សំណួរ​មួយ​សោះ ធ្វើ​ឲ្យ Mourinho ទប់​អារម្មណ៍​មិន​បាន ហើយ​សុំ​ឱបអ្នក​សារព័ត៌មាន

  • 2018-02-22 11:15:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់​ការ​ក្លឹប​បិសាច​ក្រហម លោក Jose Mourinho ក្នុង​ថ្ងៃ​នេះ​បាន​ឱប​អ្នក​សារព័ត៌មាន​ BT Sport ម្នាក់​ បន្ទាប់​ពី​លោក​ត្រូវ​បាន​អ្នក​សារព័ត៌មាន​នោះ​សួរ​ថា៖ "តើ​លោក​គិត​យ៉ាង​ណា​ ចំពោះ​ការ​លេង​របស់​កីឡាករ Scott McTominay ពេល​ប៉ះ Sevilla?”

ក្រោយ​ត្រូវ​បាន​សួរ​សំណួរ​មួយ​នេះ លោក Mourinho មិន​បាន​ឆ្លើយ​តប​នឹង​សំណួរ​ភ្លាមៗ​នោះ​ទេ។ លោក​បែរ​ជា​សួរ​បក​ទៅ​វិញ​ថា៖ "តើ​ខ្ញុំ​អាច​សុំ​អ្នក​ឱប​មួយ​បាន​ទេ?” ។ បន្ទាប់​ពី​សួរ​រួច លោក​អ្នក​ចាត់​ការ​ព័រទុយហ្គាល់​ក៏​ធ្វើ​ការ​ឱប​អ្នក​សារព័ត៌មាន​នោះ។ រួចទើប លោក​បាន​និយាយ​ថា៖ នេះ​ទើប​ជា​សំណួរ។ នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ថ្ងៃ​មុន គេ​សួរ​ខ្ញុំ​តែ​ពី​រឿង Paul Pogba។ បើ​តាម​គំនិត​ខ្ញុំ សំណួរ​គួរ​តែ​បែរ​មក​ផ្ដោត​លើ​កីឡាករ McTominay។

បន្ទាប់​ពី​និយាយ​បែប​នេះ លោក​ក៏​ចាប់​ផ្ដើម​ឆ្លើយ​សំណួរ​ពី​ខាង​ដើម​របស់​អ្នក​សារព័ត៌មាន៖ "ខ្ញុំ​គិត​ថា McTominay លេង​បាន​យ៉ាង​ល្អ។ គេ​ធ្វើ​ការ​ដាក់​សម្ពាធ​ទៅ​លើ​ខ្សែ​បម្រើ Banega (កីឡាករ Sevilla) បាន​យ៉ាង​ល្អ ដើម្បី​កុំ​ឲ្យ​កីឡាករ​រូប​នេះ​ក្រឡុក​ពេក​។ និយាយ​ទៅ​ គេ​លេង​បាន​ល្អ​ណាស់​ក្នុង​ប្រកួត​នេះ"។

តាំង​ពី​លោក​ Mourinho និង​ខ្សែ​បម្រើ Pogba​ ជជែក​គ្នា​តឹង​សរសៃ​ក​ក្នុង​អំឡុង​ប្រកួត​ប៉ះ Tottenhem Hotspur កាល​ពី​ដើម​ខែ​មក កីឡាករ​បារាំង​មិន​ត្រូវ​បាន​អ្នក​ចាត់​ការ​ព័រទុយហ្គាល់​ដាក់​ឲ្យ​ចូល​លេង​តាំង​ពី​ដើម​តង់​ជា​ច្រើន​ប្រកួត។ ការណ៍​នេះ ធ្វើ​ឲ្យ​ទំនាក់​ទំនង​រវាង​លោក Mourinho និង Pogba កំពុង​ជា​ប្រធាន​បទ​ក្ដៅ​ដែល​អ្នក​សារព័ត៌មាន​ជា​ច្រើន​កំពុង​តាម​ប្រមាញ់។ តួ​យ៉ាង​ ក្នុង​សន្និសីទ​សារព័ត៌មាន​ចុង​ក្រោយ​មុន​ប៉ះ Sevilla សំណួរ​ដែល​សួរ​ទៅ​កាន់​អ្នក​ចាត់​ការ​ក្លឹប​បិសាច​ក្រហម​ គឺ​ភាគ​ច្រើន​ទាក់​ទង​នឹង Pogba តែ​ម្ដង។

ខាងក្រោមជាវីដេអូលោក Mourinho អោបអ្នកសារព័ត៌មាន (នាទី ០ៈ៥៨-១ៈ០៥)៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហ៊ីម រស្មី