ទឹកជំនន់ពីការបាក់ផ្ទាំងទឹកកកនៅនេប៉ាល់នឹងកើតឡើងម្ដងទៀត? អាចព្យាករណ៍ជាមុនបានដែរឬអត់?
- 2026-09-03 04:32:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទឹកជំនន់ពីការបាក់ផ្ទាំងទឹកកកនៅនេប៉ាល់នឹងកើតឡើងម្ដងទៀត? អាចព្យាករណ៍ជាមុនបានដែរឬអត់?
ចន្លោះមិនឃើញ
គ្រោះមហន្តរាយទឹកជំនន់ដ៏ធ្ងន់ធ្ងរមួយនៅតំបន់ព្រំដែននេប៉ាល់-ទីបេ កំពុងបង្កើនការព្រួយបារម្ភថា ការបាក់រលំរបស់ផ្ទាំងទឹកកក និងគ្រោះទឹកជំនន់ភ្លាមៗអាចកើតមានកាន់តែញឹកញាប់នៅតំបន់ជួរភ្នំហិមាល័យ ខណៈសីតុណ្ហភាពពិភពលោកកំពុងកើនឡើង។ នេះបើតាមការចុះផ្សាយរបស់ស្ថាប័ន National Geographic កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦។
កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ ការបាក់រលំផ្ទាំងទឹកកកដ៏ធំនៅតំបន់ភ្នំ Langtang Lirung ជិតព្រំដែននេប៉ាល់ និងទីបេ បានបង្កឱ្យមានការហូរចុះយ៉ាងខ្លាំងនៃទឹក ថ្ម ទឹកកក និងភក់ តាមជ្រលងទន្លេ។ ការវាយតម្លៃដំបូងបង្ហាញថា ផ្នែកមួយនៃថ្មក្រោមផ្ទាំងទឹកកកបានបាក់រលំ ហើយបាននាំយកផ្ទាំងទឹកកកចុះមកជាមួយ បង្កើតជាចលនារអិលដីដ៏ធំមួយ។
គ្រោះមហន្តរាយនេះបានបណ្ដាលឲ្យមនុស្សយ៉ាងតិច១ ១៣០នាក់ និង៤ ៥០០នាក់ទៀតកំពុងបាតឮខ្លួន។ នវបើតាមការផ្សាររបស់វិទ្យុបារាំងអន្តរជាតិថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦។
អ្នកជំនាញនៅតែសិក្សាថាតើទឹកជំនន់នេះកើតឡើងដោយយន្តការណាមួយជាក់លាក់។ ការសន្និដ្ឋានមួយគឺ ថ្មនិងទឹកកកដែលធ្លាក់ចុះយ៉ាងលឿនអាចរាំងទន្លេ Lhende ជាបណ្តោះអាសន្ន និងបង្កើតជាបឹងបណ្តោះអាសន្ន ហើយនៅពេលរបាំងធម្មជាតិនោះបាក់ ទឹកបានហូរចុះយ៉ាងគំហុកទៅខាងក្រោម។ ទំហំទឹក និងរយៈពេលនៃការរាំងទន្លេនៅមិនទាន់ត្រូវបានបញ្ជាក់ច្បាស់នៅឡើយទេ។
ហេតុអ្វីផ្ទាំងទឹកកកកាន់តែមិនស្ថិតស្ថេរ?
អ្នកវិទ្យាសាស្ត្របញ្ជាក់ថា ការឡើងកម្ដៅរបស់ភពផែនដីកំពុងធ្វើឱ្យផ្ទាំងទឹកកករលាយលឿនជាងមុន។ នៅតំបន់ភ្នំខ្ពស់ ការឡើងសីតុណ្ហភាពក៏អាចធ្វើឱ្យស្រទាប់ដីដែលកករឹងជាប់គ្នាអស់រាប់ពាន់ឆ្នាំចាប់ផ្តើមរលាយ។
ស្រទាប់កកនេះដើរតួនាទីដូចជាកាវដែលជួយភ្ជាប់ថ្ម ទឹកកក និងព្រិលនៅតំបន់ភ្នំ។ នៅពេលវាចាប់ផ្តើមខ្សោយ ភ្នំដែលមានជម្រាលចោតអាចកាន់តែមិនស្ថិតស្ថេរ ហើយបង្កើនហានិភ័យនៃការបាក់រលំរបស់ថ្ម ផ្ទាំងទឹកកក និងដី។
លោក Mohan Bahadur Chand អ្នកជំនាញផ្នែកផ្ទាំងទឹកកកនៅសាកលវិទ្យាល័យ Kathmandu ពន្យល់ថា នៅពេលសីតុណ្ហភាពកើនឡើង ការរលាយផ្ទាំងទឹកកកក៏កើនឡើង ហើយការបង្កើតបឹងទឹកកក រួមជាមួយភូមិសាស្ត្រដែលងាយរងការបាក់រលំ អាចធ្វើឱ្យភ្នំកាន់តែមិនស្ថិតស្ថេរ។
តើគ្រោះមហន្តរាយបែបនេះនឹងកើតឡើងញឹកញាប់ជាងមុន?
