Galaxy S9/S9+ គ្រឿង​ក្នុង​ខ្លាំង​ជាង​មុន​ ប៉ុន្តែ​តម្លៃ​​មិន​ឡើង​សូម្បី​បន្តិច

  • 2018-02-26 02:13:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Samsung បាន​ប្រកាស​ចេញ​ជា​ផ្លូវ​ការ​ស្មាតហ្វូន​ Galaxy S9/S9+ នៅ​ក្នុង​ទីក្រុង​បាសេឡូណា​ ប្រទេស​អេស្ប៉ាញ​ កាល​​ពី​យប់​មិញ​ ដោយ​មាន​បន្ថែម​បច្ចេកវិទ្យា​ថ្មីៗ​ ជា​ពិសេស​មាន​កាមេរ៉ា​សមត្ថភាព​ខ្លាំង​កប់​ជាង​មុន។

ដំបូង​និយាយ​ពី​រូបរាង​ វា​មិន​ខុស​ពី​ Galaxy S8/S8+ នោះ​ទេ ដោយ​មាន​រចនាបថ​អេក្រង់​ Infinity Display ដដែល​ ប៉ុន្តែ​ Samsung បាន​កាត់​តម្រឹម​ស៊ុម​ផ្នែក​ខាង​ក្រោម​នៃ​អេក្រង់​ឲ្យ​មាន​ទំហំ​តូច​ជាង​មុន​បន្តិច។ ចំណុច​ផ្លាស់​ប្ដូរ​​តូចៗ​​ទាក់​ទង​នឹង​ការ​ឌីហ្សាញ​មាន​ដូច​ជា​ការ​​ប្ដូរ​ទីតាំង​ទ្រនាប់​ស្កេន​ម្រាម​ដៃ​ឲ្យ​​​នៅ​ចំ​កណ្ដាល​, កាមេរ៉ា​ស្កេន​ប្រស្រី​ភ្នែក​ដែល​បង្កប់​បាន​យ៉ាង​ល្អ និង​រន្ធ​បំពង​សំឡេង​​ប្រែ​ប្រួល​បន្តិច។

អេក្រង់​ Infinity Display ដែល​ជា​ប្រភេទ​ Super AMOLED មាន​ទំហំ​ ៥,៨ អ៊ីញ​ លើ​ Galaxy S9 និង​ទំហំ​ ៦,២ អ៊ីញ​ លើ​ Galaxy S9+ អាច​បង្ហាញ​រូបភាព​ក្នុង​កម្រិត​ QuadHD ​រូបភាព​ដែល​ច្បាស់​ដូច​ធម្មជាតិ។

ស្មាតហ្វូន​ទាំង​ពីរ​មាន​​​បន្ទះ​ឈីប​ Snapdragon 845 ​និង​ Exynos 9810 ជា​បេះដូង​ដ៏​សំខាន់​ និង​មាន​ថាមពល​ខ្លាំង​ក្លា​បំផុត។ បន្ទះ​ឈីប​ Exynos 9810 នេះ​​មាន​ ៤ គ្រាប់​ល្បឿន​ ២,៨ GHz និង​ ៤ គ្រាប់​ទៀត​ល្បឿន​ ១,៧ GHz ចំណែក​ GPU ជា​ប្រភេទ​ Mali-G72 GPU 18-core និង​មាន​ RAM ៤ GB លើ Galaxy S9 / ៦ GB លើ​ Galaxy S9+។

កាមេរ៉ា​ជា​​ផ្នែក​ផ្លាស់​ប្ដូរ​ដ៏​ធំ​មួយ​នៅ​លើ​ Galaxy S9/S9+ ​ដោយ​ពេល​នេះ​អាច​ថត​វីដេអូ​​កំពូល​យឺត (Super Slow-Motion) និង​អាច​ប្រែ​ប្រួល​ Aperture បាន​ទៅ​តាម​ស្ថានភាព។ Galaxy S9 មាន​កាមេរ៉ា​តែ​មួយ​គ្រាប់​ ចំណែក​ឯ​ S9+ មាន​កាមេរ៉ា​ដល់​ពីរ​គ្រាប់​ដូច​ជា​ Note8 ដោយ​មាន​ឡេន​​ Telephoto ​លាយ​ជា​មួយ​ឡេន​ធម្មតា។

