ផលិតផល​​ចម្លង​តាម​ Apple បង្ហាញ​ខ្លួន​ព្រោងព្រាត​​នៅ​កម្មវិធី​ CES ឆ្នាំ​ ២០១៨

  • 2018-01-16 04:39:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

CES ជា​កម្មវិធី​បច្ចេកវិទ្យា​ដ៏​ធំ​មួយ​ប្រចាំ​ឆ្នាំ​ ជា​កម្មវិធី​ដែល​ក្រុមហ៊ុន​ល្បីៗ​ជា​ច្រើន​បង្ហាញ​ផលិតផល​ថ្មីៗ​របស់​ខ្លួន​ដល់​សាធារណជន។ ​ក្រៅ​ពី​ផលិតផល​ម៉ាក​ល្បី​ កម្មវិធី​ CES ក៏​មាន​វត្តមាន​ផលិតផល​ចម្លង​ម៉ូដ​ក្រុមហ៊ុន​ដទៃ​ជា​ច្រើន​ដែរ។ ជាក់​ស្ដែង​ខាង​ក្រោម​នេះ​ជា​ផលិតផល​ចម្លង​ម៉ូដ​តាម​ផលិតផល​ Apple ដែល​បង្ហាញ​ខ្លួន​ក្នុង​កម្មវិធី​ CES ៖

ចម្លង​តាម​ HomePod

អ្នក​គាំទ្រ​ Apple មិន​តិច​ទេ​រង់ចាំ​វត្តមាន​ផលិតផល​ HomePod ចេញ​លក់​ ប៉ុន្តែ​​ក្នុង​កម្មវិធី​ CES ឆ្នាំ​នេះ​មាន​​ក្រុមហ៊ុន​ជា​ច្រើន​បង្ហាញ​ចេញ​ឧបករណ៍​បំពង​សំឡេង​វៃ​ឆ្លាត​ដែល​មាន​រូបរាង​ដូច​ HomePod របស់​ Apple។ ឧបករណ៍​ទាំង​នោះ​ថែម​មាន​ប៊ូតុង​បញ្ជា​ Siri ដូច​នឹង​ HomePod ទៀត​ផង ប៉ុន្តែ​គ្រាន់​តែ​ជា​ប៊ូតុង​បំភ័ន្ត​ភ្នែក​ មិន​អាច​ប្រើ​ការ​បាន​នោះ​ទេ។

ចម្លង​តាម​កាស​ AirPods

ឧបករណ៍​នេះ​មាន​ឈ្មោះ​ថា​ BH1 Bluetooth Sports Headphones ដែល​មាន​រូបរាង​ស្រដៀង​នឹង​ AirPods របស់​ Apple ប៉ុន្តែ​មិន​អាច​ Touch ដើម្បី​ដំណើរ​ការ​មុខងារ​ Siri បាន​នោះ​ទេ។

ចម្លង​តាម​ AirPower

AirPower បង្ហាញ​ខ្លួន​ជា​មួយ​នឹង​ iPhone 8/8 Plus និង iPhone X ដែល​ជា​ដំណោះ​ស្រាយ​សម្រាប់​ការ​សាក​ថ្ម​លើ​ iPhone ជំនាន់​ថ្មី និង​អាច​សាក​ Apple Watch បាន​ទៀត​ផង។ ត្បិត​ថា​ AirPower មិន​ទាន់​ចេញ​លក់​ ប៉ុន្តែ​អតិថិជន​អាច​សាក​ល្បង​ប្រើ​ផលិតផល​ក្លែង​ក្លាយ​ដែល​បង្ហាញ​ខ្លួន​ក្នុង​កម្មវិធី​ CES បាន។

ចម្លង​តាម​ Apple Watch

នេះ​មិន​មែន​ជា​លើក​ទី​មួយ​ទេ​ដែល​ Apple Watch ត្រូវ​គេ​ចម្លង​រូបរាង​តាម​នោះ។ ប៉ុន្តែ​ក្នុង​កម្មវិធី​ CES ក្រុមហ៊ុន​ដែល​ពូកែ​ខាង​ចម្លង​បាន​បង្ហាញ​ចេញ​នាឡិកា​ឆ្លាត​វៃ​ដែល​មាន​រូបរាង​ដូច​គ្នា​នឹង​ Apple Watch ស្ទើរ​ទាំង​ស្រុង។ យ៉ាងណាក្ដី​វា​មិន​មាន​កម្មវិធី​សម្បូរ​បែប​ដូច​ជា​ផលិតផល​ពិត​នោះ​ទេ។

ប៊ូតុង​ Home សម្រាប់​ iPhone X

នេះ​មិន​មែន​ជា​ផលិតផល​ដែល​ផលិត​ដោយ​ចម្លង​តាម​រូបរាង​ផលិតផល​ Apple នោះ​ទេ។ ផ្ទុយ​ទៅវិញ​វា​ជា​ការ​ច្នៃ​ប្រឌិត​ដែល​កើត​ចេញ​ឡើង​ក្រោយ​ពី​ Apple បាន​ដក​ប៊ូតុង​ Home ចេញ​ពី​ iPhone X។ ឧបករណ៍​នេះ​ក្រៅ​ពី​មាន​ប៊ូតុង​ Home ដែល​មាន​ទ្រនាប់​ស្កេន​ម្រាម​ដៃ​ ក៏​មាន​បំពាក់​នូវ​រន្ធ​​កាស​ 3.5mm និង​រន្ធ​ Lightning ដែល​អាច​ឲ្យ​អ្នក​ប្រើ​ប្រាស់​ស្ដាប់​ចម្រៀង​ និង​សាក​ថ្ម​ក្នុង​ពេល​តែ​មួយ​បាន៕​

ប្រភព៖ Zing   ប្រែ​សម្រួល៖ សុខហេង