វត្ដមានរោងចក្រផ្គុំ និងដំឡើងរថយន្តតូយ៉ូតា ប្ដេជ្ញា​អភិវឌ្ឍសេដ្ឋកិច្ច និងធនធានមនុស្ស​នៅ​កម្ពុជា

  • 2024-05-03 02:28:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទើប​ប្រារព្ធ​ខួប​លើក​ទី ៧០ឆ្នាំ នៃ​ទំនាក់ទំនង​កម្ពុជា-ជប៉ុន និង​ខួប​លើក​ទី៣០ នៃ​ការ​ចាប់​ផ្ដើម​ធុរកិច្ច​របស់​ជប៉ុន​នៅ​កម្ពុជា​កាល​ពី​ចុង​ឆ្នាំ​២០២៣ ឥឡូវ​នៅ​ដើម​ឆ្នាំ​២០២៤ នេះ វត្ដមាន​រោងចក្រ​ផ្គុំ និងដំឡើង​រថយន្ដ​តូយ៉ូតា ត្រូវ​បាន​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​នៅ​ព្រឹក​ថ្ងៃ​ទី២ ខែឧសភា។ នេះ គឺ​ជា​គម្រោង​វិនិយោគ​ដ៏​ធំ និង​ថ្មី​មួយ​ទៀត ក្នុង​ចំណោម​គម្រោង​វិនិយោគ នៃ​វិស័យ​ឯកជន​របស់​ជប៉ុន​នៅ​ក្នុង​ប្រទេស​កម្ពុជា ក្រោម​ការ​សម្របសម្រួល​របស់​រដ្ឋាភិបាល។

វត្ដមាន​របស់​ក្រុមហ៊ុន Toyota Tsusho Manufacturing Cambodia បាន​ប្ដេជ្ញា​ចិត្ដ​ថា​នឹង​រួម​ចំណែក​ជាមួយ​កម្ពុជា ដើម្បីអភិវឌ្ឍ​ធនធាន​មនុស្ស សេដ្ឋកិច្ចជាតិ តាម​រយៈ​ការ​បង្កើន​ការ​អភិវឌ្ឍន៍​ឧស្សាហកម្ម​យានយន្ដ។ ជាក់​ស្ដែង​ក្នុង​ចង្វាក់​ផលិតកម្ម​ផ្គុំ និង​ដំឡើង​រថយន្ដ​ដែល​ក្រុមហ៊ុន​បាន​បោះ​ទុន​វិនិយោគ​សរុប ៣៦,៨លាន​ដុល្លារ​នេះ នឹង​ប្រើ​បុគ្គលិកជំនាញ​ចំនួន ១៥០​នាក់ ដោយ​ដាក់​ទិសដៅ​ផលិត​រថយន្ដ​ឲ្យ​បាន ១,៣០០​គ្រឿង ក្នុង​ឆ្នាំ​២០២៤។

ថ្លែង​ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី នៃ​ពិធី​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​រោងចក្រ​ផ្គុំ និង​ដំឡើង​រថយន្ដ​នេះ សម្ដេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃ​ព្រះរាជាណាចក្រកម្ពុជា មាន​ប្រសាសន៍​ថា វត្ដមាន​ក្រុមហ៊ុន​ដ៏ល្បី​របស់​ជប៉ុន​នៅ​កម្ពុជា​នៅ​ពេល​នេះ គឺ​ជា​បង្ហាញ​ពី​ទំនុក​ចិត្ដ និង​ពេញ​ចិត្ដ​នឹង​បរិយាកាស​វិនិយោគ​នៅ​កម្ពុជា។ តាម​រយៈ​ការ​វិនិយោគ​មួយ​នេះ សម្ដេច​ជឿ​ថា​នឹង​មាន​ក្រុមហ៊ុន​ធំៗ​ផ្សេង​ទៀត ចាប់​អារម្មណ៍ និង​ចង់​ចូល​មក​វិនិយោគ​នៅ​កម្ពុជា ហើយ​សម្ដេច​នៅ​តែ​បន្ដ​ធ្វើ​ជា​សម្របសម្រួល ឬ​ទាក់ម៉ូយ​អ្នក​វិនិយោគ​ល្អៗ​ដោយ​ផ្ទាល់។

ទន្ទឹម​គ្នា​នេះ​សម្ដេច​ក៏​បញ្ជាក់​ថា កម្លាំង​ពលកម្ម​របស់​ខ្មែរ ជា​ពិសេស​សិស្ស​ទើប​បញ្ចប់​ការ​សិក្សា​លើ​ជំនាញ​អេឡិចត្រូនិក អាច​នឹង​ចូល​មក​រោងចក្រ​នេះ ដើម្បី​ធ្វើ​ការ ឬ​ហាត់ការ​ដោយ​ផ្ទាល់ ដោយ​មិន​មែន​តែ​ចំណេះដឹង ឬ​អក្សរ​នៅ​លើ​សៀវភៅ​ទៀត​នោះ​ទេ។

នាយកប្រតិបត្តិ ក្រុមហ៊ុន Toyota Tsusho Corporation លោក Ichiro Kashitani មាន​ប្រសាសន៍​ថា ការចាប់ផ្តើមសាងសង់រោងចក្រផ្គុំ និងដំឡើងរថយន្ត គឺជាការចាប់ផ្តើមនូវសមិទ្ធផលថ្មី ក្នុងប្រវត្តិសាស្ត្រ អស់រយៈពេល ៣០ ឆ្នាំមកហើយ របស់ក្រុមហ៊ុនតូយ៉ូតា ក្នុងព្រះរាជាណាចក្រកម្ពុជា។ Toyota Tsusho នឹងបន្តជំរុញធុរកិច្ចរបស់កម្ពុជា ក្នុងគោលបំណងចូលរួមចែករំលែកនូវសុភមង្គល ទៅដល់ប្រជាជនកម្ពុជា ដោយសម្រេចឱ្យបាននូវ អព្យាក្រឹត្រកាបូន និងលើកស្ទួយធនធានមនុស្ស។

ទីផ្សារយានយន្តនៅកម្ពុជា ត្រូវបានរំពឹងថា នឹងបន្តរីកចម្រើនឥតឈប់ឈរ ស្របទៅតាមកំណើនសេដ្ឋកិច្ចក្នុងប្រទេស។ តាមរយៈការបង្កើតរោងចក្រផ្គុំ និងដំឡើងយានយន្ត ក្រុមហ៊ុននឹងបន្តចូលរួមលើកស្ទួយសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គម តាមរយៈការអភិវឌ្ឍន៍ឧស្សាហកម្មយានយន្ត ដោយចូលរួមធ្វើការយ៉ាងស៊ីជម្រៅ ក្នុងខ្សែចង្វាក់ផលិតកម្មប្រកបដោយគុណតម្លៃ ការបង្កើតការងារ និងការអភិវឌ្ឍន៍ធនធានមនុស្ស៕

ជិន សុភ័ក្ដ្រ

អត្ថបទថ្មី