គ្រូ​បង្វឹក Pahang ​ថា វឌ្ឍនាកា ​លេង​មិន​ល្អ​សោះ ​២​ប្រកួត​មក​នេះ ​មិន​ដឹង​ហេតុ​អ្វី

  • 2018-02-08 07:40:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Dollah Salleh ​គ្រូ​បង្វឹក​ក្រុម Pahang FA ​បាន​បញ្ជាក់​ថា​ខ្សែ​ប្រយុទ្ធ​លេខ​១១​កម្ពុជា ​លេង​មិន​ល្អ​ដូច​មុន​សោះ ​ក្នុង​ការ​បង្ហាញ​ខ្លួន​២​ប្រកួត​នៅ​លីគ​កំពូល​ម៉ាឡេស៊ី​នេះ។

វឌ្ឍនាកា ​ជា​កីឡាករ​វ័យ​ក្មេង​ឆ្នើម​ម្នាក់​របស់​កម្ពុជា ​ដែល​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ពី​សំណាក់​អ្នក​គាំទ្រ។ កីឡាករ​វ័យ​២៤​ឆ្នាំ​រូប​នេះ ​ត្រូវ​បាន​ក្លឹប​នៅ​លីគ​កំពូល​ជប៉ុន​ខ្ចី​ជើង​១​រដូវ​កាល​កាល ​មុន​ពេល​ផ្ទេរ​ទៅ​លេង​នៅ Pahang FA ​នៅ​រដូវ​កាល​នេះ ​ដោយ​ទទួល​បាន​ប្រាក់​តម្លៃ​ខ្លួន​ខ្ពស់​ជាង​១​ម៉ឺន​ដុល្លារ​អាមេរិក​ក្នុង​១​ខែ។

ក្រោយ​ពី​បង្ហាញ​ខ្លួន​បាន​២​ប្រកួត​ជា​ផ្លូវការ​ឱ្យ​ក្លឹប​នៅ​ម៉ាឡេស៊ី​រួច​មក ​លោក Dollah ​ដែល​ជា​គ្រូ​បង្វឹក​បាន​និយាយ​ចំពោះ​ទម្រង់​លេង​របស់​យុវជន​ថ្នាល​ស្វាយ​រៀង​នេះ​ថា​៖ “គាត់​ជា​កីឡាករ​ល្អ ​គាត់​ធ្លាប់​លេង​បាន​យ៉ាង​ល្អ​ពី​មុន​មក... ពេល​នេះ​ទម្រង់​លេង​របស់​គាត់​ហាក់​ដូចជា​មិន​ដូច​មុន​សោះ​២​ប្រកួត​កន្លង​មក​នេះ។ ខ្ញុំ​សង្ឃឹម​ថា​គាត់​នឹង​លេង​ល្អ​វិញ​នៅ​ប្រកួត​បន្ទាប់... ខ្ញុំ​មិន​ដឹង​ថា​កើត​អ្វី​ទើប​គាត់​លេង​មិន​ល្អ​អីចឹង​សោះ”។

វឌ្ឍនាកា ​លេង​២​ប្រកួត​មក​នេះ​បាន​ជាប់​ជម្រើស​១១​នាក់​ដំបូង​រហូត ប៉ុន្តែ​ការ​លេង​ហាក់​ដូចជា​មិន​ទាន់​​យល់​ចិត្ត​គ្នា​ជាមួយ​សមាជិក​ក្រុម​នោះ​ទេ។ ​កីឡាករ​ដែល​ធ្លាប់​តែ​ញាក់​ដាច់​ខ្សែ​ការពារ ស៊ុត​បញ្ចូល​ទី​ម្នាក់​នេះ ​មិន​រក​បាន​១​គ្រាប់​នៅ​ឡើយ​ទេ ​ឱ្យ​ក្លឹប​ថ្មី​របស់​ខ្លួន​ក្នុង​លីគ​កំពូល​ម៉ាឡេស៊ី៕

ប្រភព៖ Fox Sports Asia   ប្រែ​សម្រួល៖ មុន្នីរម្យ