Xavi អាច​នឹង​ត្រូវ​បាន​បញ្ចប់​ពី​តំណែង

  • 2024-05-17 12:37:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Xavi អាច​នឹង​ត្រូវ​បាន​បញ្ចប់​ពី​មុខ​តំណែង​ជា​គ្រូ​បង្វឹក​ក្លឹប​អ្នក​មាន​បុណ្យ Barcelona។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Goal។

ដំណឺង​ដ៏​ភ្ញាក់​ផ្អើល​នេះ កើត​ឡើង​ក្រោយ​ពេល​ជាង ១ ខែ​ប៉ុណ្ណោះ ដែល​ទាំង​ភាគី​ក្លឹប​អ្នក​មាន​បុណ្យ និង​លោក Xavi បាន​ឯកភាព​គ្នា​ថា គ្រូ​បង្វឹក​សញ្ជាតិ​អេស្ប៉ាញ​រូប​នេះ​នឹង​បន្ត​ដឹកនាំ​ក្លឹប​រហូត​ដល់​ឆ្នាំ ២០២៥។

យោង​តាម​របាយការណ៍​ចុង​ក្រោយ​ បាន​ឲ្យ​ដឹង​ថា ថ្នាក់​ដឹកនាំ​ក្លឹប​ Barca ជា​ពិសេស​​ពី​សំណាក់​ប្រធាន​ក្លឹប​លោក Joan Laporta មិន​សប្បាយ​ចិត្ត​នឹង​ការ​លើក​ឡើង​មួយ​ចំនួន​របស់ Xavi កាល​ពី​ពេល​ថ្មី​ៗ​នេះ ទាក់​ទង​នឹង​សមត្ថភាព​ហិរញ្ញវត្ថុ​របស់​ក្លឹប​អ្នក​មាន​បុណ្យ។ នា​ពេល​នោះ អ្នក​សារព័ត៌មាន​បាន​សួរ​ Xavi អំពី​ចំណាប់​អារម្មណ៍​របស់​លោក​ទាក់​ទង​នឹង​ភាព​ប្រកួត​ប្រជែង​របស់ Barca នា​ពេល​អនាគត។ គ្រូ​បង្វឹក​រូប​នេះ​ឆ្លើយ​តប​ថា លោក​នឹង​ខិតខំ​ឲ្យ​អស់​ពី​សមត្ថភាព​ក្នុង​ការ​ដឹកនាំ​ Barcelona ដើម្បី​ប្រជែង​ពាន​ធំៗ​ទាំង​អស់។ ទោះ​ជា​យ៉ាង​ណា Barcelona នៅ​ពេល​នេះ មិន​មែន​ដូច Barcelona ២៥ ឆ្នាំ​មុន​ឡើយ ដោយ​ឥឡូវ​ក្លឹប​មិន​មាន​លទ្ធភាព​ និង​ធនធាន​គ្រប់​គ្រាន់​ក្នុង​ផ្ទេរ​ចូល​កីឡាករ​ដែល​ល្អៗ​ស្រេច​នឹង​ចិត្ត​នោះ​ទេ។ ការណ៍​នេះ​បង្ក​ជា​បញ្ហា​ដ៏​ធំ​មួយ​ដែល​ប៉ះពាល់​កម្រិត​សមត្ថភាព​ និង​ភាព​ប្រកួតប្រជែង​របស់​ក្លឹប បើ​ធៀប​នឹង​ក្លឹប​អ្នក​មាន​ៗ​ដទៃ​ទៀត​នៅ​អឺរ៉ុប។ នេះ​បើ​តាម​ការ​លើក​ឡើង​បន្ថែម​របស់ Xavi។