អ្នកវិទ្យាសាស្ត្រមិនអាចនិយាយថា គ្រោះមហន្តរាយមួយៗបណ្តាលមកពីការឡើងកម្ដៅពិភពលោកតែមួយមុខបានទេ។ កត្តាភូមិសាស្ត្រ ស្ថានភាពថ្ម សីតុណ្ហភាព និងព្រឹត្តិការណ៍ធម្មជាតិផ្សេងៗសុទ្ធតែអាចចូលរួមបាន។
ប៉ុន្តែទិសដៅទូទៅកំពុងបង្ហាញថា ការឡើងកម្ដៅកំពុងបង្កើនអស្ថិរភាពនៅតំបន់ភ្នំខ្ពស់។ អ្នកស្រាវជ្រាវព្យាករណ៍ថា ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ខាងមុខ ទាំងចំនួន និងអាចរួមទាំងទំហំរបស់គ្រោះថ្នាក់ពាក់ព័ន្ធនឹងផ្ទាំងទឹកកក អាចកើនឡើង ប្រសិនបើការឡើងកម្ដៅនៅតែបន្តក្នុងល្បឿនខ្ពស់។
តំបន់ហិមាល័យមានហានិភ័យពិសេស ព្រោះមានផ្ទាំងទឹកកកជាច្រើនស្ថិតនៅលើជម្រាលភ្នំចោត ហើយនៅខាងក្រោមមានជ្រលងទន្លេដែលមានភូមិ ផ្លូវ ស្ពាន និងហេដ្ឋារចនាសម្ព័ន្ធជាច្រើន។ ការសិក្សាមួយក្នុងឆ្នាំ២០១៩ ក៏បានរកឃើញថា មានបឹងទឹកកកចំនួន២១០ ដែលអាចបង្កការគំរាមកំហែងដល់តំបន់រស់នៅតាមរយៈទឹកជំនន់ភ្លាមៗ។
តើអ្នកវិទ្យាសាស្ត្រអាចព្យាករណ៍ការបាក់រលំបានទេ?
ចម្លើយគឺ អាចព្យាករណ៍ហានិភ័យបានខ្លះ ប៉ុន្តែមិនអាចកំណត់បានច្បាស់ថា«ថ្ងៃណា និងទីណា» នឹងរលំទេ។ បទពិសោធន៍ពីប្រទេសស្វីសបង្ហាញថា ការតាមដានជាបន្តបន្ទាប់អាចជួយសង្គ្រោះជីវិតបាន។ នៅឆ្នាំ២០២៥ ផ្ទាំងទឹកកកមួយបានបាក់រលំ និងគ្របដណ្ដប់ភាគច្រើននៃភូមិ Blatten ដោយកម្ទេចកម្ទីប្រមាណ ២០លានតោន។ ប៉ុន្តែប្រជាជនក្នុងភូមិត្រូវបានជម្លៀសចេញមុនប្រហែល៩ថ្ងៃ ដោយសារអ្នកវិទ្យាសាស្ត្រ និងអាជ្ញាធរបានឃើញសញ្ញាថាផ្ទាំងទឹកកកកំពុងមានស្ថានភាពមិនប្រក្រតី។ គ្មានប្រជាពលរដ្ឋណាម្នាក់ស្លាប់ឡើយ ទោះបីការខូចខាតសេដ្ឋកិច្ចមានតម្លៃប្រមាណ៤០០លានដុល្លារក៏ដោយ។
អ្នកស្រាវជ្រាវប្រើបច្ចេកវិទ្យាតាមដានជាច្រើន ដើម្បីស្វែងរកការប្រែប្រួលនៃផ្ទាំងទឹកកក ដូចជា ការផ្លាស់ទីលឿនឡើង ការបាក់ថ្មញឹកញាប់ ការប្រេះស្រាំ និងការប្រែប្រួលនៃទឹកកក ឬដីនៅជុំវិញ។
បញ្ហាគឺ មិនមែនផ្ទាំងទឹកកកទាំងអស់បង្ហាញសញ្ញាដូចគ្នាមុនពេលរលំនោះទេ។ ហើយការតាមដានតំបន់ភ្នំហិកមាល័យទាំងមូលមានភាពស្មុគស្មាញខ្លាំង ដោយសារតំបន់នេះធំ និងមានភ្នំខ្ពស់ជាច្រើន។
