ទៅ​លេង​សិង្ហបុរី​លើក​ដំបូង​ ឃើញ​ទិដ្ឋភាព​នេះ​ តិច​ច្រឡំ​ធំ​

  • 2018-01-15 03:03:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធ្វើ​ដំណើរ​ចេញ​ពី​ព្រលាន​យន្តហោះ​​អន្តរជាតិ​ Changi ​ចូល​ទៅ​កាន់​ទីក្រុង​​សិង្ហបុរី នៅ​តាម​ដង​ផ្លូវ​អ្នក​នឹង​សង្កេត​ឃើញ​កង់​ជា​ច្រើន​គ្រឿង​ចត​ចោល​ឥត​សណ្ដាប់​ធ្នាប់​​សឹង​គ្រប់​ទី​កន្លែង។ អ្នក​មិន​ដឹង​ប្រហែល​អាច​នឹង​​គិត​ថា​ជា​កង់​ដែល​គេ​បោះ​ចោល​ គ្មាន​ម្ចាស់។

ប៉ុន្តែ​ជាក់​ស្ដែង​ទៅ​ កង់​ដែល​ចត​ចោល​ទាំង​នោះ​ជា​កង់​សម្រាប់​ឲ្យ​ប្រជាពលរដ្ឋ​ជួល​ជិះ​​ទៅ​វិញ​ទេ ដែល​វា​ជា​សេវាកម្ម​មួយ​របស់​ក្រុមហ៊ុន​ Ofo។ ដើម្បី​អាច​យក​​ជួល​កង់​ជិះ​បាន​ គ្រាន់​តែ​បើក​កម្មវិធី​​ដើម្បី​ស្វែង​រក​កង់​ដែល​នៅ​ក្បែរ​ រួច​ស្កេន​ Barcode នៅ​លើ​កង់​ដើម្បី​ដោះ​សោ នោះ​ជា​ការ​ស្រេច។

នៅ​ពេល​​ដែល​ធ្វើ​ដំណើរ​ដោយ​ជិះ​កង់​នេះ​ដល់​គោល​ដៅ​ហើយ​ អ្នក​អាច​ចត​កង់​នៅ​កន្លែង​ណា​ក៏​បាន​ឲ្យ​តែ​ត្រឹម​ត្រូវ​តាម​ច្បាប់​ រួច​ចាក់​សោ​កង់​ដើម្បី​បញ្ចប់​ការ​ប្រើ​ប្រាស់​សេវាកម្ម។ សេវាកម្ម​របស់​ក្រុមហ៊ុន​ Ofo មួយ​នេះ​ គិត​កម្រៃ​មួយ​ម៉ោង​ ១ ដុល្លារ​សិង្ហបុរី។

សេវាកម្ម​ជួល​កង់​ជិះ​នេះ​ ទើប​មាន​វត្តមាន​នៅ​ក្នុង​ប្រទេស​សិង្ហបុរី​​នៅ​ចុង​ឆ្នាំ​ ២០១៧ កន្លង​ទៅ​ ហើយ​ក៏​មាន​វត្តមាន​នៅ​ប្រទេស​ជា​ច្រើន​ទៀត​ដូច​ជា​សហរដ្ឋអាមេរិក, ចក្រភព​អង់គ្លេស, អូស្រ្តាលី, ជប៉ុន, ថៃ, ម៉ាឡេស៊ី, ចិន, រុស្សី និង​អ៊ីតាលី​ជា​ដើម។

ក្រៅ​ពី​ក្រុមហ៊ុន​ Ofo ក៏​មាន​ក្រុមហ៊ុន​ពីរ​ទៀត​មាន​បម្រើ​សេវាកម្ម​ជួល​កង់​​នេះ​នៅ​សិង្ហបុរី​ គឺ​ oBike និង Mobike ដែល​មាន​តម្លៃ​ប្រកួត​ប្រជែង​គ្នា៕

អត្ថបទ៖ សុខហេង