បុគ្គលិក​ Apple មិន​តិច​នាក់​ នាំ​គ្នា​ដើរ​បុក​ផ្ទាំង​កញ្ចក់​ធំៗ​នៅ​ទីស្នាក់ការ​ថ្មី​​

  • 2018-02-17 07:08:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាប់​តាំង​ពី​បាន​បើក​ដំណើរ​ការ​​កាល​​ពី​ឆ្នាំ​ ២០១៧ ​រួច​មក បុគ្គលិក​នៅ​ទីស្នាក់ការ​ថ្មី​របស់​ Apple នាំ​គ្នា​ដើរ​បុក​ផ្ទាំង​កញ្ចក់​ជា​បន្ត​បន្ទាប់។

ទីស្នាក់ការ​ថ្មី​របស់​ Apple មាន​​ហំ​ព័ទ្ធ​ទៅ​ដោយ​ផ្ទាំង​កញ្ចក់​កោង​​កម្ពស់​ជាង​ ១៣ ម៉ែត្រ។ នៅ​ខាង​ក្នុង​អគារ​ស្នាក់​ការ​ថ្មី​នេះ​ក៏​មាន​ជា​​បន្ទប់​ការិយាល័យ​ជា​ច្រើន​​ដែល​​មាន​ឃាំង​ដូច​កញ្ចក់​ជា​ច្រើន។ ដោយ​សារ​តែ​បុគ្គលិក​ Apple មួយ​ចំនួន​​តែង​​អោន​​ចុច​ទូរសព្ទ​ពេល​ដើរ​ទៅ​មុខ​ ជា​លទ្ធផល​ធ្វើ​ឲ្យ​ពួក​គេ​ត្រូវ​ដើរ​បុក​ផ្ទាំង​កញ្ចក់​ផាំងៗ។

មាន​បុគ្គលិក​មួយ​ចំនួន​ថែម​ទាំង​បាន​យក​ក្រដាស​​ស្អិត​​មក​បិត​លើ​ផ្ទាំង​កញ្ចក់​ ដើម្បី​ជា​ការ​ចំណាំ​ទៀត​ផង។ យ៉ាងណាក្ដី​ក្រដាស​ទាំង​នោះ​ត្រូវ​គេ​បក​ចេញ​ ដោយ​សារ​ធ្វើ​ឲ្យ​បាត់បង់​សោភ័ណភាព​នៃ​ការ​ឌីហ្សាញ​របស់​អគារ។ នេះ​បើ​តាម​ការ​រៀបរាប់​របស់​អ្នក​ដឹង​អំពី​ហេតុការណ៍​នេះ។

អ្នក​នាំ​ពាក្យ​ក្រុមហ៊ុន​ Apple បាន​បដិសេធ​មិន​បក​ស្រាយ​ជុំវិញ​រឿង​រ៉ាវ​ខាង​លើ​​ ហេតុ​នេះ​គេ​មិន​អាច​ដឹង​បាន​ទេ​ថា​​​មនុស្ស​​ប៉ុន្មាន​នាក់​បាន​ដើរ​បុក​ផ្ទាំង​កញ្ចក់​នា​ពេល​កន្លង​មក​នេះ។

នេះ​មិន​មែន​ជា​លើក​ដំបូង​ទេ​ ដែល​ផ្ទាំង​កញ្ចក់​របស់​ Apple បង្ក​បញ្ហា​នោះ។ នៅ​ចុង​ឆ្នាំ​ ២០១១ ស្ត្រី​វ័យ​ ៨៣ ឆ្នាំ​ ​ឈ្មោះ ​Evelyn Paswall បាន​ដើរ​បុក​ផ្ទាំង​កញ្ចក់​នៅ​ហាង​ Apple Store រហូត​ធ្វើ​ឲ្យ​បែក​ច្រមុះ។ ស្ត្រី​រង​គ្រោះ​បាន​ប្ដឹង​ Apple ដោយ​និយាយ​ថា​​ក្រុមហ៊ុន​គួរ​​ដាក់​​សញ្ញា​ព្រមាន​លើ​កញ្ចក់។ រឿង​ក្ដី​បាន​​ដោះ​ស្រាយ​ដោយ​ Apple មិន​មាន​អស់​អី​មួយ​រៀល​​ឡើយ​ នេះ​បើ​តាម​ឯកសារ​ច្បាប់​បង្ហាញ​ក្នុង​ដើម​ឆ្នាំ​ ២០១៣៕​​​​​​​​​​​​

ប្រភព៖ Bloomberg   ប្រែ​សម្រួល៖ សុខហេង