បញ្ហាមិនមែនមានតែការបាក់រលំរបស់ផ្ទាំងទឹកកកទេ
ក្រៅពីការបាក់រលំដោយផ្ទាល់ បឹងដែលកើតឡើងពីការរលាយផ្ទាំងទឹកកកក៏ជាប្រភពគ្រោះថ្នាក់ធំមួយដែរ។ ប្រសិនបើរបាំងទឹកកក ឬថ្មដែលទប់បឹងបាក់ ទឹកអាចហូរចុះភ្លាមៗ និងបង្កជាទឹកជំនន់ដ៏ខ្លាំងនៅខាងក្រោម។
លើសពីនេះ ការកសាងអគារ និងហេដ្ឋារចនាសម្ព័ន្ធដោយគ្មានការគ្រប់គ្រងត្រឹមត្រូវនៅតាមដងទន្លេ និងតំបន់លិចទឹក កំពុងបង្កើនចំនួនមនុស្សដែលអាចរងគ្រោះ។ នៅពេលតំបន់ទាំងនេះមានប្រជាជន និងសំណង់កាន់តែច្រើន ផលប៉ះពាល់ពីទឹកជំនន់នាពេលអនាគតក៏អាចកាន់តែធ្ងន់ធ្ងរ។
អ្វីដែលអាចធ្វើបាន?
អ្នកជំនាញលើកឡើងថា ការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់នៅតែជាវិធានការរយៈពេលវែងដ៏សំខាន់ ដើម្បីកាត់បន្ថយការឡើងកម្ដៅ និងការរលាយផ្ទាំងទឹកកក។ ប៉ុន្តែសម្រាប់គ្រោះថ្នាក់ដែលមិនអាចជៀសវាងបាន ការវិនិយោគលើប្រព័ន្ធតាមដានបន្តផ្ទាល់ ផែនទីហានិភ័យ ប្រព័ន្ធព្រមានមុន និងផែនការជម្លៀសសហគមន៍ អាចជួយកាត់បន្ថយការបាត់បង់ជីវិតបានយ៉ាងច្រើន។ នៅនេប៉ាល់ ក្រុមអ្នកជំនាញកំពុងធ្វើការជាមួយអាជ្ញាធរ ដើម្បីកំណត់ទីតាំងដែលអាចមានហានិភ័យ និងរៀបចំផែនទីគ្រោះថ្នាក់ ព្រមទាំងផែនការត្រៀមខ្លួនសម្រាប់សហគមន៍។
ទោះជាយ៉ាងណា ប្រទេសកំពុងអភិវឌ្ឍនៅតំបន់ Hindu Kush Himalaya ប្រឈមនឹងបញ្ហាខ្វះធនធាន និងបច្ចេកវិទ្យាដើម្បីបង្កើតប្រព័ន្ធតាមដានដ៏ទំនើបដែលអាចដំណើរការជាបន្តបន្ទាប់។
ដូច្នេះ សំណួរដ៏សំខាន់មិនមែនត្រឹមតែថា «តើទឹកជំនន់ផ្ទាំងទឹកកកបន្ទាប់នឹងកើតឡើងនៅពេលណា?» នោះទេ ប៉ុន្តែថា «តើយើងអាចរកឃើញសញ្ញារបស់វាទាន់ពេល ដើម្បីជម្លៀសមនុស្សចេញបានដែរឬទេ?»
អ្នកវិទ្យាសាស្ត្រនៅមិនទាន់អាចប្រាប់បានថា ការបាក់រលំធំបន្ទាប់នឹងកើតឡើងនៅទីណា ឬពេលណាឡើយ។ ប៉ុន្តែអ្វីដែលកាន់តែច្បាស់ គឺនៅពេលពិភពលោកកាន់តែក្តៅ អស្ថិរភាពនៅតំបន់ភ្នំខ្ពស់នឹងក្លាយជាបញ្ហាដែលត្រូវត្រៀមខ្លួនជាបន្ទាន់៕
ប្រភព៖ National Geographic