មិន​ទាន់​ដល់​ ១៤​កុម្ភៈ​ផង Selena និង Justin នៅផ្អែម​ល្ហែម​ជាមួយ​គ្នា​​បាត់​ទៅ​ហើយ

  • 2018-02-13 03:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទោះ​បី​ជា​មិន​ទាន់​ដល់​ថ្ងៃ​បុណ្យ​នៃ​សេចក្ដី​ស្រឡាញ់​ក៏​ដោយ ប៉ុន្តែ​តារា​ចម្រៀង Selena Gomez និង​Justin Bieber បាន​ចំណាយ​ពេល​យ៉ាង​ផ្អែមល្ហែម​ជាមួយ​គ្នា​បាត់​ទៅ​ហើយ។

បើ​តាម​វិប​សាយ E! News បាន​ឲ្យ​ដឹង​ថា គូ​ស្នេហ៍​តារា​មួយ​គូ​នេះ​​បាន​​ធ្វើ​ដំណើរ​ទៅ​ឆ្នេរ Laguna ក្នុង​រដ្ឋ California ហើយ​បាន​ស្នាក់​នៅ​ក្នុង​សណ្ឋាគារ Montage ជាមួយ​គ្នា ពេញ​មួយ​សប្ដាហ៍។

តាម​ប្រភព​មួយ​បាន​ប្រាប់​វិប​សាយ​នេះ​ថា៖ "Justin និង Selena បាន​ឲ្យ​អ្នក​បើក​ឡាន​ជូន​ពួក​គេ​ទៅ​ឆ្នេរ Laguna កាល​ពី​​រសៀល​ថ្ងៃ​សៅរ៍។ Justin ធ្លាប់​បាន​ទៅ​សណ្ឋាគារ​Montage ជា​ច្រើន​លើក​ពី​មុន​មក ហើយ​លោក​តែង​តែ​ចូលចិត្ត​ទៅ​កន្លែង​នេះ​ជានិច្ច​​រាល់​ពេល​ដែល​លោក​ចង់​ចំណាយ​ពេល​ជា​លក្ខណៈ​ឯកជន"។

នៅ​ពេល​ដែល​ពួក​គេ​ទៅ​ដល់ ប្រភព​មួយ​បាន​ប្រាប់​ថា​គូ​ស្នេហ៍​មួយ​គូ​នេះ​បាន "​បណ្ដើរ​គ្នា​លេង​នៅ​លើ​ផ្លូវ​ពី​មុខ resort ដែល​មើល​ទៅ​ឃើញ​សមុទ្រ។ ដោយ​មេឃ​រៀង​ស្រឡះ​និង​មាន​ពពក​ច្រើន ដូច្នេះ​ហើយ​ពួក​គេ​មិន​មាន​ចំណាយ​ពេល​នៅ​ក្រៅ​យូរ​នោះ​ទេ"។

ប្រភព​នោះ​ក៏​បាន​បន្ថែម​ទៀត​ថា៖ "Justin បាន​បង្ហាញ Selena ពី​ទិដ្ឋភាព​ដ៏​ស្រស់​ស្អាត​ជុំវិញ​នោះ"។

បើ​តាម​ម្ចាស់​គណនី​ Twitter ម្នាក់​ឈ្មោះ Chris លោក​​ក៏​បាន​ថត​ជាប់​តារា​២​រូប​នេះ​ដោយ​ចៃដន្យ​​ដែរ​នៅ​ពេល​ដែល​លោក​ថត​រូប​​លេង​នៅ​មុខ​សណ្ឋាគារ។

បើ​តាម​ប្រភព​ពី TMZវិញ ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា៖​ "ពួក​គេ​ទាំង​២​បាន​ស្លៀកពាក់​ខោអាវ​ធម្មតា​អង្គុយ​នៅ​ជិត​អាង​ហែល​ទឹក។ ពួកគេ​ផឹក​ទឹក ជជែក​គ្នា​លេង។ ប៉ុន្តែ​ដោយ​សារ​តែ​មាន​មនុស្ស​ចាប់​អារម្មណ៍​​ច្រើន ពួក​គេ​ក៏​សម្រេច​ចិត្ត​ចេញ​ទៅ​តំបន់ spa ដែល​ស្ងប់​ស្ងាត់​អាច​ឲ្យ​ពួក​គេ​​ចំណាយ​ពេល​ផ្ទាល់​ខ្លួន​បាន"។

តារា​ចម្រៀង Selena Gomez អាច​នឹង​ចំណាយ​ពេល​ក្នុង​ថ្ងៃ​១៤ កុម្ភៈ​នៅ​ទី​ក្រុង​ ញ៉ូយ៉ក ដោយ​ត្រូវ​ចូលរួម​កម្មវិធី Coach for Fashion Week។​ ទោះ​បី​ជា​មិន​បាន​ចំណាយ​ពេល​ជាមួយ​គ្នា​ក្នុង​ថ្ងៃ​ពិសេស​នេះ​ក្ដី ក៏​គូ​ស្នេហ៍​តារា​មួយ​គូ​នេះ បាន​ឆ្លៀត​ចំណាយ​ពេល​ជាមួយ​គ្នា​មុន​ថ្ងៃ​បុណ្យ​នៃ​សេចក្ដី​ស្រឡាញ់​នេះ​ដែរ៕ ​​

ចុចអាន៖

ប្រភព៖ TMZ | Eonline   ប្រែ​សម្រួល៖ អន សុភក្ត្រា