ស្គាល់​ឲ្យ​ហើយ​ទៅ ក្រុមហ៊ុន​ធំៗ ៨ ក្រោម​ការ​គ្រប់គ្រង​​របស់ Alibaba

  • 2018-01-23 09:39:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Alibaba Group Holidng Ltd. មិន​ត្រឹម​តែ​ជា​ហាង​លក់​ទំនិញ​យក្ស​ក្នុង​ប្រទេស​ចិន ទៀត​សោត​ក៏​មាន​សក្ដានុពល​ទូទាំង​ពិភពលោក។ ឈរ​លំដាប់​ទី ១ តាម​ពី​ក្រោយ​ដោយ​ក្រុមហ៊ុន Wal-Mart Stores Inc.។​

ស្ថិត​ក្នុង​ការ​ចែកចាយ​ជា​​បណ្ដាញ​ច្រើន​ជាង ២០០ ប្រទេស បែប​នេះ Sabay លើក​យក​ក្រុមហ៊ុន​ធំៗ​ចំនួន ៨ នៃ​បណ្តា​ដៃ​គូ​សហការ​ជា​ច្រើន​ទៀត ដែល​សេដ្ឋី Jack Ma កំពុង​កាន់កាប់។​​

១.Lazada:

ប្រកាស​ជា​សាធារណៈ​កាល​ពី​ខែ​មិថុនា ឆ្នាំ ២០១៧ ដោយ Alibaba នឹង​ចូល​រួម​វិនិយោគ ១ ប៊ីលាន​ដុល្លារ​បន្ថែម​ទៅ​កាន់ Lazada Group SA ជា​កត្តា​ជំរុញ​ឲ្យ​ភាគហ៊ុន​កាន់កាប់​ទាំង​មូល​ឡើង​ដល់ ៨៣ ភាគរយ។​

Lazada ជា​គេហទំព័រ​ពាណិជ្ជកម្ម​អេឡិចត្រូនិក​មួយ​ដែល​ផ្ដោត​លើ​ប្រទេស ៦ក្នុង​ប៉ែក​អាស៊ី​អាគ្នេយ៍​រួម​មាន វៀតណាម, ឥណ្ឌូណេស៊ី, ម៉ាឡេស៊ី, សិង្ហបុរី, ហ្វីលីពីន និង​ថៃ។

២.South China Morning Post:

ក្រុមហ៊ុន​វ័យ​ចំណាស់​មាន​មូលដ្ឋាន​ក្នុង​ប្រទេស​ហុងកុង ត្រូវ​បាន​ Alibaba ជះ​លុយ ២៦៦ លាន​ដុល្លារ​ទិញ​យក​កាល​ពី​ខែ​ធ្នូ ឆ្នាំ ២០១៥ ជា​ផ្នែក​នៃ​ផែនការ​បង្កើន​ការ​ផ្សព្វផ្សាយ​ក៏​ដូច​ជា​អាជីវកម្ម​គ្រឿង​កម្សាន្ត​បន្ថែម​ទៀត។

៣.AutoNavi:

ក្នុង​ឆ្នាំ ២០១៤ ក្រុមហ៊ុន​បង្កើត​ផែនទី​ប្រទេស​ចិន AutoNavi ត្រូវ​បាន Alibaba ទិញ​យក ដោយ​មិន​បាន​បញ្ជាក់​ទំហំ​ចំណាយ។ ប៉ុន្តែ​ក្រុមហ៊ុន​ធំ​មួយ​នេះ ក៏​បាន​ផ្គត់ផ្គង់​ប្រព័ន្ធ​ផែនទី​ទំនើប​ឲ្យ Google អស់​រយៈ​កាល​រាប់​ទសវត្ស​មក​ហើយ បន្សំ​នឹង​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​ក្រុមហ៊ុន​លោក Tim Cook ថែម​ទៀត​ផង។ បច្ចុប្បន្ន​មាន​អ្នក​ប្រើប្រាស់​លើស​ពី ១០០ លាន​នាក់ ហើយ​ក្លាយ​ជា​កម្មវិធី​ល្អផ្ដាច់គេ​ក្នុង​ប្រទេស​មហា​អំណាច។

៤.Taobao:

