ពិសាម្លូ ស្លា ជាទម្លាប់តពីដូនតា តែវាអាចជាឃាតករលាក់​មុខ

  • 2018-01-17 07:00:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ទម្លាប់​ពិសាម្លូ ស្លា របស់​ប្រ​ជា​ពល​រដ្ឋ​ខ្មែរ​វ័យ​ចំណាស់​មួយ​ចំនួន​​នៅ​តែមាន​នៅ​ឡើយ​បើ​ទោះបីជា​ការ​ពិសារបស់​ទាំង​នេះ​មាន​ការអះអាង​ថា​​អាច​ប៉ះពាល់​ដល់​សុខភាព​ក៏​ដោយ​ តែ​ពួកគាត់​ហាក់​មិន​ជឿ​នោះ​ទេ​ និង​បាន​បង្ហាញ​ទឡ្ហីករណ៍​ផ្សេង​ទៅ​វិញ។

ម្យ៉ាង​វិញទៀត​ ទម្លាប់​ពិសារ​ឬប្រើ​​ប្រាស់​ ម្លូ ស្លា នេះ​ក៏ជា​ផ្នែក​មួយ​នៃ​អរិយធម៌ខ្មែរ​ដែលគេ​ឃើញ​មាន​នៅ​ក្នុ​ងពិធិ​សែនព្រេន​ផ្សេងៗ និង​ពិធី​អាពាហ៍​ពិពាហ៍​ជា​ដើម។ ​

(ស្លា ម្លូ ដែលអ្នកស្រី សុខ នីម រៀបចំទុកទទួលទានប្រចាំថ្ងៃ)

កំពុង​អង្គុយ​ក្រោម​ផ្ទះជាមួយ​នឹង​កន្រ្តកស្លា ម្លូ ផង អ្នកស្រី​ សុខ នីម ប្រាប់​Sabay ថា​អ្នកស្រី​ចេះ​ទទួលទាន​ស្លាម្លូតាំងពី​វ័យ៣០​ឆ្នាំ​មក​ម្លេះ។ ស្រ្តី​វ័យ​៥៨ឆ្នាំ ដដែល​បន្ត​ថា​អ្នកស្រី​ចេះ​ហូប​ស្លា​ ម្លូ​ នេះ​តាម​​​ម្តាយ​របស់អ្នកស្រី។

នៅពេល​សួរ​ថា​តើអ្នស្រី​មិន​យល់​ថា​ការ​ពិសាស្លាម្លូ​នេះ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ទេឬយ៉ាងណា? អ្នកស្រី សុខ នីម ហាក់​មិន​ទាន់ឆ្លើយ​ភ្លាម​ៗទេ ដោយ​ដៃគាត់​កំពុង​ជាប់​បៀក​កំបោរ ដាក់លើ​ស្លឹក​ម្លូ មាន​ផ្ទាប់​ជាមួយ​ចំណិត​ស្លាផង រួច​ដាក់​ចូលមាត់ ទើប​គាត់​មាន​ប្រ​សាសន៍​បន្តថា មិន​បារម្ភពី​​បញ្ហា​សុខភាព​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ​អ្នកស្រី​ថា​វាបានជួយ​ឲ្យ​អ្នកស្រី​មាន​អារម្មណ៍​ល្អ​ទៅ​វិញ​ផង។

អ្នកស្រី​បន្ថែមថាៈ « មិន​ដែល​ឈឺ​​ ក ឬផ្តាសាយ​អីទេ...ជា​ពិសេស​ធ្វើ​ឲ្យ​សុខ​ភាព​មាត់​ធ្មេញ​កាន់​តែ ប្រសើរ​... ជា​មធ្យម​ខ្ញុំ​ហូប​ស្លា ម្លូ ប្រហែល​ជា​ប្រាំ​ទៅ​ប្រាំមួយ​ដង​ក្នុង១ថ្ងៃ​...​បើ​ហូប​បាយ​រួច​មិន​បាន​ហូប​ស្លា​១ម៉ាត់​...​ហាក់​ដូច​ជា​ខ្វះ​អ្វី​ម្យ៉ាង​...​និយាយ​ទៅ​ដូច​មនុស្ស​ញៀន​បារី​ចឹង​ក្មួយ​...ទាល់​តែ​បាន​ហូប​ទើប​មាន​អារម្មណ៍​ស្ងប់​ល្អ»។

ទម្លាប់​ហូប​ស្លាម្លូ នេះមិន​មែន​មាន​តែ​នៅ​ប្រ​ទេស​កម្ពុជា​ប៉ុណ្ណោះទេ ក៏មាន​ដែរ​ប្រ​ជា​ពល​នៅ​ប្រ​ទេស​ក្នុង​តំបន់​អាស៊ី​ផ្សេងទៀត​ដូចជា​ថៃ វៀតណាម ឡាវ មីយ៉ាន់ម៉ា តៃវ៉ាន់ ប៊ូតាន់ ស្រីលង្ការ និង​ឥណ្ឌា ជាដើម។

