សម្បកគ្រាប់កាំភ្លើង ផលិតជាគ្រឿងអលង្ការនៅខ្មែរ ល្បីដល់បរទេស
- 2018-01-20 03:19:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្បកគ្រាប់កាំភ្លើង ផលិតជាគ្រឿងអលង្ការនៅខ្មែរ ល្បីដល់បរទេស
ចន្លោះមិនឃើញ
សម្បកកាំភ្លើងសេសសល់ពីសង្គ្រាម សល់ពីការបាញ់ហ្វឹកហ្វឺន ត្រូវបានសមាគមរចនា ប្រមូលមកធ្វើជាគ្រឿងអលង្ការ ដូចជា ក្រវិល ចិញ្ចៀន កងដៃ ខ្សែក បន្ដោងខ្សែក ក្រវិល ជាដើម។ គ្រឿងអលង្ការទាំងនេះ ក៏កំពុងទទួលបានចាប់អារម្មណ៍ពីបងប្អូនខ្មែរ និង បរទេស ដែលបានបញ្ជាទិញហូរហែ ទៅបណ្ដាប្រទេសមួយចំនួន។
1. អ្នកស្រី ញ៉ុក និមល អ្នកគ្រប់គ្រងទូទៅ នៃសមាគមរចនា។ សមាគមនេះ គឺជាសហគ្រាសសង្គម ដែលធ្វើការជាមួយសិប្បករ សិល្បករ ជាងទង ជាងចម្លាក់ ជាងកាត់ដេរ … នៅស្ទើរគ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជា។ ផលិតផលមួយចំនួនរបស់ សហគ្រាសសង្គមមួយនេះ គឺ សំលៀកបំពាក់ ក្រមា កាបូបស្ពាយ កុលាលភាជន៍ និង ជាពិសេសគឺគ្រឿងអលង្ការផលិតពីគ្រាប់កាំភ្លើង។
2. ជាងទង នៅក្នុងរោងជាង នៃសមាគមរចនា កំពុងកាត់សម្បកគ្រាប់កាំភ្លើងដើម្បីផលិតជាគ្រឿងអលង្ការ (ក្រវិល ចិញ្ចៀន កងដៃ ខ្សែ ក បន្តោងខ្សែក ក្រវិល ...) ។ សម្បកគ្រាប់កាំភ្លើងដែលត្រូវយកមកប្រើប្រាស់នៅទីនេះ មានទំហំចាប់ពីប៉ុនម្រាមដៃ រហូតប៉ុនភ្លៅក៏មាន។ ភាគច្រើន គេទិញវា ពីមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (CMAC)។
3. ជាងទង កំពុងផ្សារភ្ជាប់ទំពក់ក្រវិល បន្ទាប់ពីគាត់កាត់ច្នៃរួចហើយ។ ជាងទងទាំងនេះ មានសមត្ថភាព អាចផលិតគ្រឿងអលង្ការទៅតាមរូបគំរូដែលមានស្រាប់ និង តាមការចង់បានរបស់អតិថិជន។ 4. បន្ទាប់កាត់ ចៀរ ឆ្លាក់ ផ្សារភ្ជាប់ទៅតាមគំរូរួចហើយ ជាងទងត្រូវយកគ្រឿងអលង្ការទាំងនោះ ទៅដុសខាត់ ឱ្យភ្លឺចែងចាំងដូចមាស។ នៅក្នុងរូបនេះ ជាងទងកំពុងដុសខាត់បន្តោងខ្សែ ក ឱ្យភ្លឺរលោងស្អាត មុននឹងយកទៅដាក់លក់។
5. គ្រឿងអលង្ការទាំងនេះ មានដាក់លក់នៅតាមហាងនានា និង ទីផ្សារក្នុងស្រុក។ ប៉ុន្តែ វាមិនសូវពេញនិយមឡើយ ក្នុងចំណោមពលរដ្ឋខ្មែរ។ ទីផ្សារធំរបស់វា គឺនៅបរទេស ដែលមាន ដូចជា អាមេរិក អូស្ត្រាលី អាល្លឺម៉ង់ កាណាដា អង់គ្លេស និង ជប៉ុន ជាដើម៕