ថ្ងៃបុណ្យមាឃបូជា គួដឹងពីឱវាទធំៗទាំងបី របស់ព្រះសម្មាសម្ពុទ្ធ
- 2018-01-30 23:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថ្ងៃបុណ្យមាឃបូជា គួដឹងពីឱវាទធំៗទាំងបី របស់ព្រះសម្មាសម្ពុទ្ធ
ចន្លោះមិនឃើញ
ប្រទេសកាន់ព្រះពុទ្ធសាសនាថេរវាទមួយចំនួនដូចជាកម្ពុជា ឡាវ ថៃ និងមីយ៉ាន់ម៉ាជាដើមប្រារពពិធីបុណ្យមាឃបូជា ដូចគ្នានៅថ្ងៃ១៥កើត ខែមាឃ ខណៈពិធីបុណ្យនេះជាពិធីធំមួយសម្រាប់ពុទ្ធិសាសនិក។
ក្នុងឱកាសថ្ងៃ១៥ កើត ខែមាឃ កាលពីជាង២៥៦០ឆ្នាំមុននៃពុទ្ធសករាជ ព្រះសម្មាសម្ពុទ្ធទ្រង់បានសម្តែងនូវឱវាទទូន្មានដល់មនុស្សជាតិឲ្យរូចផុតពីទុក្ខទាំងឡាយ។
ព្រះភិក្ខុ វ៉ង សុភស្ត សាស្ត្រាចារ្យផ្នែកទស្សនវិជ្ជានៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ មានសង្ឃដីកា ថានាឱកាសនោះព្រះពុទ្ធបានផ្តល់ជាឱវាទធំៗដោយសង្ខេបចំនួនបីដើម្បីប្រកាសឲ្យពិភពលោកបានដឹងពីព្រះពុទ្ធសាសនា។
ព្រះពុទ្ធោវាទទីមួយគឺហាមប្រព្រឹត្តអំពើបាបទាំងឡាយ ដែលនាំឲ្យមានទុក្ខទោស ដល់អ្នកដទៃ ឬគ្រោះថ្នាក់ដល់អ្នកដទៃ។ ពុទ្ធឱវាទទីពីរគឺ ធ្វើតែអំពើល្អ វៀរចាកអំពើអាក្រក់ទាំងឡាយ មានចិត្តមេត្តា ករុណា មិនសម្លាប់បៀតបៀនជីវិតអ្នកដទៃ និងប្រកមដោយព្រហ្មវិហាធម៌។ ចំណែកពុទ្ធឱវាទចុងក្រោយគឺការអំរំផ្លូវចិត្ត លះបង់កិលេស ចាកចេញពីលោភៈ ទោសៈ ទាំងឡាយ។ នេះបើតាមការបញ្ជាក់របស់ព្រះភិក្ខុ វ៉ង សុភស្ត ដដែល។
ព្រះអង្គបន្តថាៈ «បើមានរឿងអ្វីព្រះពុទ្ធឲ្យយកអហិង្សាទៅដោះស្រាយ មិនឲ្យយកហិង្សាទៅដោះស្រាយទេ អ៊ីចឹងព្រះពុទ្ធសាសនាប្រឆាំងសង្គ្រាម មិនឲ្យមានសង្គ្រាមទេ បើសិនជាពិភពលោកនេះប្រតិបត្តិតាមឱវាទព្រះពុទ្ធបានន័យថាអត់មានសង្គ្រាម អត់មានផលិតអាវុធ...ព្រះអង្គហាមមិនឲ្យកាប់សម្លាប់គ្នាទេ...ទោះបីមានការកាន់សាសនាខុសគ្នា មានជំនឿខុសគ្នាអី មិនឲ្យប្រកាន់រើសអើងគ្នាទេ បើនិយាយទៅព្រះពុទ្ធសាសនា និងសិទ្ធិមនុស្សគឺតែមួយទេ គឺដូចគ្នា»។
ថ្វីត្បិតតែប្រជាពលរដ្ឋខ្មែរភាគច្រើនកាន់ព្រះពុទ្ធសាសនាក៏ពិតមែន តែព្រះអង្គ វ៉ង សុភស្ត មើលឃើញថាប្រជាពលរដ្ឋខ្មែរខ្លះមិនបានអនុវត្តតាមពុទ្ធោវាទទាំងនេះឲ្យបានខ្ជាប់ខ្ជួននោះទេ។ សូម្បីតែនៅថ្ងៃពិធីបុណ្យមាឃបូជា ក៏ព្រះអង្គថាមានពលរដ្ឋខ្លះមិនបានទៅវត្តផងក៏មាន។
ព្រះអង្គបន្តថាៈ «រាជរដ្ឋាភិបាលឲ្យឈប់សម្រាក តែគាត់អត់នាំគ្នាទៅវត្ត ដើម្បីប្រតិបត្តិសាសនាទេ...គាត់អត់ចាប់អារម្មណ៍ អាត្មាសួរអ្នករត់ម៉ូតូឌុប រ៉ឺម៉ក មួយចំនួន...គាត់អត់ដឹងអត្ថន័យ អត់ដឹង គាត់អត់ចាប់អារម្មណ៍»។
ក្រៅពីពុទ្ធោវាទធំៗទាំងបីនេះ នៅវេលានោះដែរ ព្រះសម្មាសម្ពុទ្ធក៏បានប្រកាសពីការដាក់អាយុសង្ខាររបស់ព្រះអង្គផងដែរ៕