ដឹង​ថា ម៉េច​បាន​ខ្សែ​ការពារ​ថ្លៃ​បំផុត Van Dijk ជ្រើស​យក​ Liverpool?

  • 2018-01-12 11:46:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ការពារ​ Virgil van Dijk ក្នុង​ថ្ងៃ​នេះ​ បាន​បង្ហើប​ពី​មូល​ហេតុ​ដែល​ខ្លួន​សុខ​ចិត្ត​មក​ចូល​រួម​ជា​មួយ​ក្លឹប​ហង្ស​ក្រហម​ Liverpool។

ពេល​សួរ​ថា​ម៉េច​បាន​ជា​សម្រេច​ចិត្ត​មក​ចូល​រួម​ជាមួយ Liverpool ខ្សែ​ការពារ​សញ្ជាតិ​ហុល្លង់​រូប​នេះ បាន​ឆ្លើយ​ប្រាប់​សារព័ត៌មាន Sky Sports ថា៖ "ខ្ញុំ​គិត​ថា ក្លឹប Liverpool ជា​ក្លឹប​ដ៏​អស្ចារ្យ ទាំង​ទំហំ​ក្លឹប អ្នក​គាំទ្រ កីឡាករ និង​អ្នក​ចាត់​ការ"។ Van Dijk បាន​បន្ត៖ "បរិយាកាស​នៃ​ការ​គាំទ្រ​ក្នុង​ការ​ប្រកួត​នៅ​កីឡដ្ឋាន​ Anfield គឺ​ពិត​ជា​អស្ចារ្យ​សម្បើម​ណាស់។ ខ្ញុំ​ពិត​ជា​សប្បាយ​ចិត្ត​ណាស់​ដែល​បាន​លេង​ឲ្យ​ក្លឹប​មួយ​នេះ"។

សូម​បញ្ជាក់​ផង​ដែរ​ថា កីឡាករ​ Van Dijk បាន​ចាក​ចេញ​ពី​ក្លឹប Southampton មក​ចូល​រួម​ជា​ផ្លូវ​ការ​ជាមួយ Liverpool កាល​ពី​ដើម​ខែ​មករា​កន្លង​ទៅ​នេះ ក្នុង​តម្លៃ​ផ្ទេរ​រហូត​ដល់​ទៅ ៧៥​លាន​ផោន ដែល​នេះ​បាន​ធ្វើ​ឲ្យ​កីឡាករ​សញ្ជាតិ​ហុល្លង់ ក្លាយ​ជា​ខ្សែ​ការពារ​ថ្លៃ​ជាង​គេ​បំផុត​ក្នុង​កំណត់​ត្រា​បាល់ទាត់។

គួរ​រំលឹក​ផង​ដែរ​ថា កាល​ពី​ពេល​កន្លង​ទៅ មាន​ពាក្យ​ល្ហេចល្ហៀង​ជា​ច្រើន​ដែល​ថា មិន​មែន​មាន​តែ Liverpool មួយ​ទេ​ដែល​តាម​ទិញ​ខ្សែ​ការពារ​រូប​នេះ។ របាយការណ៍​ជា​ច្រើន​បាន​អះអាង​ថា ក្លឹប Chelsea បាន​ដុត​ដៃ​ដុត​ជើង​ក្នុង​ការ​នាំ​ Van Dijk មក​លេង​នៅ​កីឡដ្ឋាន Stamford Bridge។ អ្នក​ចាត់​ការ​ក្លឹប​តោ​ខៀវ Antonio Conte កាល​ពី​ពេល​ថ្មីៗ​នេះ​ហ៊ាន​ទាំង​សារភាព​ទៀត​ថា លោក​ធ្លាប់​ចង់​បាន​ Van Dijk ពិត​មែន។ ពាក្យ​ចចាមអារ៉ាម​ផ្សេង​ទៀត​ ក៏​បាន​គូស​បញ្ជាក់​ទៀត​ថា Manchester City កន្លង​មក​ធ្លាប់​ខំ​យ៉ាង​ស​ស្រាក់​សស្រាំ​ក្នុង​ការ​ទិញ​ខ្សែ​ការពារ​រូប​នេះ។ ទោះ​ជា​យ៉ាង​ណា លោក Pep Guardiola កាល​ពី​ចុង​ខែ​ធ្នូ​ បាន​បដិសេធ​ពាក្យ​នេះ៕

ប្រភព៖ Metro   ប្រែ​សម្រួល៖ ហ៊ីម រស្មី