ចំពោះ​ Aperture ​របស់​កាមេរ៉ា​​មេ​ដែល​មាន​កម្រិត​ ១២ MP នេះ​ គឺ​អាច​ប្រែ​ប្រួល​ពី​ f/1.5 ចុះ​មក​ f/2.4។ នៅ​ពេល​ដែល​អ្នក​ថត​រូបភាព​ក្នុង​ទី​ដែល​​មាន​ពន្លឺ​មិន​គ្រប់​គ្រាន់​ Aperture នៃ​កាមេរ៉ា​នឹង​បើក​ធំ​ដើម្បី​ឲ្យ​ពន្លឺ​ចូល​បាន​កាន់​តែ​ច្រើន​ដើម្បី​​អាច​ថត​រូបភាព​បាន​ក្នុង​ល្បឿន​លឿន (Shutter Speed)​ និង​មិន​បាច់​ភ័យ​រឿង​​រូបភាព​ព្រាល។ ចំណុច​នេះ​​ក៏​ជួយ​ធ្វើ​ឲ្យ​​​​វីដេអូ​បែប​ Slow-Motion ​ដែល​ថត​នៅ​ទី​ងងឹត​មាន​គុណភាព​ល្អ​​ផង​ដែរ។ ​​ដោយ​ឡែក​នៅ​ពេល​ថត​រូបភាព​នៅ​ពេល​មាន​​ថ្ងៃ​វិញ​ Aperture របស់​កាមេរ៉ា​នឹង​បង្រួម​តូច​ ជួយ​ឲ្យ​រូបភាព​មាន​ភាព​​ដិត​ល្អ។

ការ​វីដេអូ​ Super Slow-Mo ជា​មុខងារ​គួរ​ចាប់​អារម្មណ៍​មួយ​ទៀត​ ដែល​អាច​ថត​យក​វីដេអូ​​ក្នុង​ល្បឿន​យឺត​ដល់​ ៩៦០ ប្លង់/វិនាទី នៅ​ក្នុង​កម្រិត​ 720p ដូច​ជា​ Xperia XZ Premium ដែរ។

មួយ​វិញ​ទៀត​កាមេរ៉ា​ខាង​មុខ​របស់​ S9/S9+ អាច​​​ដំណើរ​ការ​មុខងារ​ "AR Emoji” ជា​មុខងារ​ដែល​បង្កើត​រូប​​តុក្កតា​បែប​ 3D ដោយ​ផ្អែក​លើ​ទម្រង់​មុខ​អ្នក​ប្រើ​ប្រាស់។ មុខងារ​ដែល​ស្រដៀង​គ្នា​នឹង​ Animoji របស់​ iPhone X នេះ​ពិសេស​ត្រង់​ថា​អាច​​ច្នៃ​ជា​ Sticker ដោយ​ស្វ័យប្រវត្តិ​ដើម្បី​យក​ទៅ​ប្រើ​ក្នុង​កម្មវិធី​ផ្ញើ​សារ​ដទៃ​ទៀត។

​​​​រន្ធ​បំពង​សំឡេង​របស់​ S9/S9+ បាន​អាប់ដេត​ទៅ​ជា​ប្រភេទ​ Stereo ​ម៉ាក​ AKG ដែល​ Samsung និយាយ​ថា​អាច​បញ្ចេញ​សំឡេង​ឮ​ជាង​ S8/S8+ ដល់​ទៅ​ ៤០% ឯណោះ។ ថាមពល​ថ្ម​​មិន​មាន​ការ​ប្រែ​ប្រួល​ខុស​ពី​មុន​ឡើយ​ដោយ​មាន​ទំហំ​ ៣០០០ mAh និង ៣៥០០ mAh ដដែល​ ចំណែក​ប្រព័ន្ធ​សុវត្ថិភាព​កាន់​តែ​ខ្លាំង​ជាង​មុន​ ដោយ​ប្រើ​ប្រាស់​ការ​ស្កេន​ផ្ទៃ​មុខ និង ការ​ស្កេន​ប្រស្រី​ភ្នែក​លាយ​បញ្ចូល​គ្នា។

ការ​កុម្ម៉ង់​ទិញ​ S9/S9+ លើ​ទីផ្សារ​សហរដ្ឋអាមេរិក​ចាប់​ផ្ដើម​​ថ្ងៃ​ទី​ ២ ខែ​មីនា​ ដែល​នឹង​ចេញ​លក់​នា​ថ្ងៃ​ទី​ ១៦ ខែ​មីនា​ ក្នុង​តម្លៃ​ ៧១៩​ ដុល្លារ​ ចំពោះ​ Galaxy S9 និង ៨៣៩ ដុល្លារ​ ចំពោះ​ Galaxy S9+ ជា​តម្លៃ​លក់​ដូច​ Galaxy S8/S8+ ឆ្នាំ​មុន​ដែរ៕

​​ ​ ​

​​​

ប្រភព៖ PhoneArena | GSMarena | Wired   ប្រែ​សម្រួល៖ សុខហេង