(ម្លូដែលកសិករ​ដាំទុក​លក់​)

សាស្រ្តា​ចារ្យ​បុរាណវិទ្យា និងជាអគ្គនាយករង​វិទ្យាស្ថាន​វប្បធម៌ និង​សិល្បៈ នៃរាជបណ្ឌិត្យ​សភា​កម្ពុជា លោក ធុយ ចាន់​ធួន លើក​ឡើងថា​ប្រពៃ​ណី​ និង​ទម្លាប់​ហូប​ស្លា​ម្លូ របស់ខ្មែរ​នេះ គឺដូចគ្នា​ទៅ​នឹង​ទម្លាប់​របស់​ជន​ជាតិ​ឥណ្ឌាដែរ​។ លោក​សាស្រ្តាចារ្យ​ឲ្យ​ដឹងថា​នៅ​ប្រ​ទេស​ឥណ្ឌា​តាំងពី​បុរាណកាល រហូត​ដល់​បច្ចុប្បន្ន​នៅ​តែ​មាន​ទម្លាប់​ហូប ស្លាម្លូ នេះ និងថាស្លា ម្លូ ក៏​ជា​របស់​សម្រាប់​ទទួល​ភ្ញៀវ​ផង​ដែរ។ មិនខុសពី​ឥណ្ឌា ប្រ​ជាជន​ខ្មែរ លោក​ថា​ក៏មាន​ដូចគ្នា​នូវ​ទម្លាប់​បែប​នេះ​។

បើ​និយាយពី​ការ​ប្រើ​ប្រាស់​ម្លូ ស្លា នេះវិញ​នៅ​ឥណ្ឌា លោក​សាស្រ្តាចារ្យ​ថា​គេប្រើ​ម្លូ ស្លា​ដើម្បី​ថ្វាយ​ដល់​ព្រះ​របស់​ពួកគេ​។ បើ​និយាយពីកម្ពុជា​វិញ ស្លា ម្លូនេះ​ ត្រូវបានគេ​ប្រើ​ក្នុងពិធី​ផ្សេងៗដូចជា​អាពាហ៍​ពិពាហ៍ ជាដើម។ ស្លឹក​ម្លូ តាម​ជំនឿលោកថា ជាស្លឹក​ជ័យមង្គល​ ជាស្លឹកជោគជ័យ ឬជា​ស្លឹកមានឫទ្ធិ​ជាដើម ហើយ​ស្លឹក​ម្លូនេះ​លោក​ថាមាន​ដុះ​តែនៅ​ប្រ​ទេស​ក្នុង​តំបន់​អាស៊ី​តែ​ប៉ុណ្ណោះ។

លោក​ប្តថាៈ «អ៊ីចឹងអរិយធម៌ខ្មែរយើង​ក៏ជា​អរិយធម៌​មួយ​ដែលប្រតិបត្តិ​មានជំនឿទៅ​លើ​ស្លឹក​ម្លូ​ ដែល​មាន​នៅ​ក្នុង​ពិធី​អាពាហ៍ពិពាហ៍​ មានន័យ​យ៉ាងម៉េច ម្លូ ស្លា កំបោរ ពេលណា​យើង​ញ៉ាំចូល​គ្នា​ទៅ​វា​មាន​ពណ៌​ក្រហម តំណាង​ឲ្យ​ឈាម...ហើយ​អរិយធម៌​ចិន ស្លា ម្លូ កំបោរ ញ៉ាំចូលគ្នា​ស្តោះមក​ក្រហម​ហ្នឹង​ គេថា​អាហ្នឹង​សាច់​ឈាម​បញ្ចូលគ្នា​...បងប្អូនបង្កើត (បងប្អូនថ្លៃ) ប្តី​ប្រ​ពន្ធ តែ​រៀប​ការ​ជា​មួយ​គ្នា​ វា​ជា​ឈាម​ជ័រ​ជាមួយ​គ្នា»។ ​​

ថ្វី​ត្បិ​ត​តែ​ការ​ទទួល​ទាន​ស្លា ម្លូ នេះ​ជាផ្នែក​មួយ​នៃ​ប្រពៃណី​ទំនៀមទម្លាប់​របស់​ជាតិសាសន៍​ជា​ច្រើន​ក៏ដោយ អង្គការ​សុខភាព​ពិភព​លោក (WHO)​លើក​ឡើង​ថា​អ្នក​ទទួល​ទាន​របស់​ទាំងនេះ​អាច​ប្រ​ឈម​នឹង​ការ​​កើត​ជំងឺ​មហារីក​មាត់ ច្រើនជាង​អ្នក​ដែល​មិន​ទទួល​ទាន។ លើសពីនេះ​បើ​ទទួល​ទាន​ស្លា ម្លូ ជាមួយ​ថ្នាំ​ជក់ទៀត នោះ​ភាគ​រយ​កើត​ជំងឺ​មហារីក​មាត់​ក៏មាន​កាន់​តែ​ខ្ពស់។

