ផ្លូវល្បឿនលឿនដំបូងរបស់កម្ពុជា ដឹងចំណុចចាប់ផ្ដើមសាងសង់ហើយ

  • 2018-02-26 02:30:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ​ថ្មីៗ​នេះ​បាន​បញ្ជាក់​ពីទីតាំង​ចាប់ផ្ដើម​នៃការ​សាងសង់​ផ្លូវល្បឿន​លឿន​ដំបូង​នៅ​កម្ពុជា​ គឺ​នឹង​ត្រូវ​យកពីចំណុច​ផ្លូវក្រវាត់​ក្រុង​ទី​៣ ឆ្ពោះ​ផ្លូវជាតិ​លេខ៤ ​ទៅ​កាន់ខេត្ត​ព្រះសីហនុ​។

​ផ្លូវក្រវាត់​ក្រុង​ទី​៣ មាន​ប្រវែង​សរុប​ចំនួន​៥២​គីឡូ​ម៉ែត្រ​ ​ត្រង់​ចំណុច​ទំនប់​កប់​ស្រូវ​ ដែល​ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៥ និងឆ្លង​កាត់​ផ្លូវ​ជាតិ​លេខ​៤ ​ផ្លូវជាតិ​លេខ៣ ​ផ្លូវជាតិ​លេខ២ និង​ផ្លូវ​ជាតិ​លេខ១។ ​ផ្លូវនេះ ​មាន​លក្ខណៈពិសេស​ធ្វើ​ពី​បេតុង​សរសៃ​ដែក ដែល​ក្នុង​នោះ​៤៧​គីឡូ​ម៉ែត្រ​ជា ផ្លូវ​បួន​គន្លង ពីរ​ទៅ​ពីរ​មក មាន​ទទឹង​ប្រវែង​២៥​ម៉ែត្រ និង៥​គីឡូម៉ែត្រ​ទៀត​មាន​ពីរ​គន្លង​សម្រាប់​ចូល ទៅ​កាន់​កំពង់​ផែព្រះសីហនុ​។

(ឯកឧត្តម ស៊ុន ចាន់ថុល​ កំពុងពិភាក្សា​ផ្លូវក្រវាត់​ក្រុង​)

​ លោក វ៉ាស៊ីម សូរិយា អ្នក​នាំពាក្យ​ក្រសួង​សាធារណៈការ និង​ដឹក​ជញ្ជូន​បាន​ថ្លែង​ថា គម្រោង​នេះ​ អាច​នឹង​បើកការដ្ឋាន​សាងសង់​នៅ​ដើ​ម​ឆ្នាំ​២០១៨ និង​ចាត់​ទុក​ថា នេះគឺជាមោទនភាពមួយសម្រាប់​កម្ពុជា​ដែល​មាន​​ផ្លូវ​ល្បឿនលឿនទំហំធំ​បែប​នេះ។

កន្លងមក ឯកឧត្តម ស៊ុន ចាន់ថុល​ មន្ត្រីជាន់​ខ្ពស់នៃ​ក្រសួង​សាធារណការ ​បាន​បញ្ជាក់ថា ​​ ​ផ្លូវ​ល្បឿន​លឿន​ទី​មួយ​របស់​កម្ពុជា​តម្លៃ​ជាង ១៦០០លានដុល្លារ​​ នឹង​សាងសង់​ប្រវែង​ជាង​ ១៩០​គីឡូម៉ែត្រ អាច​ធ្វើ​ដំណើរ​ត្រឹម​រយៈពេល​២ម៉ោង​ប៉ុណ្ណោះ​។ ​អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវ​ល្បឿន​លឿន​នេះ មិន​ត្រឹម​តែ​ចំណេញ​ពេល​វេលា​តិច ហើយ​មិន​កកស្ទះ​ចរាចរណ៍​ប៉ុណ្ណោះ​ទេ ​ថែម​ទាំង​មាន​សុវត្ថិភាព​ខ្ពស់​ទៀត​ផង​។ ​ជាងនេះ​ទៀត​​ មិនបាច់​បារម្ភ​មាន​គោ​ក្របី​ឆ្លង​កាត់ ព្រោះ​ផ្លូវ​នេះ​បិទ​របង​ជិត និង​​មាន​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប​ដែល​ក្រុមហ៊ុន​ចិន​កំពុង​សិក្សា ៕

អត្ថបទ៖ ស៊ិន សាវ៉េត

អត្ថបទថ្មី