ថ្លែង​ពី​ការ​មក​ដល់​របស់ Coutinho កីឡាករ Iniesta ថា៖ គ្មាន​នរណា​​អាច​ទាត់​ខ្ញុំ​​ចេញ​ពី​ក្រុមឡើយ

  • 2018-01-12 13:41:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ខ្សែ​បម្រើ​ប្រយុទ្ធ Philippe Coutinho បាន​ក្លាយ​ជា​កីឡាករ​ Barcelona ជា​ផ្លូវ​ការ កាល​ពី​ដើម​សប្ដាហ៍​នេះ មតិ​ក្នុង​ពិភព​បាល់ទាត់​ជា​ច្រើន​បាន​មើល​ឃើញ​ថា កីឡាករ​ប្រេស៊ីល​ត្រូវ​បាន​ក្លឹប​ទិញ ក្នុង​គោលដៅ​ធ្វើ​ការ​ជំនួស​ខ្សែ​បម្រើ Andres Iniesta ដែល​មាន​វ័យ​កាន់​តែ​ជ្រេ​ទៅ​ហើយ។ ទោះ​ជា​យ៉ាង​ណា Iniesta បាន​ចេញ​មុខ​ទាត់​ចោល​មតិ​ហ្នឹង​ ក្នុង​ថ្ងៃ​នេះ។

Coutinho និង Iniesta (រូប Instagram របស់ Iniesta)

ខ្សែ​បម្រើ​វ័យ ៣៣​ឆ្នាំ Iniesta បាន​ថ្លែង​ប្រាប់​សារព័ត៌មាន Onda Cero ថា៖ "ខ្ញុំ​គឺ​ជា​កីឡាករ​មួយ​រូប​របស់​ក្លឹប​ Barcelona ហើយ​មាន​តែ​កីឡាករ​ដែល​ល្អ​ប៉ុណ្ណោះ​ដែល​លេង​ឲ្យ​ក្លឹប​មួយ​នេះ។ ដោយ​សារ​ហេតុ​ផល​នេះ​ហើយ​ ដែល​ធ្វើឲ្យ Coutinho ជា​កីឡាករ​មួយ​ដ៏​ពិសេស។ គេ​នៅ​ក្មេង មាន​ទេព​កោសល្យ​ខ្ពស់ ហើយ​ Barcelona គឺ​ជា​ក្លឹប​ដែល​អាច​ធ្វើ​ឲ្យ​គេ​កាន់​តែ​ល្អ​ជាង​នេះ​ទៅ​ទៀត"។

ទោះ​ជា​យ៉ាង​ណា ខ្សែ​បម្រើ​អេស្ប៉ាញ​បាន​និយាយ​សង្កត់​ធ្ងន់​ថា៖ "ខ្ញុំ​ចង់​បញ្ជាក់​ឲ្យ​បាន​ច្បាស់​ថា នឹង​មិន​មាន​កីឡាករ​រូប​ណា ដែល​អាច​ធ្វើ​ឲ្យ​ខ្ញុំ​ចូល​និវត្តន៍​ ឬ​ទាត់​ខ្ញុំ​ចេញ​ពី​ក្រុម​ឡើយ។ ខ្ញុំ​ទើប​តែ​មាន​វ័យ ៣៣​ឆ្នាំ​ប៉ុណ្ណោះ វា​មិន​មែន​ជា​បញ្ហា​ធ្ងន់ធ្ងរ​នោះ​ទេ​រឿង​អាយុ​នោះ។ Coutinho មក​នេះ​ដើម្បី​ធ្វើ​ឲ្យ​ក្រុម​លេង​កាន់​តែ​ល្អ មិន​មែន​មក​ជំនួស​នរណា​នោះ​ទេ"។

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី