្ពុជាឈុតធំ។

មុនក្លាយជាកីឡាករល្អក្នុងក្លឹបអាជីពស្នងការរដ្ឋាននគរបាលរាជធានីភ្នំពេញ តើវាសនាមានប្រវត្តិយ៉ាងណាខ្លះ? កើតក្នុងគ្រួសារបែបណា?លេងបាល់ទះល្អដែរឬទេ? មានការហាមឃាត់ពីឪពុកម្ដាយឬក៏អត់? និងមានកម្រិតវប្បធម៌ត្រឹមណា?

ចាន់ វាសនា កើតក្នុងគ្រួសារកសិករមួយ​ដែលមានជីវភាពធូរធារនៅក្នុងភូមិអូរបេង ឃុំមេសរជ្រៃ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ គេមានបងប្អូនបង្កើត៣នាក់ ស្រី២ប្រុស១ ហើយ​គេជាកូនប្រុសពៅ។

រស់នៅក្នុងគ្រួសារជីវភាពធូរធារសមល្មម ចាន់ វាសនា បានបញ្ចប់ថ្នាក់ទី១២នៃវិទ្យាល័យ សម្តេចតេជោ ហ៊ុនសែនមេសរជ្រៃ។ ក្រោយបញ្ចប់ថ្នាក់ទី១២នៅឆ្នាំ២០២១ វាសនា មិនមានបំណងចង់បន្តការសិក្សាថ្នាក់ឧត្ដមសិក្សាទៀតឡើយ ដោយគេបានដាក់ចិត្តដាក់កាយលើអាជីពបាល់ទះហើយ។

ស្មាត់ស្ដាំ ចាន់ វាសនា

វាសនា មានប្រវត្តិលេងបាល់ទះកម្រិតណា? បើតាមការឲ្យដឹងពីសាមីខ្លួនផ្ទាល់ គេជាកីឡាករបាល់ទះសមត្ថភាពមធ្យមមួយរូបនៅតាមភូមិ ព្រោះមានកីឡាករល្អៗច្រើន។ ឆ្នាំ២០២២ ចាន់ វាសនា បានមានឱកាសចូលហាត់នៅក្លឹបបាល់ទះស្នងការរដ្ឋាននគរបាលរាជធានីភ្នំពេញ តាមរយៈម្ចាស់តារាងបាល់ទះទួលសង្កែមួយរូបមានឈ្មោះថាឆ្មា។

ចូលហ្វឹកហាត់បាល់ទះ វាសនា ត្រូវបានឪពុកម្ដាយហាមឃាត់ដែរ ដ្បិថលោកទាំងពីរបារម្ភខ្លាចកូនលំបាក ខ្លាចកូនមានរបួស និងខ្លាចកូនមិនបានបន្តសិក្សា។ ប៉ុន្តែស្មាត់ស្ដាំវ័យ២១ឆ្នាំ បានឆ្លើយតបទៅកាន់អ្នកមានគុណទាំងពីរថា គេស្រលាញ់ចូលចិត្តវិស័យមួយនេះតាំងពីតូច និងចង់ចូលហាត់នៅក្លឹបស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

រ៉ុន សុខជា (ឆ្វេង) ចាន់ វាសនា (ស្ដាំ)

ក្នុងនាមជាកីឡាករអាជីពរបស់ក្លឹបខាងលើ គេបានជួយឲ្យក្លឹបឈ្នះជើងឯករងពានរង្វាន់ សម្តេចក្រឡាហោម ស ខេង ឆ្នាំ២០២៣និងទទួលបានចំណាត់ថ្នាក់លេខ៣ នៃពានរង្វាន់តេជោលីគឆ្នាំ២០២៤។

នាថ្ងៃអនាគត ចាន់ វាសនា ចង់ក្លាយជាកីឡាករជម្រើសជាតិកម្ពុជា និងមានបំណងចង់ទៅលេងនៅក្រៅប្រទេសដូចនិមិត្តរបស់គេ វឿន វាសនា ដែរ។

បច្ចុប្បន្នកីឡាករមានដើមកំណើតមកពីខេត្តកំពង់ចាមរូបនេះ មានកម្ពស់ ១,៨៩ម៉ែត្រ អាយុ២១ឆ្នាំ។ សម្រាប់កម្ពស់នេះ វាសនា យល់ថាគេអាចប្រកួតប្រជែងនឹងគេបាន ជាពិសេសនៅក្នុងក្រុមជម្រើសជាតិកម្ពុជា៕

អត្ថបទ៖ Um Sopheak

អត្ថបទថ្មី