ខណៈ​ជំនួប​តោ​ខៀវ-Barcaជិត​មក​ដល់ Rudiger និយាយ​ចំ​ៗថា Chelsea អាច​ធ្វើ​បានដូច Real

  • 2018-02-19 13:43:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ការពារ​ស្លាប Antonio Rudiger កាល​ពី​ពេល​ថ្មីៗ​នេះ បាន​និយាយ​ថា ក្លឹប​របស់​ខ្លួន Chelsea អាច​នឹង​មាន​ឱកាស​យក​ឈ្នះ Barcelona ក្នុង​ការ​ប្រកួត​ Champions League ខាង​មុខ។

Rudiger បាន​និយាយ​ប្រាប់​អ្នក​សារព័ត៌មាន​ថា៖ "ពិត​ណាស់​ ការ​ប្រកួត​ក្នុង​លីគ និង​ការ​ប្រកួត Champions League គឺ​ជា​រឿង​ពីរ​ផ្សេង​គ្នា។ ដូច្នេះ​ ស្មារតី​ក្នុង​ការ​ប្រកួត​ពិត​ណាស់​ក៏​ខុស​គ្នា​ទៅ​តាម​ហ្នឹង​ដែរ។ ឧទាហរណ៍​ជាក់​ស្ដែង​គឺ Real Madrid។ ពួក​គេ​លេង​មិន​សូវ​បាន​ល្អ​ទេ​ក្នុង​លីគ​អេស្ប៉ាញ ប៉ុន្តែ​ក្នុង Champions League វិញ ពួក​គេ​លេង​បាន​យ៉ាង​ល្អ រហូត​ដល់​បំបាក់​ PSG ទៀត​ផង"។

ខ្សែ​ការពារ​រូប​នេះ បន្ត៖ "ដូច្នេះ​ការ​ប្រកួត Champions League គឺ​ជា​ឱកាស​របស់​យើង​ក្នុង​ការ​លេង​ឲ្យ​បាន​ល្អ​ឡើង​វិញ។ វា​អាស្រ័យ​លើ​យើង​ទេ។ ពួក​យើង​សុទ្ធ​តែ​ដឹង​ថា Barcelona ចូល​ចិត្ត​លេង​គ្រប់គ្រង​បាល់។ ដូច្នេះ​យើង​ត្រូវ​តែ​ធ្វើ​ឲ្យ​ការ​ប្រកួត​មាន​ភាព​ស្វិតស្វាញ​ដូច​ឆ្មា​ដេញ​ចាប់​កណ្ដុរ​អ៊ីចឹង"។

សូម​បញ្ជាក់​ផង​ដែរ​ថា បើ​ទោះ​ជា​លេង​មិន​សូវ​បាន​ល្អ​នៅ​ក្នុង​លីគ​កំពូល​អេស្ប៉ាញ​ក្នុង​រដូវ​កាល​នេះ Real Madrid បាន​ទម្រង់​លេង​បាន​យ៉ាង​ល្អ​ក្នុង​ការ​ប៉ះ​ជាមួយ PSG កាល​ពី​សប្ដាហ៍​មុន ដោយ​យក​ឈ្នះ​ ៣ ទល់ ១ ក្នុង​ការ​ប្រកួត​ជើង​ទី១។

ក្រឡេក​មក​មើល Chelsea វិញ ក្លឹប​ជើង​ឯក​អង់គ្លេស​រដូវ​កាល​មុន​ក៏​ធ្វើ​មិន​សូវ​បាន​ល្អ​ក្នុង​លីគ​ផង​ដែរ​នា​រដូវ​កាល​នេះ ដោយ​ចាញ់​និង​ស្មើ​ជា​ច្រើន​ប្រកួត។ បច្ចុប្បន្ន​ក្លឹប​ឃ្លាត​ពី Manchester City ដែល​កំពុង​ឈរ​កំពូល​តារាង​ដល់​ទៅ ១៩​ពិន្ទុ។

Chelsea នឹង​បើក​ទ្វារ​ស្វាគមន៍​ក្លឹប​អ្នក​មាន​បុណ្យ Barcelona ក្នុង​ជំនួប​ជើង​ទី ១ Champions League នៅ​យប់​ថ្ងៃ​ស្អែក​នេះ៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី