ឃើញ Sanchez មក​ Man Utd បាន​ថ្លៃ Pogba ទាមទារ​ប្រាក់ខែ​​ខ្លួន​គុណ​នឹង​២

  • 2018-01-21 07:54:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Paul Pogba នឹង​ទាមទារ​ប្រាក់ខែ​របស់​ខ្លួន​គុណ​នឹង​២ ដើម្បី​ឲ្យ​ដូច​ប្រាក់​ឈ្នួល Alexis Sanchez ចំនួន ៤០០ ០០០ ផោន (ប្រហែល ៥៥៥ ០០០ ដុល្លារ) ក្នុងមួយសប្តាហ៍ ឬ ជាង​២​លាន​ដុល្លារ​ក្នុង​១​ខែ។ នេះ​បើតាម The Mirror ទើប​បាន​ចុះ​ផ្សាយ។

បច្ចុប្បន្ន​ភ្នាក់ងារ​របស់​ Pogba គឺលោក Mino Raiola ត្រៀម​ចរចារ​នឹង​ក្លឹប​បិសាច​ក្រហម ដើម្បី​តម្លើង​ប្រាក់ខែ​កីឡាករ​សញ្ជាតិបារាំង ដែល​ប្រាក់បៀរវត្សរ៍​បច្ចុប្បន្ន ២០០ ០០០ ផោន​ក្នុង​មួយ​សប្តាហ៍​ លែង​សាកសម​នឹង​​​លំដាប់​កីឡាករ​ដូចជា​ Pogba នេះ​ហើយ។

កីឡាករវ័យ ២៤ ឆ្នាំ​រូបនេះ​ នឹង​នៅ​បន្ត​កុងត្រា ៣ឆ្នាំ​ទៀត បន្ទាប់​ពី​បាន​ចុះហត្ថលេខា​នៅ​ឆ្នាំ ២០១៦ ចេញ​ពី​ក្លឹប​ Juventus មកកាន់ Man United ក្នុង​តម្លៃ​បំបែក​កំណត់​ត្រា​ជា​កីឡាករ​ថ្លៃ​បំផុត​កាល​ជំនាន់​នោះ គឺ ៨៩​លានផោន។

លោក Mino Raiola និង Pogba

ប្រភព​ខាង​លើ​បន្តថា លោក Raiola គឺ​ជា​ភ្នាក់ងារ​ដែល​ជា​រឿយៗ​តែង​នាំ​យក​កំពូល​កីឡាករ​មក​ឲ្យ Man Utd មាន​ដូច​ជា Romelu Lukaku, Zlatan Ibrahimovic និង Paul Pogba ជា​ដើម។

លោក​ក៏​ធ្លាប់​ដាក់​សម្ពាធ​ដល់​ក្រុម​បិសាច​ក្រហម ឲ្យ​តម្លើង​ប្រាក់បៀរវត្សរ៍ ដល់ កីឡាករ Ibrahimovic ចំនួន ៥០៨ ០០០ ដុល្លារ​ក្នុងមួយ​សប្តាហ៍​ ធ្វើ​ឲ្យ​ខ្សែប្រយុទ្ធ​សញ្ជាតិ​ស៊ុយអែត​ ក្លាយ​ជា​កីឡាករ​ដែល​មាន​ប្រាក់​ខែ​ច្រើន​បំផុត នៅ Premier League។ ពោល​គឺ Raiola មាន​ទឹកមាត់ប្រៃ​ណាស់​ក្នុង​ការ​ចរចារ​ជាមួយ Man Utd៕

ប្រភព៖ Mirror   ប្រែ​សម្រួល៖ សុខ លាងហ៊ត