Real Madrid ​គ្រោង​ចាយ​៥០០​លាន​ផោន ​ទិញ​កីឡាករ​៣​នាក់​ពី​អង់គ្លេស

  • 2018-01-27 02:32:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប Real Madrid ​មាន​គម្រោង​នាំ​យក​កីឡាករ​៣​នាក់​ក្នុង​នោះ Harry Kane , Eden Hazard ​និង​អ្នក​ចាំ​ទី David de Gea ​ពី​លីគ​កំពូល​អង់គ្លេស ​ក្នុង​រង្វង់​ទឹក​ប្រាក់​៥០០​លាន​ផោន។

ក្រុម​យក្ស​នៅ​អេស្ប៉ាញ​ខាង​លើ​កំពុង​តែ​មាន​បញ្ហា​មួយ​ចំនួន​នៅ​ក្នុង​ក្រុម​ដែល​មិន​ទទួល​បាន​លទ្ធផល​ល្អ​ប៉ុន្មាន​ប្រកួត​មក​នេះ ធ្វើ​ឱ្យ​បាត់បង់​ពាន​រង្វាន់ Copa del Rey ​និង​សឹង​តែ​បាត់​ La Liga ​ទៀត​ទៅ​ហើយ​រដូវ​កាល​នេះ។ លោក Zidane ​ដែល​ជា​អ្នក​ចាត់ការ​ក្រុម​មិន​មាន​បំណង​ទិញ​ចូល​កីឡាករ​ថ្មី​ឡើយ បើ​ទោះ​ជា​ទម្រង់​លេង​មិន​ល្អ​ដូច​រដូវ​កាល​មុន​ក្ដី។

យ៉ាងណាមិញ ​អនាគត​របស់​អ្នក​ចាត់ការ​រូប​នេះ​អាច​នឹង​ដឹង​ពេល​ប្រកួត​ទល់​ក្រុម PSG ​ក្នុង​ពាន​រង្វាន់ UEFA Champions League ។ ប្រសិន​បើ​ធ្វើ​មិន​បាន​ល្អ​ទេ​នោះ ​ក្លឹប​នឹង​បណ្ដេញ​លោក​ចោល ​ដោយ​តែង​តាំង​អ្នក​ចាត់ការ​ថ្មី ​ដើម្បី​ស្រោចស្រង់​ក្រុម​ឡើង​វិញ។ ក្នុង​គម្រោង​របស់​ Real Madrid ​នៅ​រដូវកាល​ដោះដូរ​កីឡាករ​ខាង​មុខ​នេះ ​ពួកគេ​នឹង​ចំណាយ​ប្រាក់​ច្រើន ដើម្បី​ទិញ​កីឡាករ​ចំណូល​ថ្មី។

ប្រភព​ពី​អេស្ប៉ាញ​បាន​បញ្ជាក់​ថា​ក្លឹប​របស់​លោក Perez ​ចង់​បាន​កីឡាករ​៣​នាក់​ពី​អង់គ្លេស​គឺ​ខ្សែ​ប្រយុទ្ធ​ Kane ​ពី Spurs ​ក្នុង​តម្លៃ​ខ្លួន​ប្រហែល​ជា​២០០​លាន​ផោន ​ខ្សែ​បម្រើ Hazard ​ពី​ Chelsea ​និង​អ្នក​ចាំ​ទី De Gea ​ពី​ក្រុម Manchester United ។ កីឡាករ​ទាំង​៣​នាក់​នេះ ត្រូវ​បាន​គេ​ប៉ាន់ប្រមាណ​ថា​នឹង​មាន​តម្លៃ​រង្វង់​៥០០​លាន​ផោន​ឯ​ណោះ៕

អត្ថបទ៖ មុន្នីរម្យ