អគារខ្មោចរស់ឡើងវិញ មានផលប្រយោជន៍អី្វសម្រាប់អ្នកភ្នំពេញឬអត់?

  • 2018-01-29 02:40:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​គម្រោង​អគារ​ ៤២​ជាន់​ GoldTower ​ជា​គម្រោង​ជាប់​គាំង​យូរបំផុត​នៅកម្ពុជា​​ ពេលនេះ​ម្ចាស់​គម្រោង​អគារ​កប់ពពក​មួយនេះ​ បានចេញ​មុខសន្យា​នៅថ្ងៃ​ទី ២៨ មករា ឆ្នាំ ២០១៨ ថា​ នឹង​បញ្ចប់គម្រោង​ឲ្យ​រួច​រាល់​នៅមុន​ឆ្នាំ ២០២០​។ ​ការ​ចាប់​ផ្ដើម​សាងសង់​ឡើងវិញ​ វា​ពិត​ជាដំណឹងដ៏ប្រពៃ​សម្រាប់​ទីក្រុងភ្នំពេញ​ ស្រប​ពេល​វិស័យ​អចលនទ្រព្យ​នៅកម្ពុជា​កំពុង​មាន​សន្ទុះនាពេលបច្ចុប្បន្ន។

ជុំវិញការរស់ឡើងវិញនៃអគារខ្មោចកណ្ដាលក្រុងនេះ អ្នកវិភាគ​សេដ្ឋកិច្ច​ លោក ង៉ែត ជូ ​បានលើកឡើងថា ទីក្រុង​ចំណេញ​មុខមាត់ តែ​ពលរដ្ឋ​ហាក់​បាន​ប្រយោជន៍​តិចតួច​។ លោកបន្តថា​ រឿងល្អទី១ នោះ គឺ​បាន​ដោះស្រាយ​ឲ្យអតិថិជន​ដែល​បាន​ទិញ​រួច​ និងទី២ ជាសញ្ញាល្អលើវិស័យអចលនទ្រព្យ។

លោកថា៖ «ការសម្រួលកេរ្តិ៍ឈ្មោះ និងបរិយាកាសឲ្យកម្ពុជា​ក្នុងការ​ទាក់ទាញវិនិយោគ ព្រោះថា​ការផ្អាក​ដំណើរ​ការយូរ​ពេក​ អគារ​នេះ​​ស្ទើរតែ​ក្លាយទៅ​ជា អគារ​ខ្មោច និង​ជានិមិត្តរូប​មិនល្អមួយ​នៃការអភិវឌ្ឍ​វិស័យ​សំណង់​នៅកម្ពុជា​»។ សម្រាប់ពលរដ្ឋនៅទីក្រុងនឹងសប្បាយចិត្ត​ ព្រោះថា​កន្លងមក​នៅពេល​ឆ្លងកាត់​ ឃើញ​អគារ​ជាប់គាំងនៅ​កណ្ដាល​ក្រុង​បែបនេះ ​វាដូចជា​មិនសម​ទំនង​ឡើយ។

លោក​បញ្ជាក់ថា​ ការសាងសង់​អគារខ្ពស់​ៗនៅកណ្ដាល​ក្រុង មិនមាន​ជួយអ្វី​ដល់ប្រជាជន​ឡើយ​ ប៉ុន្តែ​បើ​ងាក​មក​សាងសង់​សួន​ច្បារ​សម្រាប់​លំហែ​កាយ​វិញនោះ ​ពលរដ្ឋ​ពិតណាស់​នឹង​ចំណេញ​ទាំង​​សុខភាព​ផ្លូវកាយ​ និង​ផ្លូវចិត្ត​។

បញ្ហាជាប់​គាំងអគារ​ស្អុយ​កណ្ដាលក្រុង​ ត្រូវបាន​ម្ចាស់គម្រោង​បញ្ជាក់ក្រោម​ហេតុផលថា ​ដោយសារ​វិបត្តិសេដ្ឋកិច្ច​អំឡុងឆ្នាំ ២០០៨​។ ​លោក Kim Tae Yeon ​អគ្គនាយក​ក្រុមហ៊ុន YON WOO អភិវឌ្ឍ​អគារ៤២​ជាន់ ឲ្យដឹងថា ក្រុមហ៊ុនបានបន្ថែម​ទុន ១៥០​លាន​ដុល្លារ​លើ​គម្រោង Golden Tower ​មួយ​នេះ ដោយ​កាល​ពី​មុន​ធ្លាប់​បាន​បោះទុន​ចំនួន​១០០​លាន​ដុល្លារ រួច​មក​ហើយ។ ​បច្ចុប្បន្ន​អគារបានសាង​សង់ដល់​ជាន់ទី​ ២៨ ​ហើយនៅ​ក្នុងឆ្នាំ ២០១៨ សម្រេចឲ្យបាន​ ៣៦ជាន់​៕

(​លោក Kim Tae Yeon ម្ចាស់គម្រោង​អគារ ៤២ជាន់)

អត្ថបទ៖ ស៊ិន សាវ៉េត

អត្ថបទថ្មី