Sabay Cinema និង Sabay Bowling សហការជាមួយអង្គការសាលាទន្សាយ (The Rabbit School) និង Run by Heart រៀបចំយុទ្ធនាការ «ចែករំលែកស្នាមញញឹមជាមួយ Sabay សម្រាប់កុមារ»

  • 2026-06-02 06:36:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ភ្នំពេញ ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ – Sabay Cinema និង Sabay Bowling បានប្រកាសបើកជាផ្លូវការនូវយុទ្ធនាការសប្បុរសធម៌ «ចែករំលែកស្នាមញញឹមជាមួយ Sabay សម្រាប់កុមារ» នៅថ្ងៃនេះ ដោយប្រមូលផ្តុំដៃគូសហគមន៍ អ្នកគាំទ្រ និងសាធារណជនជាច្រើនរូប ដើម្បីអបអរសាទរទិវាកុមារអន្តរជាតិ និងរួមចំណែកគាំទ្រកុមារដែលមានតម្រូវការពិសេសនៅកម្ពុជា។

យុទ្ធនាការសប្បុរសធម៌ដែលមានរយៈពេលមួយខែនេះ ត្រូវបានរៀបចំឡើងដោយសហការជាមួយអង្គការសាលាទន្សាយ (The Rabbit School) និងកម្មវិធី Run by Heart ដែលជាចលនាសង្គមមួយបង្កើតឡើងដោយតារាចម្រៀង លោក អួន បឋម ហៅ Sai ដើម្បីលើកកម្ពស់ការចែករំលែក ការស្ម័គ្រចិត្ត និងការគាំទ្រដល់សហគមន៍ងាយរងគ្រោះនៅទូទាំងប្រទេសកម្ពុជា។

យុទ្ធនាការនេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ ដោយមានគោលបំណងរៃអង្គាសថវិកា និងបង្កើនការយល់ដឹងជាសាធារណៈអំពីកុមារដែលមានតម្រូវការពិសេស ព្រមទាំងជំរុញឱ្យមានការចូលរួម និងការរួមបញ្ចូលគ្នាកាន់តែប្រសើរនៅក្នុងសង្គម។

លោកស្រី ហ៊ាង ស្រីជា អ្នកគ្រប់គ្រងទូទៅ ក្រុមហ៊ុន Sabay Cinema និង Sabay Bowling បានមានប្រសាសន៍ថា៖ «នៅ Sabay Cinema និង Sabay Bowling យើងជឿជាក់ថា កុមារគ្រប់រូបគួរតែមានឱកាសទទួលបានភាព សប្បាយរីករាយ និងចូលរួមក្នុងសកម្មភាពកម្សាន្តដូចៗគ្នា។ តាមរយៈកិច្ចសហការជាមួយអង្គការសាលារៀនទន្សាយ (The Rabbit School) និង Run by Heart យើងសង្ឃឹមថានឹងអាចបង្កើតបទពិសោធន៍រីករាយ និងអនុស្សាវរីយ៍ដ៏មានអត្ថន័យសម្រាប់កុមារដែលមានតម្រូវការពិសេស ព្រមទាំងជួយលើកកម្ពស់ការយល់ដឹង និងជំរុញការគាំទ្រពីសហគមន៍ឱ្យកាន់តែទូលំទូលាយ»។

លោកស្រីបានបន្ថែមថា៖ «ក្នុងនាម Sabay Cinema និង Sabay Bowling ដែលជាក្រុមហ៊ុនរបស់ខ្មែរ បុគ្គលិកជាខ្មែរ យើងចង់ប្រើប្រាស់វេទិការបស់យើងដើម្បីបង្កើតភាពវិជ្ជមានដល់សង្គម។ យើងសូមអញ្ជើញអតិថិជន និងដៃគូទាំងអស់ ចូលរួមជាមួយយុទ្ធនាការពេញមួយខែមិថុនានេះ ដើម្បីចែករំលែកសុភមង្គល និងរួមចំណែកបង្កើតឱកាសកាន់តែល្អប្រសើរសម្រាប់កុមារទាំងនេះ។»

ពិធីបើកយុទ្ធនាការជាផ្លូវការនេះ មានការចូលរួមពីថ្នាក់ដឹកនាំរបស់ Sabay Cinema និង Sabay Bowling តំណាងអង្គការសាលារៀនទន្សាយ (The Rabbit School) តំណាងកម្មវិធី Run by Heart ដៃគូសារព័ត៌មាន សិល្បករ និងតារាចម្រៀងលោក អួន បឋម ហៅ Sai ដែលបានចូលរួមអបអរសាទរជាមួយកុមារ និងក្រុមគ្រួសាររបស់ពួកគេ។

ជាផ្នែកមួយនៃកម្មវិធីបើកយុទ្ធនាការ សិស្សានុសិស្សមកពីអង្គការសាលាទន្សាយ (The Rabbit School) រួមជាមួយឪពុកម្តាយ អាណាព្យាបាល និងសមាជិកគ្រួសារ ត្រូវបានអញ្ជើញឱ្យចូលរួមទស្សនាភាពយន្តពិសេស និងរីករាយជាមួយសកម្មភាពប៊ូលីង ដែលរៀបចំឡើងជាពិសេសដោយ Sabay។

