សៅ​ វណ្ណា​ សង្ឃឹម​មាន​កេរ្តិ៍ឈ្មោះ​ល្បី​ ក្រោយ​ឈ្នះ​ពាន​រង្វាន់​ TV5​ ថ្មីៗ​នេះ

  • 2018-01-16 02:07:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​ស្រករ​ក្រោយ​ សៅ​ វណ្ណា​ សង្ឃឹម​មាន​កេរ្តិ៍ឈ្មោះ​ល្បី​ដូច​កីឡាករ​គុន​ខ្មែរ​ដទៃ​ទៀត​ ក្រោយ​ឈ្នះ​ជើង​ឯក​ពាន​រង្វាន់​ TV5 Knock Out Series By Kcement​ កាល​ពី​ថ្ងៃសៅរ៍​កន្លង​ទៅ​នេះ។​

កីឡាករ​ សៅ​ វណ្ណា​(ខៀវ)​ អ៊ុំ​ វណ្ណេត​(ក្រហម)

សៅ​ វណ្ណា​ បាន​ឲ្យ​ដឹង​ថា​ សប្បាយ​រីករាយ​ជា​ខ្លាំង​បន្ទាប់​ពី​អាច​យក​ឈ្នះ​រៀមច្បង​ អ៊ុំ​ វណ្ណេត​ ព្រោះ​បើ​គិត​ទៅ​រូប​គេ​ជា​អ្នក​ប្រដាល់​ទើប​តែ​ប្រឡូក​ក្នុង​វិស័យ​ឈឺ​ខ្លួន​មួយ​នេះ​មិន​ទាំង​ដល់​កន្លះ​ឆ្នាំ​ស្រួលបួល​ផង​នោះ។​ សូម្បី​ការ​ឡើង​សង្វៀន​ប្រកួត​ប្រហែល​ជា​ ៣០ដង​ប៉ុណ្ណោះ​ ប៉ុន្តែ​លទ្ធផល​ល្អ​ហើយ​ឈាន​ដល់​ឈ្នះ​ពាន​លេខ​១​ទៀត​ផង។​

កីឡាករ​ សៅ​ វណ្ណា​

អ្នក​លេង​គុន​ខ្មែរ​មក​ពី​ស្រុក​ជើងព្រៃ​ខេត្ត​កំពង់ចាម​បន្ថែម​ទៀត​ថា​ ពាន​រង្វាន់​លេខ១​នេះ​ រឹតតែ​ជំរុញ​ទឹកចិត្ត​របស់​ខ្លួន​ខំប្រឹង​ ពង្រឹង​សមត្ថភាព​ហ្វឹកហាត់​ឲ្យ​បាន​ទៀងទាត់​ ហើយ​កែប្រែ​ចំណុច​ខ្វះខាត​ទាំង​ប៉ុន្មាន​ឲ្យ​ប្រសើរ​ឡើង​វិញ។​ ប្រកួត​ក្រោយ​ៗ​ទៀត​សង្ឃឹម​ថា​ មាន​ឱកាស​ឈាន​ដល់​វ៉ៃ​ជា​មួយ​បរទេស​លក្ខណៈ​មិត្តភាព​អន្តរជាតិ​ ព្រោះ​មក​ពេល​បច្ចុប្បន្ន​នេះ​មិន​ទាន់​ស្គាល់​ជាតិ​ប្រកួត​អន្តរជាតិ​នោះ​ទេ។​

កីឡាករ​ជាប់​ចំណាត់​ថ្នាក់​នាវ​គ្គ​ផ្ដាច់​ព្រ័ត្រ

សៅ​ វណ្ណា​ ប្រកួត​ចុង​ក្រោយ​យក​ឈ្នះ​កីឡាករ​រៀមច្បង​ អ៊ុំ​ វណ្ណេត​ ដោយ​ពិន្ទុ​នា​ជំនួប​វគ្គ​ផ្ដាច់​ព្រ័ត្រ​ពាន​រង្វាន់​ TV5 Knock Out Series By Kcement​ កាល​ពី​ថ្ងៃ​សៅរ៍​ ទី១៣​ មករា​ កន្លង​ទៅ​នេះ។​ សម្រាប់​ម្ចាស់​ពាន​លេខ១​ ទទួល​បាន​ប្រាក់​រង្វាន់​៤០០០​ដុល្លារ​ លេខ២​ ទឹក​ប្រាក់​២០០០​ដុល្លារ​ លេខ៣​ ទឹក​ប្រាក់​៧៥០​ដុល្លារ​ និង​លេខ៤​ ទឹក​ប្រាក់​៥០០ដុល្លារ៕​

អត្ថបទ៖ នួន ស៊ីណា​