៤ ចំណុច​ពិសេសៗ​លើ Galaxy S9 ដែល​ iPhone X គ្មាន​ដូច​

  • 2018-03-01 08:27:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Galaxy S9/S9+ បាន​ក្លាយ​ជា​អាវុធ​ដ៏​ខ្លាំង​ក្លា​មួយ​ទៀត​របស់​ Samsung ដែល​ប្រើ​សម្រាប់​ប្រកួត​ប្រជែង​នឹង​ iPhone X របស់​ Apple។ នៅ​លើ​ Galaxy S ជំនាន់​ថ្មី​នេះ​ មាន​បំពាក់​នូវ​ចំណុច​ពិសេសៗ​មួយ​ចំនួន​ ដែល​មិន​មាន​លើ​ iPhone X ៖

១. កាមេរ៉ា​ដែល​អាច​​ប្រែ​ប្រួល​ Aperture បាន​

នៅ​លើ​ស្មាតហ្វូន​កំពូលៗ​នា​ពេល​បច្ចុប្បន្ន​ សុទ្ធ​តែ​បាន​ប្រើ​ប្រាស់​នូវ​ Aperture ជាប់​ (Fix) ដែល​មិន​អាច​ប្រែ​ប្រួល​ឲ្យ​បើក​ធំ​ ឬ តូច​បាន​នោះ​ទេ។ ប៉ុន្តែ​ Samsung ក្លាយ​ជា​ក្រុមហ៊ុន​ដំបូង​គេ​​ដែល​បំពាក់​កាមេរ៉ា​អាច​​ផ្លាស់​ប្ដូរ​ Aperture បាន​ ពី​ f/1.5 ចុះ​មក​ f/2.4។ Aperture ​តូច​ f/2.4 ធ្វើ​ឲ្យ​រូបភាព​ថត​ពេល​ថ្ងៃ​មាន​ភាព​ដិត​ល្អ និង​ Aperture ធំ f/1.5 ជួយ​ដល់​ការ​ថត​រូប​នៅ​ទី​ងងឹត​ ដោយ​អាច​ស្រូប​ពន្លឺ​បាន​ល្អ។

២. អេក្រង់​ដែល​គ្មាន​​ស្នាម​គន្លាក់

iPhone X មាន​បំពាក់​អេក្រង់​ធំ​ទូលាយ​ដែល​មាន​គែម​អេក្រង់​ស្ដើង​បំផុត យ៉ាងណាក្ដី​​ផ្នែក​ខាង​លើ​នៃ​អេក្រង់​មាន​ស្នាម​គន្លាក់​អេក្រង់​ ដែល​​ផ្ដល់​ផល​រំខាន​ពេល​ទស្សនា​វីដេអូ ជា​ពិសេស​ពេល​ទស្សនា​លើ​ YouTube។ ចំណែក​លើ​ Galaxy S9/S9+ ផ្ទៃ​អេក្រង់​ Inifity Display អាច​បង្ហាញ​រូបភាព​ដោយ​មិន​មាន​បាត់​ផ្នែក​ណា​មួយ​ឡើយ។

៣. អាច​ថត​វីដេអូ​ Slow Motion ក្នុង​ល្បឿន​ដល់​ ៩៦០ ប្លង់/វិនាទី

Galaxy S9/S9+ អាច​ថត​យក​វីដេអូ​បែប​ Slow-Motion នៅ​ក្នុង​ល្បឿន​ដល់​ទៅ​ ៩៦០ ប្លង់/វិនាទី នៅ​ក្នុង​កម្រិត​ 720p។ ចំណែក​ iPhone X អាច​ថត​វីដេអូ​បែប​នេះ​នៅ​ល្បឿន​ត្រឹម​ ២៤០ ប្លង់/វិនាទី ប៉ុន្តែ​អាច​ថត​នៅ​កម្រិត​ 1080p។​​​

៤. ទ្រនាប់​ស្កេន​ម្រាម​ដៃ

ការ​ស្កេន​ម្រាម​ដៃ​ដើម្បី​ដោះ​សោ​ជា​មុខងារ​ដ៏​ពេញ​និយម​មួយ​ ​ត្បិត​ថា​​កម្រិត​សុវត្ថិភាព​របស់​វា​មិន​ខ្លាំង​​ដូច​ជា​ការ​ប្រើ​ប្រាស់​លេខ​សម្ងាត់។ ទោះ​យ៉ាងណា​ Apple បាន​ដក​មុខងារ​នេះ​ចេញ​ពី​ iPhone X ដោយ​ជំនួស​មក​វិញ​នូវ​ការ​ដោះ​សោ​ដោយ​ប្រើ​ផ្ទៃ​មុខ។ ចំណែក​ Samsung នៅ​តែ​បន្ត​ប្រើ​ទ្រនាប់​ស្កេន​ម្រាម​ដៃ​លើ Galaxy S9/S9+ ហើយ​ថែម​ទាំង​បាន​ប្ដូរ​មក​ដាក់​​ចំ​កណ្ដាល​ខ្នង​ទូរសព្ទ ជា​ទីតាំង​ដែល​ត្រូវ​នឹង​ម្រាម​ដៃ៕

ប្រភព៖ Androidauthority   ប្រែ​សម្រួល៖ សុខហេង