គម្រោងប្រព័ន្ធធារាសាស្រ្តថ្មី២នេះ នឹងបម្រើដល់វិស័យកសិកម្មក្នុងខេត្តកំពង់ធំ យ៉ាងធំធេង
- 2024-05-17 03:56:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គម្រោងប្រព័ន្ធធារាសាស្រ្តថ្មី២នេះ នឹងបម្រើដល់វិស័យកសិកម្មក្នុងខេត្តកំពង់ធំ យ៉ាងធំធេង
ចន្លោះមិនឃើញ
ខេត្តកំពង់ធំ នឹងមានប្រព័ន្ធធារាស្រ្តថ្មីចំនួន២ ដែលនឹងបម្រើដល់វិស័យកសិកម្មក្នុងខេត្តយ៉ាងធំធេង គឺប្រព័ន្ធធារាសាស្រ្តទំនប់កំពង់គោ និង អាងទឹកដងកាំបិត។
១. ទំនប់កំពង់គោ មានចំងាយប្រមាណ ១៥គីឡូម៉ែត្រ ពីទីរួមខេត្តកំពង់ធំ ផ្នែកខាងក្រោមតាមបណ្តោយស្ទឹងសែន ស្ថិតនៅក្នុងភូមិកំពង់គោលើ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
គម្រោងសាងសង់ប្រព័ន្ធធារាសាស្ត្រទំនប់កំពង់គោនេះ គ្របដណ្ដប់ក្នុងក្រុង-ស្រុកចំនួន៥ នៃខេត្តកំពង់ធំ ដែលរួមមាន ក្រុងស្ទឹងសែន ស្រុកកំពង់ស្វាយ ស្រុកសន្ទុក ស្រុកប្រាសាទបល្ល័ង្គ និងស្រុកសណ្តាន់ និងមានសក្តានុពលស្រោចស្រពលើផ្ទៃដីបង្កបង្កើនផល ប្រមាណ ៣០០ ០០០ ហិកតា រួមមានដំណាំស្រូវ និងដំណាំរួមផ្សំគ្រប់ប្រភេទ ព្រមទាំងបម្រើដល់ការប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ។
ការងារសំខាន់ៗ នៃគម្រោងសាងសង់ប្រព័ន្ធធារាសាស្ត្រទំនប់កំពង់គោ រួមមាន សំណង់កាត់ស្ទឹងសែនប្រវែង ២៨០ម៉ែត្រ សំណង់សិល្បការ្យតូចធំចំនួន ១២០កន្លែង ស្តារស្ទឹងស្លាប់ ២៥គីឡូម៉ែត្រ សាងសង់ទំនប់សណ្តស្ទឹងសែន ៣០គីឡូម៉ែត្រ និងរៀបថ្មជើងទេរច្រាំងស្ទឹង ៥គីឡូម៉ែត្រ។
២. គម្រោងអភិវឌ្ឍន៍អាងទឹកដងកាំបិត ស្ថិតក្នុងភូមិស្រែខ្សាច់ ឃុំដងកាំបិត ស្រុកសណ្តាន់ ខេត្តកំពង់ធំ ត្រូវបានបើកការដ្ឋានសាងសង់ហើយ នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤។ គម្រោងនេះទទួលបានហិរញ្ញប្បទានសម្បទានពីធនាគារ អាហរ័ណ នីហរ័ណចិន (EXIMBANK) តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា។
គម្រោងអភិវឌ្ឍន៍អាងទឹកដងកាំបិតត្រូវប្រើរយៈពេល ៤៨ខែ ដើម្បីសាងសង់ ដោយគិតចាប់ពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣។ ក្នុងនោះមានការសាងសង់ខ្នងទំនប់សរុបប្រវែង ២ ៦៨០ម៉ែត្រ ដែលរួមមានទំនប់ដីខាងឆ្វេងប្រវែង ១ ១៣៦ម៉ែត្រ ទំនប់បង្ហៀរទឹកប្រវែង ៣០៦ម៉ែត្រ ទំនប់បេតុងប្រវែង ៥០ម៉ែត្រ និងទំនប់ដីខាងស្តាំប្រវែង ១ ១៨៨ម៉ែត្រ ខ្នងទំនប់មានកម្ពស់ ៤០ម៉ែត្រធៀបនឹងនីវ៉ូទឹកសមុទ្រ។
ក្រោយការសាងសង់រួចប្រជាកសិករចំនួន ២៥ ០០០គ្រួសារ ស្មើនឹង ៨៥ ៣០០នាក់ ក្នុងស្រុកបារាយណ៍ ស្រុកសណ្តាន់ ស្រុកសន្ទុក ស្រុកស្ទោង ស្រុកកំពង់ស្វាយ និងស្រុកប្រាសាទសំបូរ នៃខេត្តកំពង់ធំនឹងបានទទួលផលពីការអភិវឌ្ឍអាងនេះ៕