រឿងអាស្រូវមិនចេះចប់ ប៉ុន្តែ Apple លក់ iPhone បានលុយច្រើនជាងឆ្នាំ ២០១៦ ទៅទៀត
- 2018-02-02 04:04:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿងអាស្រូវមិនចេះចប់ ប៉ុន្តែ Apple លក់ iPhone បានលុយច្រើនជាងឆ្នាំ ២០១៦ ទៅទៀត
ចន្លោះមិនឃើញ
មុននេះបន្តិច Apple បានប្រកាសចេញរបាយការណ៍ហិរញ្ញវត្ថុប្រចាំត្រីមាសទី ១ សម្រាប់ឆ្នាំ ២០១៨ ដែលគិតចាប់ពីខែថ្ងៃទី ១ ខែតុលា ដល់ថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០១៧។
សម្រាប់ត្រីមាសដំបូងនេះ Apple អាចរកចំណូលបាន ៨៨,៣ ពាន់លានដុល្លារ ដោយក្នុងនោះមាន ២០,១ ពាន់លានដុល្លារ ជាប្រាក់ចំណេញ។ ធៀបនឹងពេលដូចគ្នានៅឆ្នាំ ២០១៦ រកចំណូលបាន ៧៨,៤ ពាន់លានដុល្លារ និងបានប្រាក់ចំណេញ ១៧,៩ ពាន់លានដុល្លារ ។
ចំណូលដ៏ច្រើនក្រាស់ក្រែលនេះ Apple អាចរកបានតាមរយៈការលក់ iPhone បាន ៧៧,៣ លានគ្រឿង ធៀបនឹងឆ្នាំមុនលក់បាន ៧៨,៣ លានគ្រឿង ។ លក់ iPad បាន ១៣,២ លានគ្រឿង កើនឡើងលើសឆ្នាំមុនដែលលក់បាន ១៣,១ លានគ្រឿង និងចំនួនលក់កុំព្យូទ័រ Mac ធ្លាក់ចុះមកនៅត្រឹម ៥,១ លានគ្រឿង ដោយឆ្នាំមុនលក់បាន ៥,៤ លានគ្រឿង ។
លោក Tim Cook នាយកប្រតិបត្តិក្រុមហ៊ុន Apple លើកឡើងថា ៖
"ពួកយើងរំជើបរំជួលនឹងការប្រកាសអំពីការរកចំណូលបានច្រើនបំផុតប្រចាំត្រីមាសក្នុងប្រវត្តិសាស្ត្ររបស់ Apple ជាមួយនឹងការកើនឡើងចំណូលដ៏ខ្ពស់ពីការលក់ត្រកូល iPhone។ iPhone X ធ្វើបានល្អលើសការរំពឹងទុក ហើយបានក្លាយជា iPhone ដែលលក់ដាច់ជាងគេរាល់សប្ដាហ៍ ចាប់តាំងពីចេញលក់នៅខែវិច្ឆិកាមក”។
Apple ក៏បានព្យាករណ៍ដែរថាសម្រាប់ត្រីមាសទីពីរឆ្នាំ ២០១៨ រំពឹងថានឹងរកចំណូលបានចន្លោះពី ៦០ ទៅ ៦២ ពាន់លានដុល្លារ ៕