«ស្រមោលស្នេហ៍៖ អតីតជាតិ» ប្រលោមលោកខ្មែរជាភាសារអង់គ្លេស ទទួលបានការវាយតម្លៃ និងការទទួលស្គាល់កម្រិតអន្តរជាតិ

  • 2026-06-02 07:49:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រាជធានីភ្នំពេញ, កម្ពុជា — អ្នកនិពន្ធខ្មែរ APSARA L.L. បានបង្កើតជំហានថ្មីមួយសម្រាប់អក្សរសិល្ប៍កម្ពុជា ខណៈដែលប្រលោមលោកដំបូងរបស់ខ្លួន «ស្រមោលស្នេហ៍៖ អតីតជាតិ» (Almost Love: A Past-Life Destiny) ទទួលបានការចាប់អារម្មណ៍ និងការទទួលស្គាល់យ៉ាងខ្លាំងពីសំណាក់អ្នកអាន និងអ្នកជំនាញបោះពុម្ពផ្សាយអន្តរជាតិ។

APSARA L.L. គឺជានាមប៉ាកការបស់កញ្ញា លី លក្ខិណា (Ly Leakhena) សហគ្រិនខ្មែរដែលមានចំណង់ចំណូលចិត្តលើការនិទានរឿង និងការរចនាសិល្បៈច្នៃប្រឌិត ដែលការណ៍នេះបានជំរុញឱ្យកញ្ញាបង្កើតស្នាដៃដ៏វិសេសវិសាលនេះឡើង។

ស្នាដៃនេះត្រូវបាននិពន្ធឡើងជាភាសាអង់គ្លេស ក្នុងទម្រង់ប្រលោមលោកមនោសញ្ចេតនាសហសម័យដែលមានរូបភាពរស់រវើក (Illustrated Novel) ដោយរួមបញ្ចូលសាច់រឿងមនោសញ្ចេតនា ការធ្វើដំណើរ ពហុវប្បធម៌ និងការរីកចម្រើនផ្លូវចិត្ត។ សៀវភៅនេះក៏បានបង្កប់នូវការឆ្លុះបញ្ចាំងអំពីទំនាក់ទំនង ស្នេហា ការជ្រើសរើសដៃគូជីវិត និងការយល់ដឹងអំពីអារម្មណ៍មនុស្ស ក្នុងទម្រង់ដែលអាចភ្ជាប់ទំនាក់ទំនងយ៉ាងស៊ីជម្រៅជាមួយអ្នកអានអន្តរជាតិ។

ការទទួលស្គាល់ និងការវាយតម្លៃអន្តរជាតិ

ជាបឋម ប្រលោមលោក «ស្រមោលស្នេហ៍៖ អតីតជាតិ» ទទួលបាន “ការវាយតម្លៃវិជ្ជាជីវៈកម្រិត ៤ ផ្កាយ” ពី Reedsy Discovery ដែលជាវេទិកាអន្តរជាតិសម្រាប់អ្នកនិពន្ធ និងអ្នកជំនាញបោះពុម្ពផ្សាយ មានមូលដ្ឋាននៅចក្រភពអង់គ្លេស។ ការទទួលបានចំណាត់ថ្នាក់នេះ គឺជាសមិទ្ធផលដ៏សំខាន់មួយ ដោយមានសៀវភៅត្រឹមតែប្រមាណ ២០% ប៉ុណ្ណោះនៅលើវេទិកានេះដែលអាចសម្រេចបាន។

បន្ថែមពីនេះ សៀវភៅនេះក៏ត្រូវបានជ្រើសរើសជាប់ក្នុងវគ្គ Quarter-Finalist នៃកម្មវិធីប្រកួតអន្តរជាតិ First Page Cage ដែលរៀបចំដោយស្ថាប័ន Pulp Literature ប្រទេសកាណាដា ដោយស្ថិតក្នុងចំណោមស្នាដៃឆ្នើមប្រមាណ ១៥% ពីអ្នកនិពន្ធជុំវិញពិភពលោក។