សកម្មភាពទាំងនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្តល់ឱកាសដល់កុមារដែលមានតម្រូវការពិសេស បានទទួលបទពិសោធន៍កម្សាន្តក្នុងបរិយាកាសដែលគ្រប់គ្នាអាចប្រាស្រ័យទាក់ទង ជាមួយពួកគាត់ ហើយពួកគាត់ ក៏អាចរីករាយចូលរួមសកម្មភាពដូចកុមារដទៃទៀត។ លើសពីការកម្សាន្ត កម្មវិធីនេះក៏មានគោលបំណងលើកកម្ពស់ការទទួលស្គាល់ ការយល់ដឹង និងឱកាសស្មើភាពគ្នាសម្រាប់កុមារគ្រប់រូប ដោយមិនគិតពីសមត្ថភាព ឬលក្ខខណ្ឌពិសេសរបស់ពួកគេឡើយ។

Sabay Cinema និង Sabay Bowling បានជ្រើសរើសយក អង្គការសាលាទន្សាយ (The Rabbit School) ដោយសារការខិតខំប្រឹងប្រែងជាច្រើនឆ្នាំក្នុងការគាំទ្រកុមារដែលមានតម្រូវការពិសេស ពិការភាពផ្នែកបញ្ញា និងបញ្ហាអភិវឌ្ឍន៍ផ្សេងៗ តាមរយៈកម្មវិធីអប់រំពិសេស សេវាព្យាបាល ការអភិវឌ្ឍជំនាញជីវិត និងការគាំទ្រដល់ក្រុមគ្រួសារ។ អង្គការនេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយកុមារឱ្យមានភាពឯករាជ្យកាន់តែច្រើន និងលើកកម្ពស់គុណភាពជីវិតរបស់ពួកគេ។

ការចូលរួមរបស់កម្មវិធី Run by Heart ក៏បានពង្រឹងបន្ថែមនូវកិច្ចខិតខំប្រឹងប្រែងក្នុងការឈានទៅដល់សហគមន៍ផងដែរ។ តាមរយៈបណ្តាញអ្នកស្ម័គ្រចិត្ត និងអ្នកគាំទ្ររបស់ខ្លួន Run by Heart បានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសប្បុរសធម៌ និងគម្រោងបង្កើតផលប៉ះពាល់វិជ្ជមានជាច្រើននៅទូទាំងប្រទេសកម្ពុជា។ កិច្ចសហការនេះបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការបង្កើតការផ្លាស់ប្តូរជាវិជ្ជមាន និងបង្កើនឱកាសសម្រាប់កុមារងាយរងគ្រោះ។

ពេញមួយខែមិថុនានេះ សាធារណជនអាចចូលរួមគាំទ្រយុទ្ធនាការនៅ Sabay Cinema និង Sabay Bowling គ្រប់សាខាផ្សារទំនើបអ៉ីអនទាំងអស់។ សម្រាប់សមាជិក Sabay Bowling នឹងទទួលបានការផ្តល់ជូនពិសេស ដោយអាចលេងប៊ូលីងលើកដំបូងក្នុងតម្លៃត្រឹមតែ ១ ដុល្លារអាមេរិក ប៉ុណ្ណោះ (បញ្ចុះពីតម្លៃធម្មតា ៥ ដុល្លារអាមេរិក) ហើយថវិការនេះនឹងបរិច្ចាគជូនអង្គការសាលាទន្សាយ (The Rabbit School)។ បន្ថែមពីនេះ Sabay Cinema នឹងបរិច្ចាគថវិកាចំនួន ៥០០រៀល សម្រាប់ការទិញពោតលីង (Popcorn) មួយប្រអប់ក្នុងអំឡុងពេលយុទ្ធនាការនេះផងដែរ។

យុទ្ធនាការនេះក៏ជាជំហានដ៏សំខាន់មួយទៀតក្នុងដំណើររបស់ Sabay Cinema និង Sabay Bowling ក្នុងការកសាងវិស័យកម្សាន្តរបស់កម្ពុជា ដែលមិនត្រឹមតែផ្តល់នូវបទពិសោធន៍កម្សាន្តប្រកបដោយគុណភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍសង្គម និងគាំទ្របុព្វហេតុដែលមានអត្ថន័យផងដែរ។

នៅពេលបញ្ចប់យុទ្ធនាការនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ ថវិកាទាំងអស់ដែលប្រមូលបាននឹងត្រូវប្រគល់ជូនអង្គការ Rabbit School ក្នុងអំឡុងពេលដំណើរទស្សនកិច្ចពិសេសមួយដែលគ្រោងនឹងរៀបចំឡើងនៅខែកក្កដា ឆ្នាំ២០២៦។

តាមរយៈកិច្ចសហការរវាង Sabay, Rabbit School, Run by Heart ដៃគូពាក់ព័ន្ធ និងសាធារណជន យុទ្ធនាការនេះមានគោលបំណងមិនត្រឹមតែរៃអង្គាសថវិកាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើនការយល់ដឹង និងបង្កើតឱកាសកាន់តែប្រសើរសម្រាប់កុមារដែលមានតម្រូវការពិសេសនៅទូទាំងប្រទេសកម្ពុជាផងដែរ។

អត្ថបទថ្មី