ក្រុម​ប៉ូលិស​កំពង់សោម ​ប្រាប់​មូលហេតុ​មិន​អាច​ការពារ​តំណែង​ជើង​ឯក​បាន

  • 2018-01-22 01:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ស្នងការ​ដ្ឋាន​នគរ​បាល​ខេត្ត​ព្រះ​សីហនុ A ​ប្រកួត​ចាញ់​ក្រុម Hurricane A ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់ Tiger Street Football Festival 2018 ​ក្នុង​លទ្ធផល ១-០។

ក្រោយ​ពី​ចប់​ការ​ប្រកួត​នេះ​ដែរ ​លោក លឹម តាំង ​សមាជិក​ក្រុម​ស្នងការ​ដ្ឋាន​នគរ​បាល​ខេត្ត​ព្រះ​សីហនុ A ​បាន​បញ្ជាក់​ថា​ក្រុម​លេង​ល្អ ប៉ុន្តែ​មូលហេតុ​ដែល​ចាញ់​នេះ​គឺ​ដោយសារ​តែ​សមាជិក​អស់​កម្លាំង​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ។ ការ​លេង​ច្រើន​ប្រកួត​ជាប់​គ្នា ​ធ្វើ​ឱ្យ​ពួកគេ​ថមថយ​កម្លាំង​ច្រើន ​ទើប​បណ្ដាល​ឱ្យ​បរាជ័យ​មិន​អាច​ការពារ​តំណែង​ជើង​ឯក​របស់​ខ្លួន​បាន​នៅ​រដូវ​កាល​នេះ។

ដោយ​ឡែក​សម្រាប់​ការ​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​ភ្នំពេញ​វិញ ​ក្រុម​ស្នងការ​ដ្ឋាន​នគរ​បាល​ខេត្ត​ព្រះ​សីហនុ A ​រំពឹង​ថា​នឹង​ធ្វើ​បាន​ល្អ​ជាង​ឆ្នាំ​មុន ត្បិត​អី​ក្រុម​មាន​សមាជិក​ថ្មី ​និង​មាន​ពេល​ច្រើន​ទៀត​ក្នុង​ការ​ហ្វឹកហាត់​ត្រៀម​ទៅ​ប្រកួត។ ការ​ដែល​បាន​ឈាន​ដល់​វគ្គ​៨​ក្រុម​ចុង​ក្រោយ​រដូវ​កាល​មុន​នោះ គឺ​ជា​ក្ដី​សង្ឃឹម​ខ្ពស់​មួយ​សម្រាប់​ក្រុម​ទាំង​មូល​នៅ​រដូវ​កាល​នេះ។

ក្រុម​ស្នងការ​ដ្ឋាន​នគរ​បាល​ខេត្ត​ព្រះ​សីហនុ A ​ជា​ក្រុម​ខ្លាំង​នៅ​កំពង់​សោម ដែល​គ្រង​ពាន Tiger Street ​៤​រដូវ​កាល​មក​ហើយ។ ដោយ​ឡែក​រដូវ​កាល​នេះ ពួកគេ​បាន​ត្រឹម​តែ​លេខ​២​ប៉ុណ្ណោះ ដោយ​ក្រុម​លេខ​១​បាន​ទៅ​លើ Hurricane A ​ទៅ​វិញ។ នៅ​មណ្ឌល​ព្រះ​សីហនុ ​នឹង​មាន​៦​ក្រុម​ឡើង​ទៅ​លេង​នៅ​ជុំ​ផ្ដាច់ព្រ័ត្រ​នា​ភ្នំពេញ គឺ​ ​ក្រុម​ Hurricane A ក្រុម​ស្នងការ​ដ្ឋាន​នគរ​បាល​ខេត្ត​ព្រះ​សីហនុ A ក្រុម Nazora Sport Club ​ក្រុម​យុវជន​កំពង់​ផែ A ​ក្រុម Sihanouk ville ​និង​ក្រុម​យុវជន​កំពង់ផែ B ៕

អត្ថបទ៖ មុន្នីរម្យ