រឿង​ថ្មី Mkhitaryan នឹង​មិន​អាច​ពាក់​អាវ​លេខ ៧ លេង​ឲ្យ Arsenal នៅ​ Europa League បាន​ឡើយ

  • 2018-02-02 14:00:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ចូល​រួម​ជា​ផ្លូវ​ការ​ជាមួយ​នឹង Arsenal កាល​ពី​ខែ​មុន ខ្សែ​បម្រើ​ប្រយុទ្ធ Henrikh Mkhitaryan សម្រេច​ពាក់​អាវ​លេខ ៧ ដែល​ធ្លាប់​ពាក់​ដោយ​ខ្សែ​ប្រយុទ្ធ Alexis Sanchez មុន​ពេល​កីឡាករ​ស៊ីលី​ចាក​ចេញ​ទៅ Manchester United។ ទោះ​ជា​យ៉ាង​ណា ខ្សែ​បម្រើ​អាមេនា នឹង​មិន​អាច​ពាក់​អាវ​លេខ​នេះ បាន​ឡើយ​នៅ​ក្របខ័ណ្ឌ Europa League ។ ក្នុង​ថ្ងៃ​នេះ Mkhitaryan សម្រេច​យក​អាវ​លេខ ៧៧​ដើម្បី​ពាក់​លេង​ក្នុង​កម្មវិធី​នេះ។

មូល​ហេតុ​ដែល Mkhitaryan មិន​អាច​ពាក់​អាវ​លេខ ៧ ក្នុង​កម្មវិធី Europa League រដូវ​កាល​នេះ គឺ​ដោយ​សារ​តែ​បទ​បញ្ជា​របស់​សហភាព​នៃ​សមាគម​បាល់ទាត់​អឺរ៉ុប (UEFA)។ បទ​បញ្ជា​បាន​ហាម​មិន​ឲ្យ​កីឡាករ​ពាក់​អាវ​លេខ​ដូច​គ្នា​ ដើម្បី​លេង​ក្នុង​ក្របខ័ណ្ឌ​អឺរ៉ុប​ក្នុង​រដូវ​កាល​តែ​មួយ។ ដូច្នេះ ដោយសារ Alexis Sanchez (អតីត​ម្ចាស់​អាវ​លេខ ៧​ របស់ Arsenal) បាន​បង្ហាញ​ខ្លួន​លេង​ឲ្យ​ក្លឹប ក្នុង​ Europa League កាល​ពី​ខែ​កញ្ញា​កន្លង​ទៅ នាំ​ឲ្យ Mkhitaryan (ម្ចាស់​អាវ​លេខ​ ៧​ថ្មី) មិន​អាច​ប្រើ​ប្រាស់​អាវ​លេខ​នេះ​បាន​ទេ ក្នុង​កម្មវិធី​នេះ ពោល​គឺ​ត្រូវ​ពាក់​អាវ​លេខ​ផ្សេង។ ក្នុង​ថ្ងៃ​នេះ កីឡាករ​អាមេនា​បាន​ជ្រើស​រើស​យក​លេខ ៧៧។

សូម​បញ្ជាក់​ផង​ដែរ​ថា ក្រៅ​ពី​កម្មវិធី Europa League ខ្សែ​បម្រើ Mkhitaryan នៅ​តែ​អាច​បន្ត​ប្រើ​ប្រាស់​អាវ​លេខ ៧ ក្នុងការលេងឲ្យ Arsenal បានដដែល៕

ប្រភព៖ Metro | Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម