មេ YouTube ប្រាប់មូលហេតុមិនបណ្ដេញ Logan Paul ចេញពីបណ្ដាញខ្លួន
- 2018-02-13 07:33:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មេ YouTube ប្រាប់មូលហេតុមិនបណ្ដេញ Logan Paul ចេញពីបណ្ដាញខ្លួន
ចន្លោះមិនឃើញ
បណ្ដាញ YouTube បានដាក់ទោស Logan Paul ដោយមិនឲ្យរកលុយតាមរយៈវីដេអូ, ដកឈ្មោះចេញពីកម្មវិធី Google Preferred និងផ្អាកគម្រោងការបង្កើតវីដេអូ Original ជាបណ្ដោះអាសន្នថែមទៀតផង។ យ៉ាងណាក្ដីនេះមិនមាន Logan នឹងត្រូវ YouTube ដកចេញពីបណ្ដាញនោះទេ។
ក្នុងបទសម្ភាសន៍នៅសន្និសីទ Code Media ប្រចាំឆ្នាំ Susan Wojcicki នាយកប្រតិបត្តិ YouTube និយាយថា Logan នឹងមិនត្រូវ Ban (ហាមឃាត់) ពីបណ្ដាញវីដេអូនេះ ក្នុងពេលឆាប់ៗនោះទេ។ អ្នកស្រីបកស្រាយថា ៖ "គាត់ (Logan) មិនទាន់បានធ្វើអ្វីខុសដែលត្រូវរងការពិន័យពីច្បាប់ Three Strikes របស់ YouTube នៅឡើយទេ។ យើងមិនអាចដកអ្វីចេញបានស្រេចចិត្តនោះទេ លុះត្រាពួកគេបានល្មើសច្បាប់ YouTube”។
អ្នកស្រី Susan និយាយអំពីច្បាប់ Three Strikes របស់ YouTube ដែលអាចឲ្យបណ្ដាញវីដេអូនេះលុបចោលគណនីរបស់អ្នកផលិតវីដេអូណាមួយបាន ប្រសិនបើគណនីនោះល្មើសច្បាប់ចំនួន ៣ ដង ក្នុងរយៈពេល ៣ ខែ។ តាមសេចក្ដីណែនាំរបស់ YouTube បង្ហាញថាគណនីមួយបានល្មើសច្បាប់នៅពេលវីដេអូរបស់ពួកគេមានផ្ទុកនូវមាតិកាអាសអាភាស, អំពើហិង្សា, គ្រោះថ្នាក់, ជេរប្រមាថ, គំរាមកំហែង, ការរំខាន (Spam), ផ្ដល់ទិន្នន័យមិនត្រឹមត្រូវ និង ការបោកប្រាស់។
Logan Paul កើតមានបញ្ហាចាប់តាំងពីបានបង្ហោះវីដេអូបង្ហាញពីមនុស្សចងកនៅប្រទេសជប៉ុន។ ស្របពេលដែលបានចេញមុខសុំទោស តារា YouTube រូបនេះក៏បានវីដេអូឆក់សាកសពកណ្ដុរ និងបានបញ្ចេញសារដែលនិយាយថានឹងចូលរួមក្នុង Challenge ដ៏គ្រោះថ្នាក់ឈ្មោះ Tide Pods Challenge ទៀតផង។ ទង្វើទាំងនេះមិនបានជួយអ្វី ប៉ុន្តែធ្វើមតិរិះគន់លើ Logan Paul រួមទាំង YouTube កើតមានកាន់តែច្រើន។
នាយកប្រតិបត្តិ YouTube សង្កត់ធ្ងន់ថានឹងមិន Ban គណនី Logan Paul ដោយសារការរិះគន់ពីអ្នកប្រើប្រាស់នោះទេ ព្រោះថាបណ្ដាញរបស់ខ្លួនមានច្បាប់ផ្ទាល់ខ្លួនមួយដើម្បីអនុវត្តន៍លើវីដេអូរាប់លាន៕