ប្រលោមលោកនេះក៏ត្រូវបានជ្រើសរើសបញ្ចូលក្នុងបញ្ជីសៀវភៅឆ្នើម «សៀវភៅរឿងប្រឌិតល្អបំផុត» (Best Fiction Books) «សៀវភៅរឿងមនោសញ្ចេតនាល្អបំផុត» (Best Romance Books) និង «សៀវភៅរឿងមនោសញ្ចេតនាសហសម័យល្អបំផុត» (Best Contemporary Romance Books) របស់ Reedsy Discovery ផងដែរ។ បច្ចុប្បន្ន សៀវភៅនេះបានទៅដល់ដៃមិត្តអ្នកអាននៅ ១៥ ប្រទេសជុំវិញពិភពលោក រួមមាន សហរដ្ឋអាមេរិក កាណាដា ចក្រភពអង់គ្លេស អូស្ត្រាលី បារាំង និងបណ្តាប្រទេសផ្សេងៗទៀត។

មតិពីអ្នកនិពន្ធ

កញ្ញា លី លក្ខិណា បានឱ្យដឹងថា៖ «សម្រាប់នាងខ្ញុំ ការទទួលស្គាល់នេះមិនមែនត្រឹមតែសម្រាប់សៀវភៅមួយក្បាលនោះទេ ប៉ុន្តែវាជាការបង្ហាញថា រឿងរ៉ាវរបស់កម្ពុជាអាចផ្សារភ្ជាប់ជាមួយអ្នកអានអន្តរជាតិបាន ខណៈពេលដែលយើងនៅតែរក្សាបាននូវឫសគល់ វប្បធម៌ និងអត្តសញ្ញាណជាតិរបស់យើង។ នាងខ្ញុំចង់ឱ្យមិត្តអ្នកអានបរទេស មើលឃើញកម្ពុជាលើសពីអតីតកាល និងប្រវត្តិសាស្ត្រ។ កម្ពុជា គឺជាប្រទេសដែលមានវប្បធម៌ដ៏សម្បូរបែប និងរឿងរ៉ាវដែលមានតម្លៃក្នុងការចែករំលែកទៅកាន់ពិភពលោក។»

«នាងខ្ញុំបានធ្វើដំណើរទៅកាន់ប្រទេសផ្សេងៗជិត ២០ រួចមកហើយ រាល់ពេលដែលមានគេសួរថា មកពីណា នាងខ្ញុំតែងតែឆ្លើយថា “កម្ពុជា”។ ប៉ុន្តែជាញឹកញាប់ តែងមានសំណួរត្រឡប់មកវិញថា “តើកម្ពុជានៅឯណា?” សំណួរនោះបានក្លាយជាចំណុចផ្លាស់ប្តូរមួយសម្រាប់នាងខ្ញុំ។ វាបានធ្វើឱ្យនាងខ្ញុំមានអារម្មណ៍ថា គួរធ្វើអ្វីមួយសម្រាប់ទឹកដីកំណើតរបស់ខ្លួន តាមរយៈការសរសេររឿងមួយ ដែលបង្ហាញពីកម្ពុជាទៅកាន់ពិភពលោក ដោយស្តែងចេញជាអក្សរសិល្ប៍ សិល្បៈ អារម្មណ៍ និងវប្បធម៌។» សម្រាប់ APSARA L.L. ប្រលោមលោក «ស្រមោលស្នេហ៍៖ អតីតជាតិ» គឺជា៖ «កេរដំណែលអក្សរសិល្ប៍មួយ ដែលអ្នកនិពន្ធចង់បន្សល់ទុកសម្រាប់មាតុភូមិរបស់ខ្លួន»។

កំណត់ត្រាស្ថាប័ន និងកម្មសិទ្ធិបញ្ញា

ដើម្បីធានាការការពារស្នាដៃផ្នែកកម្មសិទ្ធិបញ្ញា ប្រលោមលោកនេះត្រូវបានចុះបញ្ជីសិទ្ធិអ្នកនិពន្ធជាផ្លូវការនៅសហរដ្ឋអាមេរិក។

