​ត្រៀមជិះឲ្យណាណីម្ដង! ថ្មីចែស៣យ៉ាង ត្រៀមសម្ពោធមុនចូលឆ្នាំខ្មែរ

  • 2018-01-17 01:00:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុន​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​ឆ្នាំ​២០១៨​នេះ មធ្យោបាយ​ធ្វើ​ដំណើរ​ថ្មី​សន្លាង​៣​យ៉ាង នឹង​ក្លាយ​ជា​កាដូ​ដ៏​ពិសេស​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ។

១. កាណូត​ដឹក​អ្នក​ដំណើរ​ពី​ព្រែកព្នៅ-ភ្នំពេញ-តាខ្មៅ

ទេសរដ្ឋមន្រ្តី ​រដ្ឋមន្រ្តី​ក្រសួង​សាធាណការ បាន​ប្រកាស​ថា នឹង​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​កាណូត​ដឹក​អ្នក​ដំណើរ​ពី​ព្រែកព្នៅ-ភ្នំពេញ-តាខ្មៅ ជា​ផ្លូវ​ការ​នៅ​មុន​ចូល​ឆ្នាំ​ថ្មី​ខាង​មុខ​នេះ​ហើយ។ ឯកឧត្ដម​លើក​ឡើង​ថា មធ្យោបាយ​ធ្វើ​ដំណើរ​ថ្មី​សន្លាង​នៅ​កម្ពុជា​នេះ នឹង​ជួយ​កាត់​បន្ថយ​ថ្លៃ​ធ្វើ​ដំណើរ​ជួយ​សម្រួល​ដល់​ជីវភាព​ប្រជាពលរដ្ឋ ជា​ពិសេស​នោះ​ គឺ​ជួយ​កាត់​បន្ថយ​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍ និង​បញ្ចៀស​ការ​កកស្ទះ​ក្នុង​រាជធានី​ភ្នំពេញ​ទៀត​ផង។

២. រថភ្លើងដឹក​អ្នក​ដំណើរ​ពី​ស្ថានីយ ទៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ

ក្នុង​ចំណោម​ក្ដី​ស្រមៃ​ជាច្រើន របស់​ឯកឧត្ដម ស៊ុន ចាន់ថុល ការ​បង្កើត​ឲ្យ​មាន​រថភ្លើង​ដឹក​អ្នក​ដំណើរ​ពី​ស្ថានីយ ទៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ក៏​ជា​ក្ដី​ស្រមៃ​ធំ​បំផុត​ដែល​លោក​ចង់​ឃើញ។ ឥឡូវ​ផ្លូវ​ដែក​មួយ​ខ្សែ​នេះ​សម្រេច​ការ​សាងសង់​ជា​ស្ថាពរ​ហើយ និង​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវ​មុន​ចូល​ឆ្នាំ​ខ្មែរ​ខាង​មុខ​នេះ។

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល លើក​ឡើង​ថា ដោយ​សារ​តែ​បញ្ហា​កកស្ទះ​ធ្វើ​ឲ្យ​អ្នក​ដំណើរ​ទៅ​ព្រលាន​យន្តហោះ​មាន​ការ​យឺតយ៉ាវ ដូច្នេះ​ហើយ​គួរ​តែ​មាន​រថភ្លើង​ដើម្បី​បញ្ឈប់​បញ្ហា​នេះ​ត​ទៅ​ទៀត។ កាត់​បន្ថយ​បញ្ហា​កកស្ទះ និង​បន្ថែម​មធ្យោបាយ​ធ្វើ​ដំណើរ​កាន់​តែ​សម្បូរបែប​នៅ​ភ្នំពេញ ក៏​ជា​មូលហេតុ​មួយ​ដែរ។ ជា​ពិសេស​ការ​បើក​ដំណើរការ​ដំបូង​៣​ខែ​នឹង​មិន​ត្រូវ​គិត​ថ្លៃ ពី​ប្រជាពលរដ្ឋ​នោះ​ទេ។

៣. រថយន្ត​ក្រុង​ស៊េរី​ទំនើប​ចំនួន​១៤០​គ្រឿង​ជា​ជំនួយ​ឥត​សំណង​របស់​ជប៉ុន

រដ្ឋាភិបាល​ជប៉ុន បាន​សន្យា​ផ្តល់​រថយន្តក្រុង​ឲ្យ​សាលា​រាជធានី​ភ្នំពេញ ចំនួន ១៤០​គ្រឿង ស្មើនឹង​តម្លៃ​ជាង ៨លាន​ដុល្លារ ចាប់ពី​ឆ្នាំ​២០១៨ ដល់ ២០២០។ ក្នុង​នោះ​ ជំហ៊ាន​ទី១ រថយន្ត​ក្រុង​ចំនួន ៨០​គ្រឿង នឹង​មក​ដល់​រាជធានី​ភ្នំពេញ​នៅក្នុង​អំឡុង​ខែ​មេសា ឆ្នាំ​២០១៨​ខាងមុខ​នេះ។ នេះបើ​តាមការ​បញ្ជាក់​របស់​លោក ម៉េត មាសភក្តី អ្នក​នាំពាក្យ​សាលា​រាជធានី​ភ្នំពេញ។

រថយន្តក្រុងសាធារណជំនួយរបស់រដ្ឋាភិបាលចិនកន្លងមក

លោក ម៉េត មាសភក្តី បាន​ឲ្យដឹង​ថា​ ការ​សន្យា​របស់​ជប៉ុន ក្នុងការ​ផ្តល់​រថយន្ត​ក្រុង​នេះ គឺ​ក្រោយពី​សាលា​រាជធានី​ភ្នំពេញ បាន​សិក្សា និង​ចរចា​ជាមួយ​ភាគី​ជប៉ុន អស់​រយៈពេល​ជិត​៣​ឆ្នាំ។

អ្នកនាំពាក្យ​រូបនេះ បាន​អះអាង​ថា ជំនួយ​របស់​ជប៉ុន​នេះ គឺ​ដើម្បី​ពង្រីក​សេវា​រថយន្ត​ក្រុង នៅ​រាជធានី​ភ្នំពេញ ឲ្យ​បាន​ល្អ​ប្រសើរ​ជាង​មុន ផ្តល់​ភាព​ងាយស្រួល​សម្រាប់​ប្រជាពលរដ្ឋ​រស់​នៅក្នុង​រាជធានី​ភ្នំពេញ និង​កាត់​បន្ថយ​ការ​កកស្ទះ​ចរាចរណ៍៕ ​​​

អត្ថបទ៖ វឌ្ឍនៈ

អត្ថបទថ្មី