ក្រោយ​និយាយ​បែប​នេះ ថ្នាក់​ដឹកនាំ​របស់ Barca ត្រូវ​បាន​រាយការណ៍​ថា មិន​សប្បាយ​ចិត្ត​យ៉ាង​ខ្លាំង​នឹង​ពាក្យ​សម្ដី​ទាំង​អស់​នេះ រហូត​ដល់​កោះ​ប្រជុំ​ដើម្បី​ពិភាក្សា​គ្នា​អំពី​អនាគត​របស់ Xavi។ បើ​តាម​ពាក្យ​ចចាមអារ៉ាម​មួយ​ចំនួន ថ្នាក់​ដឹកនាំ​របស់ Barca អាច​នឹង​មាន​ភាគ​រយ​ខ្ពស់​ក្នុង​ការ​បញ្ចប់​ការងារ​របស់ Xavi ពី​តំណែង​គ្រូ​បង្វឹក​ក្លឹប។ ទោះ​ជា​យ៉ាង​ណា គិត​មក​ទល់​ពេល​នេះ មិន​ទាន់​មាន​ការ​សម្រេច​ជា​ផ្លូវ​ការ​ណា​មួយ​នៅ​ឡើយ​ទេ​ពី​សំណាក់​ក្លឹប​អ្នក​មាន​បុណ្យ។

នៅ​ពេល​ជា​កីឡាករ​អាជីព Xavi គឺ​ជា​វីរបុរស​របស់​ក្លឹប Barcelona ដោយ​បាន​ចំណាយ​ពេល​ជិត ២០ ឆ្នាំ​លេង​ឲ្យ​ក្លឹប​មួយ​នេះ។ ក្រោយ​ចូល​និវត្តន៍ ហើយ​ប្រែ​ក្លាយ​ខ្លួន​ជា​គ្រូ​បង្វឹក Xavi ក៏​បាន​មក​ដឹកនាំ Barca ចាប់​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០២១ មក។ គិត​មក​ទល់​ពេល​នេះ​ លោក​ដឹកនាំ​ក្លឹប​សរុប ១៤១ ប្រកួត ឈ្នះ ៨៨ ដង ស្មើ ២៤ លើក និង​ចាញ់ ២៩ ប្រកួត ហើយ​ជួយ​ក្លឹប​ឲ្យ​ឈ្នះ​ពាន​លីគ​កំពូល​អេស្ប៉ាញ​រដូវ​កាល ២០២២/២០២៣ និង​ពាន Supercopa de Espana ២០២២/២០២៣។

ទោះ​ជា​យ៉ាង​ណា ទំនាក់ទំនង​របស់ Xavi និង​ថ្នាក់​ដឹកនាំ​ក្លឹប​ Barca មិន​សូវ​មាន​សភាព​ល្អ​ទេ​មួយ​រយៈ​ចុង​ក្រោយ​នេះ ដោយ​បញ្ហា​មួយ​ចំនួន ដូច​ជា​បញ្ហា​កង្វះ​ការ​គាំ​ទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ក្នុង​ការ​ផ្ទេរ​ចូល​កីឡាករ​ល្អៗ​ដែល​គ្រូ​បង្វឹក​រូប​នេះ​ចង់​បាន។ ទំនាក់ទំនង​មិន​សូវ​ល្អ​នេះ ត្រូវ​បាន​វិភាគ​ថា ជា​កត្តា​មួយ​ដែល​រុញ​ឲ្យ Xavi ប្រកាស​ចែក​ផ្លូវ​ជាមួយ​ Barca នៅ​ចប់​រដូវ​កាល​នេះ កាល​ពី​ខែ​មករា​កន្លង​ទៅ។ ទោះ​ជា​យ៉ាង​ណា ក្រោយ​ការ​ជជែក និង​ចរចា​គ្នា​រវាង Xavi និង​ថ្នាក់​ដឹកនាំ​ក្លឹប​អស់​ជា​ច្រើន​ខែ​មក ក៏​Xavi ជាង​មួយ​ខែ​មុន បាន​ព្រម​បន្ត​ដឹកនាំ​ Barca រហូត​ដល់​ចប់​រដូវ​កាល​ ២០២៤/២០២៥។ ទោះ​ជា​យ៉ាង​នេះ ជា​មួយ​នឹង​ការ​វិវត្តន៍​ថ្មី​ចុង​ក្រោយ​នេះ Xavi និង Barca អាច​នឹង​ចែក​ផ្លូវ​គ្នា​នា​ពេល​ឆាប់​ៗ​ខាង​មុខ៕

ប្រភព៖ Goal   អត្ថបទ៖ សេរី មង្គល