ផ្ទះ​បែរ​មុខ​ទិស​ខាង​ជើង បើ​ដុត​ផាវ-លោត​ម៉ុងសាយ ពេល​ចូល​ឆ្នាំ​ចិន​នេះ នឹង​មាន​រឿង​ស៊យ​បំផុត

  • 2018-02-01 04:50:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឆ្នាំ ២០១៨ នេះ ទិស​ដែល​ស៊យ​អចិន្ត្រៃយ៍​ខ្លាំង​បំផុត​នៅ​ក្នុង​ក្បួន​ហុងស៊ុយ គឺ​ទិស​ខាង​ជើង ដែល​ស្ថិត​នៅ​ចន្លោះ​អង្សា ៣១៥-៤៥ (ដឺក្រេ)។ មាន​ន័យ​ថា អ្នក​មាន​ផ្ទះ​បែរ​មុខ​ទៅ​ខាង​ជើង​ក្នុង​ចន្លោះ​អង្សា​នេះ នឹង​មាន​រឿង​ស៊យ​ខ្លាំង បើ​មាន​ការ​ជួសជុល ឬ​សំឡេង​ក្ដុងក្ដាំង​នៅ​ទិស​ហ្នឹង​តែ​ម្ដង។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​អ្នក​គ្រូ ឡុង ណាលី អគ្គ​នាយិកា​ស្ថាប័ន ម៉ាស្ទ័រ ណាលី ហុងស៊ុយ។

គ្រូ​ហុងស៊ុយ​កំពុង​ល្បី​លេច​មុខ​លើ​ទូរទស្សន៍​ធំ​ក្នុង​ស្រុក​រូប​នេះ បាន​ផ្ដល់​បទ​សម្ភាស​ផ្ដាច់​មុខ​ដល់ Sabay ថា៖ "ចំពោះ​អ្នក​មាន​ផ្ទះ​បែរ​មុខ​ទៅ​ទិស​ខាង​ជើង ឆ្នាំ​២០១៨ នេះ មិន​ត្រូវ​ជួសជុល ស្វាន គាស់​ការ៉ូ កាប់​ដើម​ឈើ​មុខ​ផ្ទះ ឬ​ធ្វើ​ឲ្យ​មាន​សំឡេង​ក្ដុងក្ដាំង​ដាច់​ខាត​នៅ​ទិស​ខាង​ហ្នឹង បើ​មិន​អ៊ីចឹង​ទេ នឹង​ជួប​គ្រោះ​ណា​មួយ​ក្នុង​រយៈ​ពេល ៧ ថ្ងៃ៖

  • អាច​ឆេះ​ជើង​ធូប ឆេះ​ផ្ទះ
  • អាច​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍
  • អាច​បាត់​បង់​របស់ ឬ​មាន​ចោរ​ប្លន់
  • ឈ្លោះ​ប្រកែក​ទាស់ទែង​ក្នុង​ក្រុម​គ្រួសារ"។

អ្នក​គ្រូ ណាលី បាន​បញ្ជាក់​ថា សូម្បី​តែ​ដុត​ផាវ ឬ​លោត​ម៉ុងសាយ​ពេល​ចូល​ឆ្នាំ​ចិន នៅ​មុខ​ផ្ទះ​ដែល​បែរ​មុខ​ទៅ​ទិស​ខាង​ជើង​នេះ ក៏​មាន​គ្រោះ​ដូច​ខាង​លើ​ដែរ ភ្លាមៗ​ក្នុង​រយៈ​ពេល ១ សប្ដាហ៍។

ចុះ​មាន​ទិស​ស៊យ​ផ្សេង​ទៀត​ដែរ​អត់?

តប​នឹង​សំណួរ​នេះ គ្រូ​ហុងស៊ុយ​ដែល​ត្រូវ​ការ​ណាត់​មុន​ជិត ២ ខែ​ទើប​បាន​ជួប​រូប​នេះ បន្ត​ថា ក្រៅ​ពី​ទិស​ខាង​ជើង (៣១៥ – ៤៥ អង្សា) នៅ​មាន​ទិស​រោង គឺ​ទិស​ខាង​ត្បូង​ឆៀង​កើត (អាគ្នេយ៍) ដែល​មាន​ចន្លោះ​អង្សា ១១៥ – ១៣៥ ហើយ​ស៊យ​ដូច​គ្នា បើ​ករណី​មាន​ការ​ជួសជុល កាប់​ដើម​ឈើ ឬ​សំឡេង​ក្ដុងក្ដាំង​នៅ​ទិស​ខាង​ហ្នឹង។

