គម្រោង​ស្ពានផ្សារចាស់-ជ្រោយចង្វារ-អរិយក្សត្រ កំពុងស្ថិតក្នុង​ដំណាក់កាលណាហើយ?

  • 2024-05-16 08:18:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គម្រោងសាងសង់ស្ពានមិត្តភាព កម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយចង្វារ-អរិយក្សត្រ) កំពុងស្ថិតក្នុង​ដំណាក់​កាល​ជ្រើសរើស​ក្រុមហ៊ុនទីប្រឹក្សាបច្ចេក​ទេ​ស ដែល​បានជាប់ក្នុងដំណាក់កាលជម្រុះ​កាលពីពេល​កន្លង​ទៅ។ នេះបើតាមការបញ្ជាក់​របស់ឯកឧត្តម ផន រឹម អ្នកនាំពាក្យ​ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីសប្តាហ៍មុន។

បើតាមឯកឧត្តមអ្នកនាំពាក្យ នៅមានដំណាក់កាលនីតិវិធីផ្សេងៗទៀត មុននឹងអាចឈាន​ទៅដល់​ការ​កំណត់​កាលបរិច្ឆេទ បើកការដ្ឋានសាងសង់ ដោយពុំទាន់អាចកំណត់ ពេលវេលាជាក់​លាក់បាន​នៅ​ឡើយនោះទេ។​

សូមជម្រាប​ថា គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ (ផ្សារចាស់-ជ្រោយចង្វារ; ជ្រោយចង្វារ-អរិយក្សត្រ) នឹងចំណាយទឹកប្រាក់ចំនួន ២៤៥ ៩០៩ ០០០ ដុល្លារអាមេរិក។ ខ្សែទី១នៃស្ពាន៖ ចាប់ពីមុខផ្សាររាត្រីឆ្លងកាត់ទន្លេសាប ចូលទៅកាន់ជ្រោយចង្វារ និងខ្សែទី២នៃស្ពាន៖ ពីជ្រោយចង្វារឆ្លងកាត់ទន្លេមេគង្គ ចូលទៅអរិយក្សត្រ។

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ ត្រូវបាន​ចុះហត្ថលេខារវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និង រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ នៅវិមានសន្តិភាព។

ក្រសួងសាធារណការ និងដឹកជញ្ជូន បាន​ឱ្យដឹង​កាលពីពេលកន្លងមកថា គម្រោង​សាងសង់ស្ពាន​នេះ គ្រោង​នឹង​បញ្ចប់នីតិវិធីនានានៅអំឡុងត្រីមាសទី១ ឆ្នាំ២០២៤ នេះ ខណៈការជ្រើសរើសក្រុមហ៊ុនសាងសង់ នឹងត្រូវអនុម័តនៅចុងឆ្នាំ២០២៤ ខាងមុខ។

លោក Park Jung-Wook ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព​នៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រ​កម្ពុជា បាន​បង្ហាញក្តីរំពឹង​ថា គម្រោងសាងសង់ស្ពានមិត្តភាព កម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយចង្វារ-អរិយក្សត្រ) នឹងអាចបើកការដ្ឋាន​សាងសង់បាននាអំឡុងដើមឆ្នាំ២០២៥។ ការថ្លែងនេះ ធ្វើឡើង​ក្នុងជំនួបពិភាក្សា​ជាមួយឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តី​ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពី​ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ​២០២៤៕