បើឥន្ទ្រីពិឃាដឌូកត្រូវលក្ខខណ្ឌនេះលោក Li Jun នឹងពិចារណាឲ្យចូលក្រុមបាល់ទះលើក្ដារជម្រើសជាតិ
- 2024-05-04 07:50:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បើឥន្ទ្រីពិឃាដឌូកត្រូវលក្ខខណ្ឌនេះលោក Li Jun នឹងពិចារណាឲ្យចូលក្រុមបាល់ទះលើក្ដារជម្រើសជាតិ
ចន្លោះមិនឃើញ
ស្មាត់ដ៏ល្អរបស់ក្លឹបបាល់ទះកងពលធំអត្តរាគមន៍លេខ៣ ជុក សោភា ហៅឥន្ទ្រីពិឃាដឌូក បានកសាងកេរ្តិ៍ឈ្នះល្បីល្បាញខ្លាំងក្នុងវិស័យបាល់ទះទាំងក្នុងនិងក្រៅផ្លូវការ។ កីឡាកររូបនេះមានសមត្ថភាពវាយប្រយុទ្ធល្អ ធ្វើឲ្យមហាជនកោតសរសើរមិនដាច់ពីមាត់ឡើយ។
ក្រោយមានភាពល្បីល្បាញ មានទេបកោសល្យ និងមានសមត្ថភាពល្អ កីឡាករជំនាញដៃស្ដាំឈរវាយប្រយុទ្ធខាងឆ្វេងកម្ពស់១,៨៤ម៉ែត្រ ក៏បានជាប់ជាកីឡាករបាល់ទះលើក្ដារជម្រើសជាតិកម្ពុជាតាំងពីឆ្នាំ២០១៤-២០១៥ មកម្ល៉េះ។ ឆ្នាំ២០១៦ គេជាប់ឆ្នេរខ្សាច់។ ឆ្នាំ២០១៧ គេជាប់លើក្ដារទៅលេងស៊ីហ្គេមនៅប្រទេសម៉ាឡេស៊ី និងជាប់លើក្ដារមួយលើកទៀតនៅឆ្នាំ២០១៨ ប៉ុន្តែមិនបានចេញទៅលេងក្រៅប្រទេសឡើយ។
ឆ្នាំ២០១៩ ស្មាត់ល្បីឈ្មោះដដែលបានជាប់ក្នុងក្រុមបាល់ទះឆ្នេរខ្សាច់ជម្រើសជាតិកម្ពុជា ចេញទៅលេង SEA GAMES លើកទី៣០នៅប្រទេសហ្វីលីពីន ឆ្នាំ២០២១ ជាប់ជម្រើសជាតិឆ្នេរខ្សាច់ចេញទៅលេង SEA GAMES លើក៣១នៅប្រទេសវៀតណាមឆ្នាំ២០២២ និងឆ្នាំ២០២៣ គេបានលេង SEA Game លើកទី៣២ កម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ប៉ុន្តែក្រុមបាល់ទះជម្រើសជាតិឆ្នេរខ្សាច់កម្ពុជា មិនទទួលបានលទ្ធផលឡើយ។
ឌូក មានបទពិសោធន៍តិចតួចក្នុងបាល់ទះលើក្ដារ និងមានបទពិសោធន៍ច្រើនគួរសម្យក្នុងបាល់ទះឆ្នេរខ្សាច់ ប៉ុន្តែប្រិយមិត្តដែលស្នេហាវិស័យកីឡាបាល់ទះកម្ពុជាចង់ឃើញស្មាត់ធំមកពីខេត្តព្រៃវែងរូបនេះ បង្ហាញខ្លួនក្នុងក្រុមបាល់ទះលើក្ដារជម្រើសជាតិកម្ពុជាជាថ្មីម្ដងទៀត ព្រោះយល់ថារូបគេបានបង្ហាញគុណផលល្អណាស់ក្នុងការប្រកួតពានរង្វាន់ក្នុងស្រុកម្ដងៗ។
ទាក់ទងចំណុចនេះ Sabay ក៏បានសាកសួរទៅកាន់លោក Li Jun គ្រូបង្វឹកបាល់ទះលើក្ដារក្រុមជម្រើសជាតិកម្ពុជា អំឡុងពេលប្រកួតដណ្ដើមបានរង្វាន់ WURKZ Special Volleyball Cup 4x4 ឆ្នាំ២០២៤ថ្មីៗនេះ លោកបានទទួលស្គាល់ថាឌូកមានសមត្ថភាពល្អ ប៉ុន្តែអ្វីដែលជាបញ្ហាចោទនោះគឺដោយសារគេមានអាយុច្រើន ពិបាកក្នុងការប្រកួតប្រជែងជាមួយកីឡាករក្មេងៗ។
លោកបានសរសើរថា ឌូកមានការវាយប្រយុទ្ធល្អ មានការការពារល្អ មានផ្លែសេវាល្អ ប៉ុន្តែអ្វីដែលគេនៅខ្វះខាតគឺការធ្វើរនាំង និងអាយុនេះតែម្ដង។
លោក Li Jun បានបញ្ជាក់ថា ៖«ឌូកល្អក្រាន់បើ គាត់មានការវាយប្រយុទ្ធល្អ សេវាល្អ ការពារល្អ ប៉ុន្តែស្ទើររនាំង តែអាយុគាត់ច្រើន បើគាត់អាយុតិចខ្ញុំនឹងពិចារណាមើលនាំចូលក្នុងក្រុមបាល់ទះលើក្ដារជម្រើសជាតិកម្ពុជា»។
មិនតែប៉ុណ្ណោះតំណែងដែលឌូកលេងក្នុងក្រុមជម្រើសជាតិគឺមានកីឡាករច្រើនដែរដូចជា គួន ម៉ុម, ពិន សារុន មកពីវិសាខា និង ធីម៉េងហួង របស់សមាគមបាល់ទះក្រសួងមហាផ្ទៃ។
គួរបញ្ជាក់ថា ឆ្នាំនេះឥន្ទ្រីពិឃាដឌូកមានវ័យ៣២ឆ្នាំ ហើយបាននឹងកំពុងលេងឱ្យក្លឹបកងពលធំអន្តរាគមន៍លេខ៣ និងបានជួយក្រុមកងពលធំ A លើកពានភូមិភាគ Wurkz នៅមណ្ឌលខេត្តសៀមរាប និងបានចំណាត់ថ្នាក់លេខនៅវគ្គផ្ដាច់ព្រ័ត្រនៅភ្នំពេញកាលពីថ្ងៃទី២៨ មេសា ឆ្នាំ២០២៣ថ្មីៗនេះ៕