ចុះ​អ្នក​មាន​ផ្ទះ​បែរ​មុខ​ទិស​ផ្សេងៗ តែ​ជួល​ជុល ឬ​មាន​សំឡេង​ក្ដុងក្ដាំង​នៅ​ទិស​ខាង​ជើង ឬ​ត្បូង​ឆៀង​កើត ស៊យ​ដែរ​អត់?

អ្នក​គ្រូ ណាលី បាន​ប្រាប់​មួយ​ម៉ាត់​យ៉ាង​ខ្លី​ថា គឺ​ស៊យ​ដូច​គ្នា ឲ្យ​តែ​មាន​ការ​ជួសជុល កាប់​ដើម​ឈើ ស្វាន មាន​សំឡេង​ក្ដុងក្ដាំង ដុត​ផាវ លោត​ម៉ុងសាយ នៅ​ទិស​ខាង​ជើង (៣១៥ – ៤៥ អង្សា) និង​ត្បូង​ឆៀង​កើត (១១៥ – ១៣៥ អង្សា)។

ទោះ​បី​យ៉ាង​ណា​ក៏​ដោយ អ្នក​គ្រូ​បង្ហើប​ថា បើ​ផ្ទះ​បែរ​មុខ​ទៅ​ទិស​ខាង​ជើង​ចំ ហើយ​មាន​ករណី​ជួសជុល ឬ​សំឡេង​ដូច​រៀបរាប់​ខាង​ដើម គឺ​ស៊យ​ពេញ​មួយ​ផ្ទះ​គ្រប់​សមាជិក​គ្រួសារ។ បើ​ផ្ទះ​បែរ​មុខ​ទៅ​ផ្សេង តែ​មាន​ករណី​ជួសជុល ឬ​សំឡេង​ដូច​រៀបរាប់​ខាង​ដើម គឺ​ម្ចាស់​ផ្ទះ​ស៊យ។ ជា​ពិសេស​អ្នក​ឆ្នាំ​រោង ដែល​ឆុង​នៅ​ឆ្នាំ​នេះ​តែ​ម្ដង ស៊យ​ជាង​គេ​បំផុត បើ​គេ​ជួសជុល ឬ​បង្ក​ក្ដុងក្ដាំង (ខ្ទ័រ​ដី) ហើយ​ឈរ​បែរ​មុខ ឬ​បែរ​ខ្នង​ចំ​ទិស​ខាង​ជើង និង​ត្បូង​ឆៀង​កើត។

ចុះ​ស៊យ​ដែរ​អត់ បើ​ផ្ទះ​គេ​ផ្សេង​ដែល​ស្ថិត​នៅ​ខាង​ជើង ឬ​ត្បូង​ឆៀង​កើត​នៃ​ផ្ទះ​របស់​អ្នក មាន​សំឡេង​ក្ដុងក្ដាំង ជួសជុល ឬ​ដុត​ផាវ លោត​ម៉ុងសាយ?

ចម្លើយ គឺ​ស៊យ​ដូច​គ្នា។

ចុះ​ត្រូវ​បង្ការ​ស៊យ​ម៉េច​ទៅ?

ត្រង់​នេះ អ្នក​គ្រូ ណាលី បាន​ណែនាំ​ដល់​អ្នក​មាន​ផ្ទះ​បែរ​មុខ​ទៅ​ទិស​ខាង​ជើង ឲ្យ​ចាប់​អំពូល​ភ្លើង/ហ្វា ពណ៌​បៃតង ដើម្បី​ពិឃាដ​ទិស​ឆុង​នោះ នៅ​មុខ​ផ្ទះ។ វិធី​នេះ គឺ​បង្ការ​ស៊យ​ក្នុង​ករណី​ផ្ទះ​គេ​ផ្សេង​ជួសជុល ឬ​បង្ក​សំឡេង​ក្ដុងក្ដាំង ហើយ​អាច​បង្ការ​ស៊យ​បាន​ត្រឹម ៧០% ប៉ុណ្ណោះ៕

អត្ថបទ៖ សុផាត