ប្រឡាយមេ៩៦ នឹងរំដោះទឹកចេញ​ពី​ភ្នំពេញ ចូល​ទៅព្រែកអំបិលរបស់គម្រោងព្រែកជីកហ្វូណនតេជោ

  • 2024-05-07 03:11:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានថ្លែងកាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ​២០២៤​ថា ការងារជីកស្តារប្រឡាយមេ៩៦ និងព្រែកគង់ គឺ​មាន​ប្រវែង៣៤គីឡូម៉ែត្រ និងមានមុខកាត់ទទឹង​ពី​៨០​ទៅ​១០០​ម៉ែត្រ​ ស្ថិតក្នុងសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។ វា​ជាផ្នែកមួយ​នៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកជំនន់ទឹកភ្លៀងសម្រាប់បញ្ចៀស​ការ​ជន់លិចក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ក្រុងតាខ្មៅ និងតំបន់​រណប ដើម្បីជួយរំដោះទឹកផ្នែកខាងលើព្រលានយន្តហោះថ្មី ដោយនាំទឹកចេញ​ពីស្ទឹងព្រែកត្នោតត្រង់ម្តុំព្រែកហូរនិងតំបន់ X1 វាងព្រលានយន្តហោះ​ចូលទៅបឹងជើងលោង ព្រែកអំបិល និងធ្លាក់ទៅសមុទ្រ។

គួរដឹងថា ព្រែក​អំបិល​ស្ថិតក្នុងស្រុកស្អាង ជាផ្នែកមួយ​នៃគម្រោងព្រែកជីកហ្វូណន​តេជោ។ នេះ​បើតាមឯកឧត្តមឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ដែលជាអ្នក​ដឹកនាំគម្រោង​ព្រែកជីកនេះ ក្នុងការធ្វើបទបង្ហាញ​មួយ​នៅសាកលវិទ្យាល័យបច្ចេកវិទ្យាកម្ពុជា (តិចណូ)  កាលពីថ្ងៃទី៤ឧសភាកន្លងទៅ។ យ៉ាងណាមិញ ឯកឧត្តម​បញ្ជាក់ថា ដោយ​សារព្រែកអំបិលនេះ ក្ងិកក្ងក់​ច្រើនដែលកប៉ាល់ធំៗពិបាកបត់ អ៊ីចឹងត្រូវជីកឱ្យត្រង់ប្រវែង ៧គីឡូម៉ែត្រ។ ជាមួយគ្នានោះ វា​ក៏ជួយរំដោះទឹកចេញពី​រាជធានីភ្នំពេញ​ផងដែរ តាមរយៈគម្រោង​ប្រព័ន្ធរំដោះទឹករបស់​ក្រសួងធនធានទឹក ខាងលើនេះ។

សូមជម្រាបថា រហូតមកដល់ពេលនេះ វឌ្ឍនភាពការងារជីកស្តារប្រឡាយមេ៩៦ សម្រេចបានប្រមាណ ៦៥% ហើយ។

គម្រោងដោះទឹក និងពង្វាងទឹកសម្រាប់បញ្ចៀសការ​ជន់​លិច​នៅ​ភូមិសាស្រ្តរាជធានីភ្នំពេញ ត្រូវអនុវត្តជាបីជំហាន ក្នុងនោះការងារសំខាន់ៗនៃគម្រោងរួមមាន៖

ទី១)ស្តារប្រឡាយមេរលាំងជ្រៃខាងជើង រលាំង​ជ្រៃខាងត្បូង ក្នុងខេត្តកំពង់ស្ពឺ

ទី២)ស្តារស្ទឹងតូច ក្នុងខេត្តកំពង់ស្ពឺ និងខេត្តកណ្តាល

ទី៣)ស្តារប្រឡាយ៩០ និងប្រឡាយ៩៦ ក្នុងខេត្តកណ្តាល

ទី៤)​ស្តារប្រឡាយ៥៩ ក្នុងខេត្តកណ្តាល

ទី៥)កែលម្អប្រព័ន្ធប្រឡាយមេជើងឯក ក្នុងរាជធានីភ្នំពេញ

និងទី៦)សាងសង់ស្ថានីយបូមទឹកចំនួន ៤កន្លែង ប្រើម៉ូទ័រដែលដើរដោយចរន្តអគ្គិសនីចំនួន២៧ គ្រឿង៕

អត្ថបទ៖ សំភី

អត្ថបទថ្មី