Alibaba បាន​បង្កើត​ Taobao នា​ឆ្នាំ ២០០៣ ដោយ​ជា​ទីផ្សារ​លក់​ Online ក្នុង​ស្រុក មាន​ភាព​ស្រដៀង​នឹង eBay និង Amazon របស់​អាមេរិក។ ជួន​ពេល​លេច​គេហទំព័រ​នេះ​ឡើង ក៏​ស្រប​ពេល​ដែល eBay បាន​ទិញ​យក​គេហទំព័រ​ដេញ​ថ្លៃ Eachnet របស់​ចិន​ដូច​គ្នា ម្ល៉ោះ​ក៏​មាន​ការ​ប្រកួតប្រជែង​រវាង​ក្រុមហ៊ុន​ទាំង ២ យ៉ាង​ក្ដៅ​គគុក។

៥.Alipay:

ជា​ក្រុមហ៊ុន​ទូទាត់​ទំនិញ​ឌីជីថល​ធំ​បំផុត​ក្នុង​ពិភពលោក មាន​អ្នក​ប្រើ​លើស ៤០០ លាន​នាក់ ហើយ​រក​ឃើញ​ដោយ Alibaba នា​ឆ្នាំ ២០០៤។ ក្រៅ​ពី​យក​ឈ្នះ​លើ PayPal ហើយ​នោះ ទៀត​សោត​ក៏​បាន​ចាប់​ដៃ​ជាមួយ Yelp កាល​ពី​ឆ្នាំ ២០១៧ ក្នុង​គោលដៅ​ពង្រីក​អាជីវកម្ម​របស់​ខ្លួន​បន្ថែម។

គូស​បញ្ជាក់​ថា Alipay បាន​សហការ​ជាមួយ​ដៃ​គូ​ទូទាត់​ទំនិញ​ទង ៦៥ ដូច​ជា MasterCard និង Visa ហើយ​ផ្តល់​សេវាកម្ម​ទូទាត់​សាច់ប្រាក់​លើ​ការ​ទំនិញ​តាម​គេហទំព័រ​ធំៗ ដូច​ជា Taobao ជា​ដើម។​

៦.Alibaba Pictures Groups:

នេះ​ជា​ឈ្មោះ​ថ្មី​របស់​ក្រុមហ៊ុន ChinaVision Media ក្រោយ​ពេល​ក្រុមហ៊ុន​លោក Ma ប្រកាស​ទិញ​យក​ភាគហ៊ុន ៦០ ភាគរយ​ស្មើ​នឹង ៨០៤ លាន​ដុល្លារ​កាល​ពី​ឆ្នាំ ២០១៤។​ ជា​ក្រុមហ៊ុន​ផ្តល់​សេវា​កម្សាន្ត​ផ្នែក​ភាពយន្ត​ធំ​បំផុត​ចាប់​តាំង​ពី​ឆ្នាំ ២០១៥ ក្នុង​ប្រទេស​ចិន។

៧.Aliwangwang និង Laiwang:

នៅ​ឆ្នាំ ២០០៤ ដើម្បី​ភ្ជាប់​ទំនាក់ទំនង​រវាង​អ្នក​ទិញ​និង​អ្នក​លក់​លើ​គេហទំព័រ Taobao ក្រុមហ៊ុន Alibaba ក៏​ប្រកាស​បន្ថែម​ពី​សេវាកម្ម​ផ្ញើ​សារ Aliwangwang ហើយ​បច្ចុប្បន្ន​ជាប់​លំដាប់​ទី ២ ក្នុង​ប្រទេស។

រហូត​ដល់​ឆ្នាំ ២០១៣ ក្រុមហ៊ុន​ក៏​ប្រកាស​ស្រដៀង​គ្នា​នូវ​កម្មវិធី​មួយទៀត Laiwang ដើម្បី​ជា​ផែនការ​ផ្តួល WeChat របស់​ក្រុមហ៊ុន​អ៊ីនធឺណិត Tencent។​

៨.Ali Health Information Technology:

ជា​ក្រុមហ៊ុន​ផ្តល់​សេវា​ថែទាំ​សុខភាព បានប្រកាសឲ្យ​ប្រើប្រាស់​កាល​ពី​ឆ្នាំ ២០១៤ ដោយ​មាន​ភាគហ៊ុន ៥៤ ភាគរយ ចំណាយ​សាច់​ប្រាក់​ប្រហែល ៤៨៨.៣ លាន​ដុល្លារ។​

ប្រភព: https://www.investopedia.com/insights/10-companies-owned-alibaba/?utm_source=facebook&utm_medium=social&utm_campaign=shareurlbuttons ​​​​​

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ Investopedia   ប្រែ​សម្រួល៖ កៅ រក្សា