ក្លឹប​១៤​នឹង​ត្រូវ​បាន​អញ្ជើញ​ចូល​រួម​ពិធី​ Cambodia Football Award ​ថ្ងៃ​ទី​២៥​ មករា​

  • 2018-01-22 09:27:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គណៈកម្មការ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា​(CNCC)​នៃ​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​នឹង​រៀប​ចំ​ពិធី​ប្រគល់​ពាន​រង្វាន់​បាល់ទាត់​កម្ពុជា ឬ Cambodia Football Award នា​ល្ងាច​​​ទី​២៥​ ខែ​មករា​ ឆ្នាំ​២០១៨ ចាប់​ពី​ម៉ោង​៦​-៨​យប់​ ​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ។

ក្រុម​បឹងកេត​ជា​ជើងឯក​លីគ​កំពូល​កម្ពុជាឆ្នាំ​២០១៧

សន្និសីទ​សារព័ត៌មាន​កាល​ពី​​វេលា​ម៉ោង​២​ថ្ងៃ​នេះ​​ លោក​ ឆាំង​ ពិសិដ្ឋ លេខា​ប្រតិបត្តិ​នៃ​គណៈកម្មការ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា​​បាន​​និយាយ​​ថា​ ​នេះ​ជា​លើក​ទី​១​ហើយ​ដែល​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​បាន​រៀប​ចំ​ធ្វើ​ពិធី​ពាន​រង្វាន់​នេះ​ឡើង។ ការ​រៀប​ចំ​នេះ​គឺ​ស្រប​តាម​​គោលការណ៍​សហព័ន្ធ​កីឡា​បាល់ទាត់​​អាស៊ាន​ អាស៊ី​ និង​ពិភព​លោក។

លោក​បន្ត​ថា​ ដើម្បី​ឲ្យ​អ្នក​គាំទ្រ​បាន​ចូល​រួម​ក្នុង​ពិធី​ថ្មី​ប្លែក​នេះ​ គណៈកម្មការ​បាន​រៀប​ចំ​លក់​សំបុត្រ​​ដែល​​១​សំបុត្រ​តម្លៃ​៤​ពាន់​រៀល​សម្រាប់​មនុស្ស​ម្នាក់។ រាល់​​ចំណូល​ដែល​ទទួល​បាន​ពី​ការ​លក់​សំបុត្រ​នឹង​យក​ទៅ​ប្រើ​ប្រាស់​កិច្ច​ការ​មនុស្ស​ធម៌​ដែល​ផ្តួល​ផ្តើម​ឡើង​ដោយ​ឯក​ឧត្តម​​ ឌី វិជ្ជា​ ប្រធាន​ គណៈកម្មការ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា។ ក្រៅ​ពី​​អ្នក​គាំទ្រ​ ក្លឹប​ចំនួន​១៤​​​ក្នុង​នោះ​ក្លឹប​ធ្លាក់​ចេញ​ពី​លីគ​កំពូល​កម្ពុជា​គឺ​ គីរីវង់សុខសែន​ជ័យ​ ក្លឹប​មជ្ឈមណ្ឌល​កម្ចាត់​មីន​កម្ពុជា​ និង​​ក្លឹប​ថ្មី​ឡើង​លីគ​រដូវ​កាល​ថ្មី​ សូទីឡូ​អង្គរ​ និង​វិសាខា​ ព្រម​ទាំង​​ក្លឹប​១០​ផ្សេង​ទៀត​ដែល​លេង​​នៅ​លីគ​នឹង​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូល​រួម​​ទាំង​អស់។

សន្និសីទ​សារព័ត៌មាន​​នេះ​​​ធ្វើ​ឡើង​ក្នុង​គោល​បំណង​ដើម្បី​ឲ្យ​មហាជន​បាន​ដឹង​ពី​ពិធី​រៀប​ចំ​ប្រគល់​ពាន​រង្វាន់​នា​ថ្ងៃ​ទី​២៥​ខាង​មុខ​ ប៉ុន្តែ​មិន​ត្រូវ​បាន​ទម្លាយ​ឲ្យ​ដឹង​ថា ​ពាន​រង្វាន់​ទាំង​អស់​មាន​ប៉ុន្មាន​ និង​ប្រាក់​រង្វាន់​ប៉ុន្មាន​​​ឡើយ។

ក្រុម​ព្រះ​ខ័នរាជ​ស្វាយរៀង​ជា​ជើងឯក Hun Sen Cup ឆ្នាំ​២០១៧

ទោះ​បី​ជា​យ៉ាង​ណា​ ពាន​រង្វាន់​ Award Night នេះ​ត្រូវ​​គេ​ដឹង​ថា​ គ្រូ​បង្វឹក​ឆ្នើម​ និង​កីឡាករ​ប្រជា​ប្រិយ​ត្រូវ​បាន​​គណៈកម្មការ​​ដាក់​ឲ្យ​បោះ​ឆ្នោត​តាម​ Facebook។ នរណា​ដែល​ទទួល​បាន​ Likes ច្រើន​ជាង​គេ​នឹង​ត្រូវ​ឈ្នះ​ពាន​រង្វាន់ ព្រម​ទាំង​អាច​មាន​ពាន​រង្វាន់​សម្រាប់​អ្នក​គាំទ្រ​ថែម​ទៀត​ផង។ ​ ពាន​រង្វាន់​​ផ្សេង​​ៗ​​គឺ​​ចេញ​​ពី​​លីគ​បាល់ទាត់​កំពូល​កម្ពុជា​រដូវ​កាល​២០១៧​ និង​ Hun Sen Cup រដូវ​កាល​២០១៧​ ត្រូវ​ប្រគល់​​នា​រាត្រី​​ខាង​មុខ​នេះ​ដែរ​ដូច​ជា​ ពាន​គ្រូ​បង្វឹក​ល្អ​ ​ពាន​​កីឡាករ​រក​គ្រាប់​បាល​បាន​ច្រើន​ជាង​ ពាន​អ្នក​ចាំ​ទី​ល្អ​ និង​ក្រុម​អាជ្ញា​កណ្តាល​ជា​ដើម៕​

លោក ហៅ សុជាតិ គ្រូ​បង្វឹក​ជួយ​បឹងកេត​ឈ្នះ​ពានលីគ​២០១៧
កីឡាករ ប្រាក់ មុន្នីឧត្តម តួសំខាន់​ម្នាក់ជួយ​ស្វាយរៀង​ឈ្នះ​ Hun Sen Cup 2017

អត្ថបទ៖ ជាន ចាន់រ៉ា