កុក បូរីស និយាយមួយឃ្លា រំជួលចិត្ត ក្រោយពីក្រោនមិនបន្ដកុងត្រាឲ្យ
- 2018-01-24 02:37:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កុក បូរីស និយាយមួយឃ្លា រំជួលចិត្ត ក្រោយពីក្រោនមិនបន្ដកុងត្រាឲ្យ
ចន្លោះមិនឃើញ
ក្លឹបភ្នំពេញក្រោន បានចែកផ្លូវគ្នាជាមួយខ្សែការពារ កុក បូរីស ហើយ ក្រោយពីចំណាយពេលនៅធ្វើការជាមួយគ្នាជាច្រើនឆ្នាំមកនេះ។
ក្រោយពីការប្រកាសនៃការចាកចេញនេះដែរ កូនខ្មែរកើតនៅបារាំងរូបនេះបាននិយាយលានិងបង្ហោះសារមួយដែរថា៖ “ខ្ញុំអាចនៅជាមួយក្រោនច្រើនឆ្នាំទៀត ប៉ុន្តែថ្ងៃនេះ គោលដៅថ្មីរបស់ក្រុមគឺពួកគេមិនត្រូវការខ្ញុំទៀតទេសម្រាប់រដូវកាលថ្មី ដូច្នេះខ្ញុំគោរពទៅតាមការសម្រេចនេះ។ ខ្ញុំសូមទោសដល់អ្នកគាំទ្រក្រោនទាំងអស់គ្នា។ នេះមិនមែនជាការសម្រេចរបស់ខ្ញុំទេ ប៉ុន្តែនេះជាការសម្រេចរបស់ក្រោន ហើយខ្ញុំក៏យល់ពីពួកគេដែរ”។
បន្ថែមពីលើនេះដែរ កីឡាករដែលជួយក្រោនឈ្នះលីគកំពូល២រដូវកាលកន្លងមកនេះ បាននិយាយទៀតថារូបគេពិតជាមានមោទនភាពណាស់ដែលបានលេងជាមួយកីឡាករល្អៗដូចជា គួច សុកុម្ភៈ ឃឹម បូរី Obadin Anthony ស៊ូ យ៉ាទី ហុង ផេង និងកីឡាករល្អៗជាច្រើនទៀត។ ដោយកីឡាករល្អៗទាំងអស់នេះ សុទ្ធតែធ្លាប់លេងឱ្យក្លឹបភ្នំពេញក្រោនទាំងអស់។
បូរីស ក្រោយពីចាកចេញនេះដែរ ត្រូវបានគេដឹងថាមានក្លឹបនៅប្រទេសថៃ និងម៉ាឡេស៊ី កំពុងទាក់ទងរូបគេ ឲ្យទៅធ្វើតេស្ដ។ ដូច្នេះដំណឹងក្នុងការទៅលេងនៅក្លឹបថ្មីអាចនឹងមាននាពេលឆាប់ៗនេះ៕