និស្សិត​​ហុងកុង​​ជា​ច្រើន​នាក់​តវ៉ា​មិនចង់​ឲ្យ​សាលា​ដាក់​បញ្ចូល​មុខវិជ្ជា​ភាសា​ចិន​កុកងឺ​សម្រាប់​ការ​ប្រលង​ចេញ​របស់​ពួកគេ

  • 2018-02-04 07:32:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

និស្សិត​​ហុងកុង​២​នាក់​ ត្រូវ​បាន​គម្រាម​សម្លាប់​ តាមរយៈ​សារ​ផ្ញើ​ចូល​គណនី​ facebookបន្ទាប់​ពី​ពួកគេ​តវ៉ា​អស់​ជាច្រើន​សប្តាហ៍ មិន​ពេញចិត្ត​រឿង​​សាលា​បញ្ចូល​​មុខវិជ្ជា​ថ្នាក់ភាសា​ចិន​កុកងឺ​ ដែល​ពួកគេ​ដាច់​ខាត​ត្រូវ​ប្រលង​ឲ្យ​ជាប់​ដើម្បី​បញ្ចប់​ថ្នាក់​បរិញ្ញាប័ត្រ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន The South China Morning Post ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុងហុងកុង​ទើប​បាន​ចុះ​ផ្សាយ។ ​​​​​

Andrew Chan Lok-Hang (ឆ្វេង) Lau Tsz-kei (ស្តាំ)

និស្សិត​ឆ្នាំ​ទី៥​ផ្នែកឱសថ លោក Andrew Chan Lok-Hang និង ប្រធានសហជីព​និស្សិត​លោក Lau Tsz-kei ជា​និស្សិត​ហុងកុង​២​នាក់​ក្នុង​ចំណោម​និស្សិត​ជាង​៣០​នាក់ នៃ​សាកល​វិទ្យាល័យ Hong Kong Baptist University ផ្តើម​ការ​តវ៉ា​តាំង​ពីថ្ងៃ​ទី១៧ ខែ​មករា ព្រោះ​មិន​ពេញចិត្ត​គោលការណ៍​សាលាដែល​បញ្ចូល​មុខវិជ្ជាភាសាចិនកុកងឺចាំបាច់ត្រូវតែរៀន ខណៈ​ដែល​ខាង​សាកលវិទ្យាល័យ​ក៏​បាន​សម្រេច​ផ្អាក​មិន​ឲ្យ​​គេ​២​នាក់​ចូលរៀន​​រយៈពេល​១​សប្តាហ៍។ ប្រភព​ខាង​លើ​បន្ត។​

ហុងកុង​ដែល​នៅ​ក្រោម​អាណានិគម​អង់គ្លេស​១៥៥​ឆ្នាំ រហូត​មក​ដល់​ឆ្នាំ​១៩៩៧ ហាក់​មាន​ទំនោរ​ទៅ​តាម​ការ​រស់នៅ​តាម​បែប​បច្ចឹម​លោក ម្ល៉ោះ​ហើយ​រដ្ឋាភិបាល​ប៉េកាំង​បាន​យល់ព្រម​អនុវត្ត "One Country, Two Systems” ដែល​មាន​ន័យ​ថា​ចិន​កុម្មុយនីស្ត អនុញ្ញាត​ឲ្យ​ទីក្រុង​ហុងកុង​​មាន​គោលនយោបាយ​តាម​បែប​លិទ្ធិប្រជាធិបតេយ្យ​ដែល​ពួកគេ​ចង់​បាន។ ការ​នេះ​ក៏​ប្រហែល​ជា ធ្វើ​ឲ្យ​និស្សិត​ហុងកុងមួយចំនួន​ដែល​និយាយ​ភាសា​​ចិន​កាតាំង ​មិន​ចង់​រៀន​ភាសាចិនផងដែរ ខណៈ​និស្សិតហុងកុង​នៅ​សាកលវិទ្យាល័យ​ខាង​លើ​ប្រមាណ​៧០% ធ្លាក់​មុខ​វិជ្ជាចិន​កុកងឺ​ដើម្បី​ប្រលង​បញ្ចប់​បរិញ្ញាប័ត្រ​របស់​ពួកគេ។

​និស្សិត​ពេទ្យ​ខាង​លើ ដែល profile របស់​គេ​លេចធ្លោ​ខ្លាំង​នៅ​ក្នុង​ការ​តវ៉ា បាន​និយាយ​ថា មាន​សារ​រាប់រយ​ផ្ញើ​មក​កាន់ facebook របស់​គេដើម្បី​​គម្រាម​សម្លាប់។ Chan ត្រូវ​បង្ខំ​ចិត្ត​​ពន្យាពេល​ក្នុង​ការ​ចុះ​កម្មសិក្សា​របស់​ខ្លួន​នៅ​មន្ទីរពេទ្យ​ក្វាងចូវ​ ក្នុង​ខេត្តក្វាងតុង ដែល​មាន​ព្រំប្រទល់​ជាប់​នឹង​ហុងកុង។ និស្សិត​ពេទ្យ​ឆ្នាំ​ទី៥​ខាង​លើ បច្ចុប្បន្ន​ក៏​បាន​ចេញពីផ្ទះ និង ​កំពុង​រស់​នៅ​ខាង​ក្រៅ​ជាមួយ​មិត្តភក្តិ ព្រោះ​ដើម្បី​សុវត្ថិភាពក្រុមគ្រួសារ​របស់​គេ។ ប្រភព​ខាងលើ​បន្ថែម។

"វា​ជា​អ្វី​ដែល​ត្រឹមត្រូវ ដូច្នេះ​ខ្ញុំ​នឹង​បន្ត​ប្រយុទ្ធ​ទៀត" Chan បាន​និយាយ៕

ប្រភព៖ South China Morning Post   ប្រែ​សម្រួល៖ សុខ លាងហ៊ត

អត្ថបទថ្មី