នៅក្នុងប្រទេសកម្ពុជា សៀវភៅនេះត្រូវបានតម្កល់ទុកជាផ្លូវការនៅបណ្ណាល័យជាតិកម្ពុជា (National Library of Cambodia) ដែលជាផ្នែកមួយនៃកំណត់ត្រាអក្សរសិល្ប៍ជាតិ។ បន្ថែមពីនេះ ប្រលោមលោកនេះក៏ត្រូវបានចុះបញ្ជី និងទទួលស្គាល់ដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ (Ministry of Culture and Fine Arts) ដែលជាផ្នែកមួយនៃការគាំទ្រដល់ស្នាដៃអក្សរសិល្ប៍ និងសិល្បៈរបស់កម្ពុជា។

កិច្ចសហការជាមួយអ្នកជំនាញអន្តរជាតិ

ដើម្បីធានាគុណភាពស្នាដៃឱ្យឈានដល់ស្តង់ដារអន្តរជាតិ APSARA L.L. បានសហការជាមួយអ្នកកែសម្រួលអត្ថបទមកពីបណ្តាប្រទេសផ្សេងៗ រួមមាន៖ • Susan Fletcher Haythorpe (ចក្រភពអង់គ្លេស) — អ្នកនិពន្ធសៀវភៅ Lost Generation: The Story of Cambodian Rock and Roll

Jodie Nott (អូស្ត្រាលី)

Susan Lloyd (ចក្រភពអង់គ្លេស)

Charya Sam (ខ្មែរ-បារាំង)

អំពីរូបភាពសិល្បៈ និងអត្តសញ្ញាណខ្មែរ

រូបភាពសិល្បៈនៅក្នុងប្រលោមលោក «ស្រមោលស្នេហ៍៖ អតីតជាតិ» មិនត្រឹមតែមានតួនាទីតុបតែងប៉ុណ្ណោះទេ ប៉ុន្តែជាផ្នែកមួយនៃការនិទាន និងការបង្កើតអារម្មណ៍សម្រាប់អ្នកអាន។ ការប្រើប្រាស់ក្បាច់រចនាបែបខ្មែរ ផ្សារភ្ជាប់គ្នាយ៉ាងចុះសម្រុងជាមួយទម្រង់រចនារចនាបថបស្ចិមប្រទេស (Western Design) គឺជាចេតនារបស់អ្នកនិពន្ធក្នុងការឆ្លុះបញ្ចាំងពីសិល្បៈ វប្បធម៌ ក៏ដូចជាបរិយាកាស និងអារម្មណ៍ប្លែកៗទៅតាមតំបន់នៃប្រទេសនីមួយៗដែលមាននៅក្នុងសាច់រឿង ដើម្បីបង្កើតជាទម្រង់អក្សរសិល្ប៍ដែលអាចភ្ជាប់ទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយអ្នកអានអន្តរជាតិ។ អ្នកនិពន្ធជឿជាក់ថា អក្សរសិល្ប៍ និងសិល្បៈ អាចដើរទន្ទឹមគ្នា ដើម្បីបង្កើតបទពិសោធន៍នៃការអានដ៏អស្ចារ្យ ដែលមានទាំងអារម្មណ៍ ភាពស្រមើស្រមៃ និងអត្តសញ្ញាណវប្បធម៌។

អំពីកម្ពុជា និងគោលបំណងនៃស្នាដៃ

តាមរយៈប្រលោមលោកនេះ អ្នកនិពន្ធមានបំណងចង់ចែករំលែកពីភាពស្រស់ស្អាតនៃប្រទេសកម្ពុជា រួមមានវប្បធម៌ អាហារ ទេសចរណ៍ របៀបរស់នៅ ក្តីស្រឡាញ់របស់ប្រជាជនខ្មែរ និងសហគមន៍ទំនើបនាពេលបច្ចុប្បន្ន ព្រមទាំងបង្ហាញពីការបើកចំហចិត្ត បើកទូលាយទទួលយក និងរៀនសូត្រពីវប្បធម៌ចម្រុះនៃបណ្តាប្រទេសដទៃទៀតជុំវិញពិភពលោក។

