Asus ZenFone ស៊េរី​ថ្មី​ រាង​ដូច​ iPhone X ជា​គ្នា​ តម្លៃ​ថោក​ជាង​ពាក់​កណ្ដាល

  • 2018-02-28 02:05:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ថ្ងៃ​នេះ​ Asus បាន​​បញ្ចេញ​ ZenFone ជំនាន់​ថ្មី​ ដែល​មាន​ដល់​ទៅ​ ៣ ប្រភេទ​ ហើយ​មាន​ពីរ​ប្រភេទ​នោះ​ រូបរាង​​ស្ទើរ​ដូច​ទៅ​នឹង​ iPhone X ទាំង​ស្រុង​ទៅ​ហើយ។

ZenFone 5 ដាក់ធៀបនឹង iPhone X

ប្រភេទ​ដែល​ដូច​ជា​ iPhone X នោះ​គឺ​ម៉ូដែល​ ZenFone 5 និង ZenFone 5Z ដែល​មាន​ស៊ុម​អេក្រង់​ផ្នែក​ខាង​មុខ​ស្ដើង​បំផុត​ និង​មាន​ស្នាម​គន្លាក់​អេក្រង់​នៅ​ផ្នែក​ខាង​លើ។ ស្មាតហ្វូន​ទាំង​គូ​នេះ​​ផលិត​ឡើង​ដោយ​​លោហៈ​ធាតុ​ មាន​បំពាក់​ទ្រនាប់​ស្កេន​ម្រាម​ដៃ​នៅ​ផ្នែក​ខាង​ក្រោយ។

ZenFone 5 និង 5Z មាន​អេក្រង់​ទំហំ​ ៦,២ អ៊ីញ​ដូច​គ្នា​ ដែល​មាន​មាត្រដ្ឋាន​ 19:9 អាច​បង្ហាញ​រូបភាព​ក្នុង​កម្រិត​ FHD+។ បើ​មើល​លើ​កម្លាំង​ម៉ាស៊ីន​វិញ​ឃើញ​ថា​ខុស​គ្នា​ ដោយ​ ZenFone 5 មាន​បំពាក់​បន្ទះ​ឈីប​ Snapdragon 636 មាន​ RAM ទំហំ​ ៤ ឬ ៦ GB ជា​មួយ​អង្គ​ផ្ទុក​ទិន្នន័យ​ ៦៤ GB។

ចំណែក​ ZenFone 5Q វិញ​មាន​ប្រើ​បន្ទះ​ឈីប​ទម្ងន់​ធ្ងន់​ Snapdragon 845 ជា​មួយ​នឹង​ជម្រើស​ RAM ៣ ប្រភេទ។ ជម្រើស​ RAM ៤ GB/អង្គ​ផ្ទុក​ទិន្នន័យ​ ៦៤ GB, RAM ៦ GB/អង្គ​ផ្ទុក​ទិន្នន័យ​ ១២៨ GB និង RAM ៨ GB/អង្គ​ផ្ទុក​ទិន្នន័យ​ ២៥៦ GB។

ចំពោះ​កាមេរ៉ា​មាន​សមត្ថភាព​ដូច​គ្នា​។ ZenFone 5 និង 5Z មាន​ប្រព័ន្ធ​កាមេរ៉ា​ភ្លោះ​នៅ​ផ្នែក​ខាង​ក្រោយ​ ដោយ​កាមេរ៉ា​មេ​មាន​កម្រិត​ ១២ MP ជា​មួយ​ Aperture f/1.8 អាច​ស្រូប​ពន្លឺ​បាន​ច្រើន​ ល្អ​ចំពោះ​ការ​ថត​រូប​ទី​ងងឹត។ ចំណែក​កាមេរ៉ា​ទីពីរ​មាន​កម្រិត​ ៨ MP ជា​ប្រភេទ​ Wide-Angle ​ចាប់​យក​ប្លង់​បាន​ ១២០ ដឺក្រេ។

បន្ថែម​ពី​នេះ​ ZenFone ទាំង​គូ​ក៏​មាន​បំពាក់​នូវ​រន្ធ​បំពង​សំឡេង​បែប​ Stereo ដូច​ជា​ Samsung S9/S9+ និង Sony XZ2/XZ2 Compact ដែរ។ មិន​តែ​ប៉ុណ្ណោះ​ក៏​មាន​មុខងារ​បង្កើត​រូប​ Emoji ពី​ទម្រង់​មុខ​មនុស្ស​ ដែល​ Asus បាន​ហៅ​មុខងារ​នេះ​ថា​ ZenMoji។ វា​ស្រដៀង​គ្នា​នឹង​ Animoji របស់​ iPhone X ប៉ុន្តែ​អាច​ប្រើ​ជា​មួយ​កម្មវិធី​​ផ្ញើ​សារ​​ដែល​ពេញ​និយម​បាន។

ZenFone 5 និង 5Z ក៏​មាន​ការ​ស្កេន​មុខ​ជា​ប្រព័ន្ធ​សុវត្ថិភាព​សម្រាប់​ដោះ​សោ​ផង​ដែរ ប៉ុន្តែ​គេ​មិន​ទាន់​ដឹង​ច្បាស់​ថា​វា​មាន​សុវត្ថិភាព​កម្រិត​ណា​ និង​ដំណើរ​ការ​បែប​ណា​នោះ​ទេ។ ថ្ម​មាន​ថាមពល​ ៣៣០០ mAh ដែល​មាន​មុខងារ​សាក​ថ្ម​បែប​ AI អាច​បញ្ចូល​ថាមពល​បាន​លឿន។

ស្មាតហ្វូន​ Asus ស៊េរី​ថ្មី​ទាំង​ពីរ​នឹង​ដាក់​លក់​ជា​ផ្លូវ​ការ​ក្នុង​ពេល​ឆាប់ៗ​ ដោយ​មាន​តម្លៃ​ចាប់​ពី​ ៤៩៩ ដុល្លារ​ ឡើង​ទៅ​ (សម្រាប់​ទីផ្សារ​បរទេស)៕​​​

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ សុខហេង