បើតាម​ការ​ចុះ​ផ្សាយ​របស់​BBC News កាលពី​ឆ្នាំ​២០១៥ ប្រ​ទេស​ថៃ ឥណ្ឌា និង​តៃវ៉ាន់​ជា​ដើម​បាន​បើក​យុទ្ធនាការ​ផ្សព្វផ្សាយ​កុំ​ឲ្យមាន​ការ​ទទួលទាន​ស្លា ម្លូ នេះ។ ចំពោះ​តៃ​វ៉ាន់វិញ ក៏បាន​ផ្តល់ជា​ប្រាក់ឧបត្ថម្ភ​ខ្លះៗផង​ដល់​កសិករ​ដើម្បី​កាប់​ដើម​ស្លា​ចោល​។

សម្រាប់​នៅ​កម្ពុជា​វិញ លោក វេជ្ជបណ្ឌិត លី សូវ៉ាន់​ អ្នកនាំពាក្យ​ក្រ​សួង​សុខាភិបាល​ឲ្យ​ដឹង​ដែរថា​កន្លង​មក​ក្រ​សួង​បាន​អប់រំ​ប្រ​ជាពល​រដ្ឋ​ខ្មែរ​អំពី​ផលប៉ះ​ពាល់​មួយ​ចំនួន​ដែលអាចកើតពី​ការ​ពិសាស្លា ម្លូ នេះ​នៅ​តាម​សហគម​ផង​ដែរ​។ ទោះយ៉ាងណា​លោក​ថាក្រ​សួង​ក៏​មិន​មាន​ជា​ច្បាប់ ឬគោល​នយោបាយ​ណា​មួយ​ក្នុង​ការ​ហាម​ឃាត់​នៅ​ឡើយដែរ ដោយ​ថានេះ​ជា​ទម្លាប់​បស់​ពល​រដ្ឋ​ខ្មែរ​ជា​យូរ​ណាស់​មក​ហើយ​។

លោក​បន្ថែមថាៈ «យើង​ត្រឹម​តែបាន អប់​រំ យើងមិនទាន់បាន​រកឃើញ​ជាល្ខណៈវិទ្យាសាស្រ្ត​ណា​មួយ​ថា​ការ​ញ៉ាំ​ស្លា​ម្លូ​ហ្នឹង​វាជួយ​ដល់​សុខភាព​របស់​យើង ឬជួយ​សុខភាពមាត់​ធ្មេញនោះទេ​ ធម្មតា តែ​យើង​មាន​ចំណីអាហារ ជាប់នៅ​ក្នុង​មាត់តែមានការបំលែង​ទៅជា​ជាតិ​អាស៊ីត បាក់​តេរី...​វាអាចមាន​ឱកាស​ធ្វើ​ឲ្យ​ខូចធ្មេញ...យើងអប់រំជាសហគមន៍នៅឡើយទេ យើងអប់រំថា​វាមិនបាន​ជួយ អ្វី​ដល់​យើងទេ»។

ថ្វី​ត្បិត​តែអ្នកស្រី សុខ នីម មាន​ទម្លាប់​ទទួលទាន​ម្លូ ស្លា បែបនេះ មែន តែ​ទម្លាប់​នេះ​មិនបាន​បន្ត​ទៅ​កូនៗ​របស់អ្នកស្រីទេ ដោយ​ថា​កូនៗ​អ្នកស្រី​មិន​ចូល​ចិត្ត​ពិសារ​ស្លា ម្លូ ឡើយ។ មួយ​វិញ​ទៀត អ្នកស្រី​ ក៏​សង្កេត​ឃើញ​ដែរថា​ចំនួន​អ្នក​ចេះទទួលទានស្លា ម្លូ នៅ​ក្នុង​ភូមិ​អ្នក​ស្រី​ក៏​មិន​សូវមាន​ច្រើន​ដែរ។ មិនសូវ​មាន​ច្រើន ដោយ​សារ​​ថា មកពី​អ្នកចេះ​ពិសាបាន​ថយ​ចុះ ឯ​ក្មេង​ៗ​ជំនាន់​ក្រោយ​មិនចូល​ចិត្ត​ទទួល​ទាន​ទៀត​៕

អត្ថបទ​ដោយ៖ ជិន វេន