ច្បាប់ហាមមិនឲ្យស្ដាប់បទ K-Pop នៅកូរ៉េខាងជើងលែងមានប្រសិទ្ធភាពហើយពេលនេះ
- 2018-02-20 01:50:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ច្បាប់ហាមមិនឲ្យស្ដាប់បទ K-Pop នៅកូរ៉េខាងជើងលែងមានប្រសិទ្ធភាពហើយពេលនេះ
ចន្លោះមិនឃើញ
វិស័យ K-Pop ត្រូវបានហាមឃាត់មិនឲ្យមានក្នុងប្រទេសកូរ៉េខាងជើងអស់រយៈពេលជាង ៤០ឆ្នាំហើយ ដោយសាររដ្ឋាភិបាលកុម្មុយនិស្ត ប៉ុន្តែពេលនេះអ្វីៗមានសភាពប្រសើរឡើងវិញហើយ។
ក្រោយព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាក្នុងទីក្រុងព្យុងឆាងបានលេចរូបរាងឡើង ពេលនេះទំនាក់ទំនងរបស់កូរ៉េខាងជើង និងកូរ៉េខាងត្បូងហាក់មានភាពល្អប្រសើរជាងមុន។ ឧទាហរណ៍ជាក់ស្ដែងរាល់បទចម្រៀងទាំងអស់របស់កូរ៉េខាងត្បូង ដែលកន្លងមកធ្លាប់តែហាមមិនឲ្យចាក់នៅក្នុងប្រទេសកូរ៉េខាងជើង ពេលនេះត្រូវបានអនុញាតិឲ្យមានហើយ។
ភ្នាក់ងារសារព័ត៌មានកូរ៉េខាងជើង The Korean Central News Agency បានឲ្យដឹងថា ក្រុមតន្ត្រីកូរ៉េខាងជើង Samijyon Orchestra បានប្រគំបទចម្រៀងរបស់កូរ៉េខាងត្បូង មុនចាប់ផ្ដើមកម្មវិធីផ្លូវការក្នុងទីក្រុងព្យុងយ៉ាង។
កម្មវិធីនោះប្រព្រឹត្តិឡើង ដើម្បីអបអរគណៈប្រតិភូដែលត្រឡប់មកពីទស្សនកិច្ចក្នុងប្រទេសកូរ៉េខាងត្បូង។ យ៉ាងណាមិញ សម្រាប់ដំណើរទស្សនកិច្ចនោះ កើតចេញពីការអនុញ្ញាតរបស់ លោក គីម ជុងអ៊ុន ដែលបានបញ្ជូនអត្តពលិក និងក្រុមអបអរជាច្រើននាក់ទៅចូលរួមកីឡារដូវរងានោះ។
ពិតណាស់កន្លងមក ប្រសិនអ្នកណាហ៊ានល្មើសចាក់បទ K-Pop អ្នកនោះនឹងត្រូវទទួលទោសដល់ថ្នាក់ សម្លាប់ចោលទៀតផង។ ប៉ុន្តែបើទោះហាមឃាត់យ៉ាងណា ក៏មិនបានបញ្ឈប់ជនជាតិកូរ៉េខាងជើងឲ្យស្ដាប់ដែរ។
ប្រការនេះ អាចនិយាយបានថាដោយសារការប្រគំតន្ត្រីក្នុងទីក្រុងព្យុងយ៉ាង បានធ្វើឲ្យចំណងទំនាក់ទំនងរបស់ប្រទេសទាំង ២មានភាពល្អប្រសើរច្រើនជាងមុន។ ម្យ៉ាងតាមរយៈនេះ គ្រប់គ្នាសង្ឃឹមយ៉ាងមុតមាំថា សន្តិភាពពិតប្រាកដនឹងឈានដល់ចំណុចល្អបំផុតនាពេលអនាគត៕