ផ្ដាំកូនចៅចិន កុំបំពានត្រណមទាំង៣ថ្ងៃនេះ ប្រយ័ត្នរកស៊ីអត់ឡើង

  • 2018-02-14 02:39:28
  • ចំនួនមតិ

ចន្លោះមិនឃើញ

​លោកតា លី ចាស់​ព្រឹទ្ធារ្យ​នៅវិហារ​សាមអ៊ួង​ បាន​រៀប​រាប់​អំពី​ត្រណម​ខ្លះ​ៗ​នៅ​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ចិនទាំង​បី​ថ្ងៃ​ចាស់ទុំ​បុរាណ​របស់​ចិន​ឲ្យ​កូនចៅ​ត្រូវ​អនុវត្ត មានដូចជា៖ ​

​ថ្ងៃទី១. ជាថ្ងៃសែន ទាំងចាស់ ទាំងក្មេងដែលជាកូនចៅជាប់ស្រឡាយចិនរស់នៅក្នុងដំបូលក្នុងគ្រួសារតែមួយ ​ត្រូវនៅជួបជុំគ្នាក្នុងផ្ទះដាច់ខាត។

​ថ្ងៃទី២. ចាស់បុរាណ អនុញ្ញាតឲ្យកូនចៅចិនដើរ​ទៅ​ផ្ទះ​សាច់ញាតិ​ ហើយគេ​តែង​ជូន​ចំណី​អាហារ​ ​ផ្លែឈើ ដល់​គ្នា​ទៅវិញ​ទៅមក​សម្រាប់​បរិភោគ និង​ភ្ជាប់​ដោយ​ពាក្យ​ជូនពរ​ផង​ដែរ។ ​​

ថ្ងៃទី៣. ជា​ថ្ងៃ​ដើរ​កម្សាន្ត​សប្បាយ​ ជាងនេះនោះ ​អ្នកជាប់​សែ​ស្រឡាយ​ចិន​មិនដែល​ភ្លេច​ឡើយ​កាដូ​អាំងប៉ាវ​ដ៏មាន​អត្ថន័យ​បំផុត។

​ការ​ផ្តល់​អាំងប៉ាវ ដល់សាច់ញាតិ ត្រូវភ្ជាប់ជាមួយពាក្យថា សុខសប្បាយ។ តួយ៉ាង បើឲ្យក្មេងៗ​ស្ថិត ក្នុង​វ័យ​សិក្សា ត្រូវនិយាយថា «​សុខសប្បាយ រៀន​ឆ្លាត​ឆាប់​ចេះ​» ប៉ុន្តែ​បើ​ក្មេង​នោះ​ស្ថិត​ក្នុង​វ័យ​រកស៊ី ​គេ​និយាយថា «​សុខ​សប្បាយ រក ស៊ី​ហេងៗ​»​។ ​ចំណែកឯ​កូនៗ​ដែល​មាន​មុខរបរ​រកស៊ី​បាន​កាក់កប​ហើយ​នោះ ក៏​អាច​យក​អាំងប៉ាវ ទៅ​ជូន​ឪពុកម្តាយ​ចាស់ទុំ​ជា​សាច់ញាតិ​របស់ខ្លួន​គេ​វិញ​ដែរ ដោយ​ភ្ជាប់​ដោយ​ពាក្យ​ថា «​សុខសប្បាយ អាយុ​យឺនយូរ​»​។

លោកតាលី​ បញ្ជាក់ថា​ ក្នុង​អំឡុង​ចូលឆ្នាំ​រយៈពេល​៣​ថ្ងៃ​នេះ ​ចាស់ទុំ​មិន​ឲ្យ​បោស​ផ្ទះ​សម្បែង​ចេញ​ទៅ​ក្រៅ​ទេ តែបើ​ចាំបាច់​ត្រូវ​បោសសំរាម​គប្បី​ត្រូវ​បោស​ប្រមូល​ចូល​ទៅ​ក្នុង​ផ្ទះ​ហើយ រៀបចំ​ទុក​ដាក់​ឲ្យ​បាន​ត្រឹមត្រូវ។ ប្រសិន​បើ​កូន​ចៅ​ចិន​ គោរព​មិន​បាន​ខ្ជប់ខ្ជួន​នោះ ​​គ្រួសារ​អាច​នឹង​រកស៊ី​មិន​សូវ​កាក់​កប​ផង​ដែរ​៕


អត្ថបទ៖ ស៊ិន សាវ៉េត