ការភ្ជាប់ប្រព័ន្ធឌីជីថលទៅក្នុងវិស័យសុខាភិបាល ABA និង ពេទ្យយើង ចុះអនុស្សរណៈយោគយល់ ដើម្បីសម្រួលដល់ការទូទាត់បែបឌីជីថល

  • 2025-07-03 07:57:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ABA ដែលជាធនាគារពាណិជ្ជធំជាងគេនៅកម្ពុជា បានប្រកាសភាពជាដៃគូយុទ្ធសាស្រ្តជាមួយ ពេទ្យយើង ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាសុខាភិបាលឈានមុខ ដើម្បីសម្រួលដល់ការទូទាត់ឌីជីថលសម្រាប់វិស័យសុខាភិបាលកម្ពុជា។

ក្រោមភាពជាដៃគូនេះ ABA KHQR នឹងក្លាយជាមធ្យោបាយទូទាត់ចម្បង នៅលើប្រព័ន្ធទូទាត់វិក្កយបត្ររបស់ ពេទ្យយើង ដោយបម្រើជូនដៃគូសេវាសុខាភិបាលជាច្រើន រួមមានគ្លីនិក មន្ទីរពេទ្យ និងឱសថស្ថាននានាទូទាំងប្រទេស។

តាមរយៈការភ្ជាប់ QR API របស់ ABA នៅលើអេក្រង់ម៉ាស៊ីនគិតលុយ និង លើវិក្កយបត្ររបស់ គ្លីនិក មន្ទីរពេទ្យ និងឱសថស្ថាននានា អតិថិជននឹងទទួលបានបទពិសោធទូទាត់កាន់តែរលូនស្រួល ខណៈដែលដៃគូជា គ្លីនិក មន្ទីរពេទ្យ និងឱសថស្ថាននានា ទទួលបានប្រសិទ្ធភាពប្រតិបត្តិការកាន់តែប្រសើរ និងសុវត្ថិភាពពង្រឹងបន្ថែមកាន់តែរឹងមាំ។

កាលពីថ្ងៃទី 25 ខែមិថុនា ឆ្នាំ 2025 កន្លងទៅនេះ ពិធីចុះហត្ថលេខា ត្រូវបានធ្វើឡើងនៅការិយាល័យកណ្តាលធនាគារ ABA ដោយមានការអញ្ជើញចូលរួមពីលោក Zhiger Atchabarov អគ្គនាយករងប្រតិបត្តិ និងជានាយកប្រតិបត្តិការ នៃធនាគារ ABA និងលោកស្រី ប៉ុង លីមសាន នាយិកាប្រតិបត្តិ និងស្ថាបនិក នៃក្រុមហ៊ុនពេទ្យយើង ព្រមទាំងក្រុមការងាររបស់ស្ថាប័នទាំងពីរផងដែរ។

លោក Zhiger Atchabarov មានប្រសាសន៍ថា “ក្នុងនាមជាគ្រឹះស្ថានផ្តល់សេវាហិរញ្ញវត្ថុឌីជីថលឈានមុខ យើងខ្ញុំនៅធនាគារ ABA មានមោទនភាពយ៉ាងក្រៃលែងក្នុងការបន្តពង្រីកសេវាកម្មរបស់យើងខ្ញុំ ទៅកាន់វិស័យសុខាភិបាល។ យើងខ្ញុំ ជឿជាក់យ៉ាងមុតមាំថា តាមរយៈភាពជាដៃគូ ប្រព័ន្ធបច្ចេកវិទ្យា និងចក្ខុវិស័យរួមគ្នានេះ យើងនឹងអាចបង្កើតគុណតម្លៃរយៈពេលវែង សម្រាប់ស្ថាប័នទាំងពីរ និងសហគមដែលយើងបម្រើសេវាជូន។”

លោកស្រី ប៉ុង លីមសាន ក៏មានប្រសាសន៍ផងដែរថា “កិច្ចសហការជាមួយ ABA គឺជាជំហានដ៏សំខាន់មួយចំពោះវឌ្ឍនភាពឌីជីថលក្នុងវិស័យសុខាភិបាលរបស់ប្រទេសកម្ពុជា ដោយធ្វើឲ្យការទូទាត់សេវាសុខាភិបាល កាន់តែងាយស្រួល និងមានប្រសិទ្ធភាពសម្រាប់គ្រប់គ្នា។ ប្រតិបត្តិករសេវាសុខាភិបាល នឹងអស់បារម្ភចំពោះបញ្ហាទូទាត់ខុស ឬច្រឡំ នាំឲ្យមានការខាតបង់ប្រាក់ចំណូល ខណៈអ្នកទទួលសេវា អាចទូទាត់បែបឌីជីថលយ៉ាងរលូន។”

សម្រាប់ជំហានតទៅមុខ ធនាគារ ABA និងក្រុមហ៊ុនពេទ្យយើង នឹងប្តេជ្ញាបន្តពង្រឹងការតភ្ជាប់នៃមធ្យោបាយទូទាត់ឌីជីថល និងសេវាសុខាភិបាលនៅកម្ពុជា ដោយបន្តផ្តល់ភាពងាយស្រួលបន្ថែម សម្រាប់សម្រាប់ទាំងដៃគូផ្តល់សេវាសុខាភិបាល និងអ្នកទទួលសេវា។

អំពី ABA៖

ABA គឺជាធនាគារពាណិជ្ជធំជាងគេនៅកម្ពុជា គិតលើទ្រព្យសកម្មសរុប ប្រាក់បញ្ញើ និងប្រាក់កម្ចី យោងតាមរបាយការណ៍ត្រួតពិនិត្យរបស់ធនាគារជាតិនៃកម្ពុជាឆ្នាំ 2021-2024 ។ ធនាគារ ABA មាន 101 សាខា, ទីតាំងស្វ័យសេវា ABA 24/7 ចំនួន 45 កន្លែង, ម៉ាស៊ីនស្វ័យសេវាជាង 1,800 នៅទូទាំងប្រទេស, សេវាធនាគារអនឡាញ និងកម្មវិធីធនាគារតាមទូរស័ព្ទដ៏ទំនើប អនុញ្ញាតឲ្យអតិថិជនជាង 5 លាននាក់ ប្រើប្រាស់សេវាហិរញ្ញវត្ថុដ៏ទំនើបសម្បូរបែបនេះ ។

អំពី ពេទ្យយើង

ពេទ្យយើង ជាក្រុមហ៊ុនបច្ចេកវិទ្យាសុខាភិបាលឌីជីថលឈានមុខនៅកម្ពុជា ដោយមានបម្រើសេវាជូន អ្នកផ្តល់សេវាសុខាភិបាល និងអប់រំ ជាង 400 ស្ថាប័ន នៅទូទាំងប្រទេស។ យើងមានបេសកកម្មចម្បង ពោលគឺការធ្វើឌីជីថលូបនីយកម្មរំហូរការងារសុខាភិបាល, ពង្រឹងការថែទាំអ្នកជំងឺ និងភ្ជាប់ប្រព័ន្ធជាមួយផ្លែតហ្វមដែលមានសុវត្ថិភាព អន្តរប្រតិបត្តិការ និងងាយស្រួលប្រើប្រាស់។

ដោយ ៖ គីម ណារ៉ាក់