រឿង​អាស្រូវ​ Logan Paul ធ្វើ​ឲ្យ​អ្នក​រក​លុយ​តាម​ YouTube កាន់​តែ​ពិបាក​​

  • 2018-01-17 03:32:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រព័ន្ធ​​វីដេអូ​ដ៏​ធំ​ជាង​គេ​ក្នុង​លោក​ នឹង​ជម្រុះ​ចោល​​មនុស្ស​រាប់ពាន់​នាក់​ចេញ​ពី​កម្មវិធី​ Ad Revenue-Sharing របស់​ខ្លួន​ ហើយ​នឹង​ធ្វើ​ឲ្យ​​ការ​សុំ​ចូល​រួម​កម្មវិធី​នេះ​កាន់​តែ​ពិបាក​ជាង​មុន។

​​​​​​​​ការ​ផ្លាស់​ប្ដូរ​ដែល​មាន​ប្រសិទ្ធភាព​ចាប់​ពី​ថ្ងៃ​នេះ​ គឺ​ជា​ការ​ឆ្លើយតប​មួយ​របស់​ YouTube ​ចំពោះ​ការ​រិះគន់​ជា​ច្រើន​ដែល​ខ្លួន​ទទួល​បាន​ទាក់ទង​​នឹង​ការ​បង្ហាញ​វីដេអូ​មិន​សម​រម្យ​លើ​ប្រព័ន្ធ​របស់​ខ្លួន​កាល​ពី​ឆ្នាំ​មុន។ ជាក់ស្ដែង​ដូច​ជា​ការ​អនុញ្ញាត​ឲ្យ​វីដេអូ​របស់​ Logan Paul ដែល​បង្ហាញ​ពី​សាក​សព​​មនុស្ស​ចង​ក លេច​មុខ​លើ​ YouTube និង​អាច​ឲ្យ​ម្ចាស់​វីដេអូ​រក​ចំណូល​​ពី​វីដេអូ​ដែល​មិន​សមរម្យ​​នេះ​បាន​ទៀត​ផង។

ការ​ផ្លាស់​ប្ដូរ​មួយ​ទៀត​លើ​ YouTube ដែល​គេ​ប្រទះ​ឃើញ​កាល​ពី​សប្ដាហ៍​មុន គឺ​ YouTube បាន​​ធ្វើ​ការ​រឹត​បន្តឹង​បន្ថែម​លើ​​កម្មវិធី​ "Google Preferred” ដែល​ជា​កម្មវិធី​រក​លុយ​ដ៏​សំខាន់​មួយ​របស់​អ្នក​បង្កើត​វីដេអូ​លើ​ YouTube។ ការ​រឹត​បន្តឹង​នោះ​គឺ​រាល់​វីដេអូ​ដែល​ស្ថិត​ក្នុង​កម្មវិធី​ "Google Preferred” រួម​ជា​មួយ​​វីដេអូ​​រាប់​ពាន់​ដែល​បាន​ Upload កន្លង​មក​ នឹង​ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​ពិនិត្យ​ពី​មនុស្ស​ផ្ទាល់ មិន​ពឹង​ផ្អែក​លើ​ប្រព័ន្ធ​កុំព្យូទ័រ​ដូច​មុន។

ការ​ផ្លាស់​ប្ដូរ​នេះ​មិន​ហាម​ឲ្យ​​មាន​ការ​បង្ហោះ​វីដេអូ​ដែល​មិន​សមរម្យ​លើ​ YouTube ​នោះ​ទេ ប៉ុន្តែ​​នឹង​ធ្វើ​ឲ្យ​​ម្ចាស់​វីដេអូ​ ពិបាក​រក​លុយ​ពី​វីដេអូ​ដែល​គេ​បង្ហោះ​នោះ។

YouTube ក៏​បាន​កំណត់​ច្បាប់​ថ្មី​មួយ​ទៀត​ចំពោះ​គណនី​ដែល​ចង់​រក​​លុយ​ពី​ប្រព័ន្ធ​របស់​ខ្លួន​ ដោយ​ត្រូវ​មាន​ចំនួន​ទស្សនា​ ៤ ០០០ ម៉ោង​ ក្នុង​អំឡុង​ពេល​ ១២ ខែ​ និង​មាន​ចំនួន​ Subscriber យ៉ាង​តិច​ ១ ០០០ នាក់។ ច្បាប់​នេះ​​នឹង​អនុវត្តន៍នៅថ្ងៃទី ២០ ខែ​កុម្ភៈខាង​មុខ ដោយចូល​ជំនួស​ច្បាប់​មុន​ដែល​តម្រូវ​ឲ្យ​គណនី​មួយ​មាន​ចំនួន​អ្នក​ទស្សនា​ ១០ ០០០ ដង​ ដើម្បី​អាច​រក​លុយ​ពី​ YouTube បាន។ ​​​

​​​បន្ថែម​ពី​នេះ​ Google ក៏​បាន​​ប្រកាស​ឲ្យ​ដឹង​ថា​នឹង​ជួល​បុគ្គលិក​​ចំនួន​ ១០ ០០០ នាក់​បន្ថែម​ទៀត​ដើម្បី​ត្រួត​ពិនិត្យ​វីដេអូ​ក្នុង​កម្មវិធី​ "Google Preferred” របស់​ខ្លួន​ នៅ​ឆ្នាំ​ ២០១៨ នេះ៕

ប្រភព៖ CNBC   ប្រែ​សម្រួល៖ សុខហេង