មើល​ទូរសព្ទ​ Sony ថ្មី​ អាច​ប្រជែង iPhone X និង S9 បានអត់?

  • 2018-02-27 02:20:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កាល​ពី​ល្ងាច​ម្សិលមិញ​ Sony បាន​បង្ហាញ​ចេញ​ស្មាតហ្វូន​ស៊េរី​ចុង​ក្រោយ​របស់​ខ្លួន​នៅ​ក្នុង​កម្មវិធី​ MWC ឆ្នាំ​ ២០១៨ ដែល​មាន​ម៉ូដែល​ Xperia XZ2 និង Xperia XZ2 Compact។

XZ2

ស្មាតហ្វូន​ Sony ​ដែល​ទើប​ប្រកាស​មាន​រចនាបថ​ថ្មី​ ខុស​ប្លែក​ពី​​ត្រកូល​ Xperia ដែល​បង្ហាញ​ចេញ​កន្លង​មក។ រចនាបថ​ថ្មី​នេះ​​មាន​ឈ្មោះ​ថា​ "Ambient Flow" ដោយ​មាន​រាង​កោង​និង​ពយ​នៅ​ផ្នែក​ខាង​ក្រោយ​ និង​មាន​​ស៊ុម​អេក្រង់​ដែល​មាន​កម្រាស់​ស្ដើង​ជាង​មុន​បន្តិច។ ទ្រនាប់​ស្កេន​ម្រាម​ដៃ​បាន​ប្ដូរ​ទីតាំង​នៅ​ស្ថិត​នៅ​ផ្នែក​ខាង​ក្រោយ​វិញ។

XZ2 Compact

ផ្ទៃ​អេក្រង់​របស់​ XZ2 និង XZ2 Compact មាន​មាត្រដ្ឋាន​ 18:9 ជា​មាត្រដ្ឋាន​ពេញ​និយម​មួយ​ ​ដោយ​មួយ​មាន​អេក្រង់​ទំហំ​ ៥,០ អ៊ីញ​ និង​មួយ​ទៀត​អេក្រង់​ ៥,៧ អ៊ីញ​ អាច​បង្ហាញ​រូបភាព​ក្នុង​កម្រិត​ FullHD+ ដូច​គ្នា។ ផ្ទាំង​កញ្ចក់​នេះ​ទៀត​សោត​ក៏​ទ្រាំទ្រ​នឹង​ការ​បង្ហាញ​រូបភាព​​ HDR ផង​ដែរ។

​​​​កាមេរ៉ា​លើ​ស្មាតហ្វូន​ស៊េរី​ថ្មី​នេះ​​ដូច​ជា​នៅ​លើ​ Xperia XZ1 ដែរ​ ដោយ​មាន​កម្រិត​ ១៩ MP, មាន​បច្ចេកវិទ្យា​ Motion Eye, Aperture f/2.0 រួម​នឹង​មុខងារ​ពិសេស​មួយ​ចំនួន​ទៀត​​។ ការ​រួម​បញ្ចូល​គ្នា​នូវ​បន្ទះ​​ឈីប​ថ្មី​ Snapdragon 845 ​ជា​មួយ​នឹង​ Software អាច​ឲ្យ​ XZ2 និង XZ2 Compact បង្កើត​បាន​នូវ​​​ដំណើរ​ការ​ Process រូបភាព​ជំនាន់​ថ្មី​ឈ្មោះ​ BIONZ។ ការ​ Process រូបភាព​ជំនាន់​ថ្មី​នេះ​​អាច​ជួយ​ដល់​ Color Rendition និង​គ្រប់​គ្រង់​ Noise ពេល​ថត​រូបភាព​ទី​ងងឹត។

ចំណុច​ថ្មី​មួយ​ទៀត​គឺ​សមត្ថភាព​​ថត​វីដេអូ​ 4K HDR ដែល​ជា​លើក​ដំបូង​បំផុត​គេ​ឃើញ​មាន​លើ​ស្មាតហ្វូន។ វា​ប្រើ​ប្រាស់​នូវ​​​ស្តង់ដារ​ពណ៌​ BT.2020 នៅ​ក្នុង​ Format HEVC 10-Bit ដែល​អាច​ទស្សនា​បាន​នៅ​លើ​អេក្រង់​ HDR របស់​ XZ2 និង XZ2 Compact។ សមត្ថភាព​ថត​វីដេអូ​បែប​ Super Slow-Motion នា​ពេល​នេះ​បាន​បង្កើត​កម្រិត​ដល់​​ 1080p ដែល​អាច​ថត​នៅ​ល្បឿន​ ៩៦០ ប្លង់/វិនាទី។

ផ្នែក​សំឡេង​មាន​ការ​ប្រែ​ប្រួល​បន្តិច​ ដោយ​រន្ធ​ដោត​កាស​ 3.5 mm ត្រូវ​បាន​ដក​ចេញ ត្បិត​ថា​ស្មាតហ្វូន​ថ្មី​នេះ​មាន​កម្រាស់​ក្រាស់​ក្ដី។ រន្ធ​បំពង​សំឡេង​ Stereo នៅ​ដដែល​ ប៉ុន្តែ​អាច​បញ្ចេញ​សំឡេង​បាន​​ឮ​ជាង​ XZ1 ប្រមាណ​ ២០%។ Xperia XZ2 មាន​ខ្នង​​ស្រោប​ដោយ​កញ្ចក់​ ហេតុ​នេះ​វា​អាច​សាក​ថ្ម​ដោយ​ឥត​ប្រើ​ខ្សែ​បាន​ ចំណែក​ឯ​ XZ2 Compact មិន​​មាន​មុខងារ​នេះ​ទេ។

ចូល​ដល់​គ្រឿង​ក្នុង​វិញ​ មាន​បំពាក់​បន្ទះ​ឈីប​ Snapdragon 845 RAM, ទំហំ​ ៤ GB និង​អង្គ​ផ្ទុក​ទិន្នន័យ​ក្នុង​ម៉ាស៊ីន​ទំហំ​ ៦៤ GB អាច​ពង្រីក​ទំហំ​បាន​តាម​មេមូរី​កាត។ ប្រភេទ​ Compact មាន​ថ្ម​ទំហំ​ ២៨៧០ mAh និង​ប្រភេទ​ធម្មតា​មាន​ថ្ម​ទំហំ​ ៣១៨០ mAh។

XZ2
XZ2 Compact

​​​ស្មាតហ្វូន​ទាំង​គូ​នេះ​នឹង​បញ្ចេញ​លក់​លើ​ទីផ្សារ​នា​ខែ​ឧសភា ឬ ដើម​ខែ​មេសា​ ដោយ​មិន​ទាន់​មាន​ការ​បញ្ជាក់​ពី​តម្លៃ​នៅ​ឡើយ។ យ៉ាងណាក្ដី​គេ​ដឹង​ថា​នៅ​ទីផ្សារ​ប្រទេស​អាល្លឺម៉ង់ (តំបន់​អឺរ៉ុប) XZ2 មាន​តម្លៃ​ ៩៨៦ ដុល្លារ និង XZ2 Compact មាន​តម្លៃ​ ៧៤០ ដុល្លារ៕

ប្រភព៖ The Verge | GSMarena   ប្រែ​សម្រួល៖ សុខហេង