វិស័យភស្តុភារកម្មនៅកម្ពុជា រីកចម្រើនកាន់តែខ្លាំង ជាមួយបច្ចេកវិទ្យាឌីជីថល
- 2026-06-03 05:07:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វិស័យភស្តុភារកម្មនៅកម្ពុជា រីកចម្រើនកាន់តែខ្លាំង ជាមួយបច្ចេកវិទ្យាឌីជីថល
ចន្លោះមិនឃើញ
កំណើនយ៉ាងរហ័សនៃពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងតម្រូវការទីផ្សារ បានធ្វើឱ្យវិស័យភស្តុភារកម្ម (logistics) នៅកម្ពុជា មានការរីកចម្រើនយ៉ាងខ្លាំង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលសេវាកម្មដឹកជញ្ជូន និងចែកចាយទំនិញ កំពុងដើរតួនាទីកាន់តែសំខាន់ក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ ដើម្បីជួយជំរុញដល់ការធ្វើពាណិជ្ជកម្មកាន់តែរលូន និងកំណើនសេដ្ឋកិច្ចជាតិកាន់ប្រសើរ។
តាមការវាយតម្លៃរបស់អ្នកជំនាញសេដ្ឋកិច្ចជាច្រើន បានឱ្យដឹងថា វិស័យភស្តុភារកម្ម ត្រូវបានចាត់ទុកថាជាវិស័យដែលកំពុងមានសក្ដានុពលខ្លាំងក្នុងកំណើនដ៏ល្អប្រសើរ ស្របពេលដែលការទិញទំនិញអនឡាញ និងប្រព័ន្ធទូទាត់ប្រាក់ឌីជីថលកំពុងបន្តទទួលបានប្រជាប្រិយភាពខ្លាំង។ ក្នុងបរិបទនេះ ការធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពដឹកជញ្ជូន ការបង្កើនប្រសិទ្ធភាពពេលវេលាចែកចាយទំនិញ និងការយកបច្ចេកវិទ្យាមកអនុវត្តក្នុងប្រព័ន្ធប្រតិបត្តិការ បានក្លាយជាអាទិភាពចម្បង ដែលមិនអាចខ្វះបាន សម្រាប់អាជីវកម្មនានានៅក្នុងវិស័យនេះ។
បច្ចុប្បន្ននេះ ទីផ្សារភស្តុភារកម្មនៅកម្ពុជា មានទាំងក្រុមហ៊ុនផ្តល់សេវាកម្មទាំងក្នុងស្រុកនិងអន្តរជាតិ ដែលផ្តល់ជូននូវដំណោះស្រាយយ៉ាងសម្បូរបែប ដូចជា សេវាដឹកជញ្ជូនរហ័ស ការដឹកជញ្ជូនទូទៅ ការគ្រប់គ្រងឃ្លាំងស្តុកទំនិញ និងសេវាបំពេញការបញ្ជាទិញសម្រាប់ពាណិជ្ជកម្មអេឡិចត្រូនិក (E-commerce fulfillment)។ ក្នុងនោះ គេសង្កេតឃើញក្រុមហ៊ុនមួយចំនួន ដែលកំពុងទទួលបានការគាំទ្រខ្លាំង ដូចជា ក្រុមហ៊ុន J&T Express វីរៈប៊ុនថាំ អ៊ិចប្រេស ប្រៃសណីយ៍កម្ពុជា DHL ព្រមទាំងក្រុមហ៊ុនភស្តុភារកម្មជាច្រើនទៀត។
ស្របពេលជាមួយគ្នានឹងនិន្នាការនេះដែរ ក្រុមហ៊ុនមួយចំនួនក្នុងវិស័យបច្ចេកវិទ្យា និងទូរគមនាគមន៍ ក៏បានចាប់ផ្តើមពង្រីកវិសាលភាពអាជីវកម្មរបស់ខ្លួន ដោយការបោះជំហានចូលក្នុងវិស័យភស្តុភារកម្ម និងសេវាកម្មដឹកជញ្ជូនផងដែរ ដើម្បីឆ្លើយតបទៅនឹងតម្រូវការដឹកជញ្ជូនទំនិញ ដែលកំពុងកើនឡើងយ៉ាងខ្លាំង ទាំងក្នុងចំណោមអ្នកប្រើប្រាស់ទូទៅ និងបណ្តាអាជីវកម្មនានា។
ក្នុងចំណោមក្រុមហ៊ុនឈានមុខទាំងអស់នោះ ក្រុមហ៊ុន មិត្តហ្វូន ក៏បានដាក់ឱ្យដំណើរការនូវសេវាកម្ម «មិត្តហ្វូន អិចប្រេស» ឈានមុខថ្មី ដែលជាផ្នែកមួយក្នុងការពង្រីកប្រព័ន្ធអេកូឡូស៊ីសេវាកម្មរបស់ខ្លួននៅកម្ពុជា។ យោងតាមការបញ្ជាក់ពីក្រុមហ៊ុន សេវាកម្មថ្មីនេះ ផ្តោតសំខាន់លើដំណោះស្រាយដឹកជញ្ជូន ដែលគាំទ្រដោយបច្ចេកវិទ្យាទំនើប ដើម្បីឆ្លើយតបទៅនឹងតម្រូវការភស្តុភារកម្ម ដែលកំពុងកើនឡើងនៅក្នុងទីផ្សារ។ «មិត្តហ្វូន អិចប្រេស» ប្រតិបត្តិការក្រោមពាក្យស្លោក «ដឹករហ័សដោយទំនុកចិត្ត» ដោយផ្តល់អាទិភាពសំខាន់បំផុតទៅលើភាពជឿជាក់ និងគុណភាពសេវាកម្មល្អបំផុត ក្នុងគ្រប់ប្រតិបត្តិការទាំងអស់។
អ្នកជំនាញក្នុងវិស័យនេះជឿជាក់ថា ជាមួយនឹងការបន្តរីកចម្រើននៃសេដ្ឋកិច្ចឌីជីថល និងតម្រូវការអតិថិជនដែលកំពុងកើនឡើង នឹងក្លាយជាចលករជំរុញឱ្យវិស័យភស្តុភារកម្មរបស់កម្ពុជា នឹងកាន់តែរីកចម្រើនបន្ថែមទៀតនៅក្នុងឆ្នាំខាងមុខនេះ។ ទន្ទឹមនឹងនេះ ការកើនឡើងនៃអាជីវកម្មថ្មីៗនៅក្នុងទីផ្សារ នឹងរួមចំណែកជួយបង្កើនគុណភាពសេវាកម្ម បង្កើតជម្រើសកាន់តែល្អប្រសើរ និងសម្បូរបែបសម្រាប់អតិថិជន ដែលធ្វើឱ្យប្រព័ន្ធភស្តុភារកម្មទាំងមូលកាន់តែមានភាពទំនើប ទាន់សម័យ និងរហ័សទាន់ចិត្ត។