អំពីសៀវភៅ

«ស្រមោលស្នេហ៍៖ អតីតជាតិ» គឺជាប្រលោមលោកមនោសញ្ចេតនាបែបសហសម័យ ដែលរួមបញ្ចូលជាមួយកម្រងរូបភាពសិល្បៈច្នៃប្រឌិតជាង ៥០ ផ្ទាំង (Illustrated Novel) ដែលជួយបង្កើតបរិយាកាស និងអារម្មណ៍នៃការនិទានឱ្យកាន់តែមានភាពរស់រវើក និងស៊ីជម្រៅ។ សាច់រឿងឆ្លងកាត់ប្រទេសចំនួន ៨ រួមមាន កម្ពុជា ជប៉ុន តៃវ៉ាន់ អូទ្រីស សាធារណរដ្ឋឆែក បារាំង បាលី(ឥណ្ឌូនេស៊ី) និងសហរដ្ឋអាមេរិក។

ស្នាដៃនេះមិនត្រឹមតែជារឿងស្នេហាប៉ុណ្ណោះទេ ប៉ុន្តែជាការឆ្លុះបញ្ចាំងអំពីព្រេងវាសនា ពេលវេលា ការលូតលាស់ផ្លូវចិត្ត និងជម្រើសដែលមនុស្សម្នាក់ៗធ្វើក្នុងជីវិត។

«មនុស្សពីរនាក់អាចជួបគ្នាដោយសារនិស្ស័យពីបុព្វេ ប៉ុន្តែគឺជម្រើសរបស់ពួកគេ ដែលកំណត់និយមន័យនៃស្នេហ៍ពិត»។

ទម្រង់បោះពុម្ព និងការចែកចាយ

បច្ចុប្បន្ន «ស្រមោលស្នេហ៍៖ អតីតជាតិ» មានចេញផ្សាយជា ៤ ទម្រង់ រួមមាន Hardcover Edition, Paperback Edition, Color Paperback Edition និង E-Book Edition ដើម្បីផ្តល់ជម្រើសយ៉ាងសម្បូរបែបសម្រាប់មិត្តអ្នកអានទាំងក្នុង និងក្រៅប្រទេស។

សៀវភៅនេះមានដាក់លក់នៅលើ Amazon និងវេទិកាសៀវភៅអន្តរជាតិធំៗជាច្រើនទៀត រួមមាន Google Books, Books-A-Million (BAM!), Foyles London, bol.com និង Coupang ព្រមទាំងមានវត្តមាននៅ Tsutaya Bookstore និងកំពុងមានការចែកចាយផ្ទាល់នៅតាមហាងសៀវភៅ និង Page «ហាងលក់សៀវភៅល្បីៗ» ក្នុងប្រទេសកម្ពុជា។

APSARA L.L. ក៏ស្វាគមន៍ការសហការជាមួយហាងសៀវភៅ រឺ Page លក់សៀវភៅ និងដៃគូចែកចាយក្នុងស្រុក ដើម្បីនាំយកស្នាដៃសិល្បៈ និងការនិទានរឿងសម័យថ្មីរបស់កម្ពុជា ទៅកាន់អ្នកអានកាន់តែទូលំទូលាយ។

MEDIA CONTACT

• Contact Person: APSARA L.L. (លី លក្ខិណា)

• Location: Phnom Penh, Cambodia

• Email: info.apsarall@gmail.com

• Website: www.apsarall.com

• Social Media: @apsarall.studio (Instagram / TikTok / YouTube / Facebook)

អត្ថបទថ្មី