រថភ្លើង​អាកាសគ្មាន​មនុស្ស​បើក​ ដែល​ជិត​មាន​នៅ​ខ្មែរ​ កើត​មាន​តាំង​ពី​ឆ្នាំ​ណា​មក?

  • 2018-01-30 01:47:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួង​សាធារណការ ​និង​ភ្នាក់ងារ​ JICAរបស់​ជប៉ុន ​បាន​កំពុង​សិក្សា​ដើម្បី​សាងសង់​ផ្លូវ​រថ​ភ្លើង​លើ​អាកាស​ដំបូង​បង្អស់​នៅ​កម្ពុជា​។ ​រថ​ភ្លើង​លើ​អាកាស​នេះ​ទៀត​សោត​​ជា​ប្រភេទ​រថភ្លើង​ AGT ដែល​មាន​ល្បឿន​លឿន​ពិសេស​មួយ​សម្រាប់​រត់​នៅ​ទីប្រជុំជន​ ​ដែល​​ដំណើរ​ការ​ដោយ​គ្មាន​មនុស្ស​បើក​។

រូបគម្រូរថភ្លើងក្រសួងធ្លាប់បង្ហាញកន្លងមក

AGT មក​ពី​ពាក្យ​ពេញ​ថា​ Automated Guideway Transit ប្រើ​សម្គាល់​លើ​​ប្រព័ន្ធ​​ធ្វើ​ដំណើរ​​ស្វ័យប្រវត្តិ​ គ្មាន​អ្នក​បើកបរ​ ដែល​ក្នុង​នោះ​​​រថភ្លើង​អាច​ដំណើរ​ការ​ទៅ​មុខ​ដោយ​ស្វ័យប្រវត្តិ​តាម​រយៈ​ប្រព័ន្ធ​កុំព្យូទ័រ។ AGT នេះ​ត្រូវ​បាន​គេ​យក​ទៅ​ប្រើ​ប្រាស់​សម្រាប់​​ ដឹក​ជញ្ជូន​​មនុស្ស​​ក្នុង​ទ្រង់ទ្រាយ​តូច​ ​​​ដូច​ជា​​នៅ​តាម​ព្រលាន​យន្តហោះ និង​​ដឹក​ជញ្ជូន​មនុស្ស​ក្នុង​ទ្រង់ទ្រាយ​ធំ​ ដូច​ជា​ខ្សែ​រថភ្លើង​​អាកាស​​ក្នុង​​ទីក្រុង​ Vancouver ប្រទេស​កាណាដា​ជា​ដើម។

រថភ្លើងអាកាសក្នុង​​ទីក្រុង​ Vancouver

​ចំពោះ​ការ​ប្រើ​សម្រាប់​​ដឹក​ជញ្ជូន​​មនុស្ស​​ក្នុង​ទ្រង់ទ្រាយ​តូច គេ​ឃើញ​មាន​ប្រើ​ប្រាស់​ដំបូង​គេ​នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​ Tampan ក្នុង​រដ្ឋ​ Florida សហរដ្ឋអាមេរិក​ នា​ឆ្នាំ​ ១៩៧១។ ប្រព័ន្ធ​រថភ្លើង​ AGT ទាំង​នៅ​លើ​អាកាស​ និង​លើ​ដី​ ដែល​ប្រើ​នៅ​ព្រលាន​យន្តហោះ​នេះ​ ​អាច​ឲ្យ​គេ​ពង្រីក​​សមត្ថភាព​ដឹក​ជញ្ជូន​​ដោយ​មិន​ចាំ​បាច់​ពង្រីក​ទីតាំង។

AGT នៅព្រលាន​យន្តហោះ​អន្តរជាតិ​ Tampan

ប្រព័ន្ធ​រថភ្លើង AGT ខ្នាត​តូច​នេះ​​ត្រូវ​បាន​ដំឡើង​នៅ​ព្រលាន​យន្តហោះ​​​​ធំៗ​មួយ​ចំនួន​នៅ​ជុំវិញ​ពិភពលោក​ ដែល​ជា​ទូទៅ​វា​ត​ភ្ជាប់​ពី​​ស្ថានីយ​អ្នក​ដំណើរ​ (Terminal) ទៅ​កាន់​​កន្លែង​ចត​រថយន្ត។ ក្រៅ​ពី​នេះ​​ប្រព័ន្ធ​ AGT ក៏​ត្រូវ​បាន​ប្រើ​នៅ​សួន​កម្សាន្ត​ធំៗ​ផង​ដែរ។

AGT ប្រើ​នៅ​សួនកម្សាន្ត​ Walt Disney

ដោយ​ឡែក​​​ខ្សែ​រថភ្លើង​ Port Island Line នៃ​ទីក្រុង​ Kobe ​ប្រទេស​ជប៉ុន​ គឺ​ជា​ខ្សែ​រថភ្លើង​ដំបូង​គេ​ដែល​បាន​ប្រើ​ប្រព័ន្ធ​ AGT ក្នុង​ទ្រង់ទ្រាយ​ធំ ដែល​ចាប់​ផ្ដើម​ដំណើរ​ការ​នៅ​ឆ្នាំ​ ១៩៨១។ វា​ត​ភ្ជាប់​ស្ថានីយ​រថភ្លើង​ធំ​របស់​ Kobe គឺ​ស្ថានីយ​ Sannomiya ជា​មួយ​នឹង​តំបន់​​ចំណត​កប៉ាល់​ និង​ព្រលាន​យន្តហោះ​ Kobe។ ប្រព័ន្ធ​ស្រដៀង​គ្នា​ក៏​ត្រូវ​បាន​ដំឡើង​នៅ​តំបន់​​ដទៃ​ទៀត​ក្នុង​ប្រទេស​ជប៉ុន​ជា​បន្ត​បន្ទាប់​ផង​ដែរ។

ខ្សែ​រថភ្លើង​ Port Island Line នៃ​ទីក្រុង​ Kobe

​​​​

​គួរ​ដឹង​ថា​បច្ចុប្បន្ន​នេះ​ រថភ្លើង​ AGT ដែល​មាន​ល្បឿន​លឿន​ជាង​គេ​បំផុត​គឺ​ផលិត​ឡើង​ដោយ​ក្រុមហ៊ុន​ Mitsubishi Heavy Industries ​របស់​ជប៉ុន​ ដែល​រត់​បាន​ដល់​ល្បឿន​ ១២០ គ.ម/ម៉ លឿន​ជាង​រថភ្លើង​​ AGT ​ធម្មតា​ដល់​ទៅ​ពីរ​ដង។

រថភ្លើង AGT ល្បឿនលឿន

​​ដោយ​ឡែក​រថភ្លើង​លើ​អាកាស​ថ្មី​បំផុត​នៅ​កម្ពុជា ​អាច​នឹង​រត់​ក្នុង​ល្បឿន​ចន្លោះ​ពី ៣៥ ទៅ ៤០គីឡូ ក្នុង​មួយ​ម៉ោង​។ ​នេះ​បើ​តាម ​លោក​ វ៉ា ស៊ឹមសូរិយា ​អ្នកនាំ​ពាក្យ​នៃ​ក្រសួង​ក្រសួង​សាធារណការ​​បាន​បញ្ជាក់៕​​​​​​​​

ប្រភព៖ Wikipedia | MHI   ប្រែ​សម្រួល៖ សុខហេង