ពិព័រណ៍​វិទ្យាសាស្ត្រ​សិស្ស​នៅ​សៀមរាប ឆ្នាំ​នេះ​រៀបចំ​ធំ​ជាង​មុន អ្នក​ចូលរួម​ក៏​ច្រើន​ជាង​មុន

  • 2018-02-24 09:56:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ម៉ោង​ជាង ៨ ព្រឹក នៅ​បរិវេណ​វិទ្យាល័យ​ហ៊ុនសែន វត្តស្វាយ​ខេត្ត​សៀមរាប មាន​មនុស្ស​យ៉ាង​កកកុញ ដែល​មក​ទស្សនា​ពិព័រណ៍​បច្ចេកវិទ្យា វិស្វកម្ម និង​វិទ្យាសាស្ត្រ (Steam Fair)។

ឆ្នាំ​នេះ​ជា​ឆ្នាំ​ទី​ពីរ​ដែល​សាលា​ស្ថិត​នៅ​ក្នុង​ក្រុង​សៀមរាប​មួយ​នេះ បាន​រៀបចំ​ពិព័រណ៍​នេះ​ឡើង​ដើម្បី​បង្ហាញ​ស្នាដៃ​កើត​ឡើង​ពី​គំនិត​ច្នៃ​ប្រឌិត​របស់​សិស្ស​កំពុង​សិក្សា និង​ជា​ការ​ចូលរួម​បំផុស​ការ​សិក្សា​មុខ​ជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​និង​វិស្វកម្ម​របស់​សិស្ស​នៅ​តាម​សាលា​នានា។

លោក ភិន សុវណ្ណារិទ្ធ នាយក​វិទ្យាល័យ​ហ៊ុន សែន វត្តស្វាយ​បាន​លើក​ឡើង​ថា នៅ​ខេត្ត​សៀមរាប ទើប​តែ​មាន​សាលា​ហ៊ុន សែន​វត្ត​ស្វាយ ដែល​បាន​រៀបចំ​ពិព័រណ៍​ផ្ដោត​លើ​ការ​សិក្សា​មុខ​វិទ្យា​ផ្នែក​វិទ្យាសាស្ត្រ​និង​វិស្វកម្ម ដែល​មាន​ការ​ចូលរួម​បង្ហាញ​ស្នាដៃ​ពី​សិស្សានុសិស្ស​គ្រប់​កម្រិត​ចាប់​ពី​ថ្នាក់​ទី ៧ ដល់​ទី ១២។

ឆ្នាំ​នេះ​ការ​រៀបចំ​ធំ​ជាង​ឆ្នាំ​មុន ដោយ​មាន​ការ​ចូលរួម​ច្រើន​ទាំង​អ្នក​ទស្សនា​និង​ស្នាដៃ​ដែល​យក​មក​បង្ហាញ។

លោក​បញ្ជាក់​ថា ការ​ដំណើរការ​ពិព័រណ៍​​ទាំង​ស្រុង​ ជា​គំនិត​កើត​ឡើង​ដោយ​ក្រុម​សិស្ស ដោយ​សាលា​គ្រាន់​តែ​ជួយ​សម្រួល​ទីតាំង​និង​ការងារ​មួយ​ចំនួន​ទៀត​ប៉ុណ្ណោះ។

"វា​ជា​គំនិត​ដ៏​អស្ចារ្យ​ដែល​ពួក​កូន​សិស្ស​ក្មេងៗ​​បាន​ស្រុះ​ដៃ​គ្នា​រៀបចំ ដែល​ធ្វើ​ឲ្យ​កម្មវិធី​អាច​ដំណើរការ​និង​ទទួល​បាន​ការ​គាំទ្រ​ពី​គ្រប់​មជ្ឈដ្ឋាន"។

ប៉ិត សិលា អ្នក​ដឹកនាំ​រៀបចំ​ពិព័រណ៍​បាន​ឲ្យ​ដឹង​ថា ការ​រៀបចំ​ឆ្នាំ​នេះ​ ក៏​មាន​ការ​ចូលរួម​ពី​សាលា​មួយ​ចំនួន​ទៀត​នៅ​ក្នុង​ខេត្ត ដែល​ធ្វើ​ឲ្យ​កម្មវិធី​កាន់​តែ​ទទួល​ការ​ចាប់​អារម្មណ៍​ច្រើន​ថែម​ទៀត។

"មាន​ការ​ចូលរួម​យ៉ាង​សកម្ម ដោយ​ក្រុម​សិស្ស​បាន​បង្ហាញ​ស្នាដៃ​បច្ចេកវិទ្យា​និង​វិទ្យាសាស្ត្រ​បាន​មក​ពី​ការ​សិក្សា និង​ការ​ស្រាវជ្រាវ"។

ក្នុង​កម្មវិធី មាន​បង្ហាញ​សម្ភារៈ​ធ្វើ​ដោយ​ដៃ ការ​លើក​យក​ទ្រឹស្ដី​មេរៀន​ក្នុង​សៀវភៅ យក​មក​អនុវត្ត​ស្តែង​ៗ​ដូចជា​មេរៀន​ផ្នែក​​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម សិល្បៈ​​និង​គណិតវិទ្យា។ ក្រៅ​ពី​នេះ ក៏​មាន​ការ​ដាក់​បង្ហាញ​សម្ភារៈ​បែប​ច្នៃ​ប្រឌិត​របស់​ក្រុម​វិទ្យាសាស្ត្រ និង​របស់​សិស្សានុសិស្ស​ដែល​រៀន​ពី​ថ្នាក់​ទី ៧ ដល់​ថ្នាក់​ទី ១២។

បើ​តាម​លោក​នាយក​សាលា​នៅ​ឆ្នាំ​ក្រោយ សាលា​នឹង​​រៀបចំ​បន្ទប់សម្រាប់​សិស្ស​ផ្នែក​វិទ្យាសាស្រ្ត​ ដោយសារ​កន្លង​ទៅ​សាលា​ខ្វះ​ខាត​កន្លែង​សម្រាប់​សិស្ស​​ស្រាវជ្រាវ​អនុវត្ត​។

លោក​បន្ត​ថា នៅ​ឆ្នាំ​ក្រោយៗ​សាលា​ក៏​នៅ​តែ​បន្ត​គាំទ្រ​ការ​រៀបចំ​ពិព័រណ៍​នេះ ដែល​ជា​ផ្នែក​មួយ​​ចូលរួម​ចំណែក ពង្រីកធនធាន​មនុស្ស​ផ្នែក​វិទ្យាសាស្រ្ត​សម្រាប់​យក​ទៅ​អភិវឌ្ឍ​ប្រទេស​ជាតិ​នៅ​ថ្ងៃ​អនាគត៕

អត្ថបទ៖ ប៊ុណ្ណារ៉ា