តួថ្មី! ស្រីស្រស់ប្រុសស្អាត៦រូប បង្ហាញខ្លួនក្នុងភាពយន្តខ្នាតធំដ៏អាថ៌កំបាំងមួយ

  • 2018-03-05 09:29:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាពយន្តខ្នាតធំមួយ ដែលជាការផលិតជាលើកដំបូងរបស់ Studio4 ដឹកនាំសម្តែងដោយ លោក មាស រស្មី ជិតមានវត្តមានក្នុងរោងភាពយន្តហើយ។ តួសម្តែងក្នុងរឿងនេះថ្មី តែមានស្នាដៃជាច្រើនក្នុងវិស័យសិល្បៈចម្រៀង និងសម្តែងក្នុងភាពយន្ត Web Series។

មុននឹងបង្ហាញថាតួអង្គក្នុងរឿងនេះជាអ្នកណា Sabay សូមលើកយកចរិតលក្ខណៈតួនៅក្នុងសាច់រឿង «បាតដៃខ្មៅ» ដែលជាភាពយន្តសម្រិតសម្រាំង ហើយក៏ជាប្រលោមលោកភ័យរន្ធត់ដ៏មានប្រជាប្រិយរបស់និពន្ធ ម៉ីសន សុធារី ប្រើនាម ពេជ្រ បណ្ឌិត។

ធី រ៉ាយុទ្ធ

១.ប្រុសស្អាត ធី រ៉ាយុទ្ធ អាយុ ២០ឆ្នាំ ជាមេក្រុមបាតដៃខ្មៅ និងមានតួនាទីជាអ្នកចម្រៀងប្រចាំក្រុមនេះ។ មិនសូវចេះនិយាយលេងសើចច្រើន និងមិនជឿលើរឿងអរូបិយ។ រ៉ា យុទ្ធ សម្តែងដោយតារាចម្រៀង Original Song ម្នាក់ ដែលកសាងកេរ្តិ៍ឈ្មោះជាច្រើនលើវិស័យនេះ រូបលោកធ្លាប់សម្តែងរឿងខ្លី និងរឿងខ្នាតធំ តែនេះជាលើកទី១ ដែលសម្តែងជាតួឯកក្នុងរឿងខ្នាតធំ។

សំរិទ្ធ សុខា

២.សំរិទ្ធ សុខា រាងខ្ពស់សង្ហា អាយុ ២០ឆ្នាំ ជាសមាជិកក្រុមបាតដៃខ្មៅ ជាដៃសូឡូប្រចាំក្រុម។ ជាមនុស្សរួសរាយ ចូលចិត្តនិយាយលេងឡេះឡេាះ ផ្តោតច្រើនទៅលើជីវិតស៊ីវីល័យ និងតន្រី្ត ហើយក៏ជាមនុស្សប្រុសពូកែញ៉ែខ្លាំងដែរ។ សម្រាប់តួសម្តែងម្នាក់នេះ ជាលើកដំបូងហើយ ដែលសម្តែងជាតួឯកក្នុងភាពយន្តខ្នាតធំ។

ជា ប៊ុនឡេង ហៅ អណ្តើក

៣.ជា ប៊ុនឡេង ហៅ អណ្តើក ៖ អាយុ ១៩ ឆ្នាំ ជាសមាជិកក្រុមបាតដៃខ្មៅ ជាអ្នកលេងហ្គីតាបាស់ប្រចាំក្រុម ហើយថែមទាំងជាមនុស្សចេះយកអាសារ ឡេះឡោះ តែគេជាមនុស្សស្រលាញ់មិត្តភក្តិ។ ក្នុងរឿង «បាតដៃខ្មៅ» អណ្តើក ជាតួម្នាក់ដែលកំប្លែងជាងគេ ហើយក៏មានភាពស្មោះត្រង់ជាគេដែរ។

ស្រីស្អាត មាស ភាដា

៤.ស្រីស្អាត មាស ភាដា អាយុ ១៩ឆ្នាំ ជាមនុស្សមានភាពស្មោះស្ម័គ្រ និងវិជ្ជមានជានិច្ច។ ធ្លាប់តែជាកូនសិស្សស្លៀកពាក់ស្ទីលក្មេងៗ តែក្នុងរឿង «បាតដៃខ្មៅ» ស្រីស្អាតម្នាក់នេះ​លេងខ្លួនមួយទំហឹងស្រីស្អាត។ ​នាងជាមនុស្សស្រីម្នាក់ ដែលធ្វើឱ្យគ្រប់គ្នាក្នុងក្រុម បាតដៃខ្មៅ ដណ្តើមគ្នាចង់បានជាសង្សារ តែអត់ដឹងថានាងរើសយកម្នាក់ណាទេ។

ប៊ុន វណ្ណៈ

៥.បុរសលេងសម្តី ប៊ុន វណ្ណៈ អាយុ២០ឆ្នាំ ជាសមាជិកក្រុមបាតដៃខ្មៅ ជាដៃអ័គប្រចាំក្រុម ចូលចិត្តនិយាយលេងសើចច្រើន ចូលចិត្តបង្កើតកម្មវិធីសប្បាយៗ ចូលចិត្តស្តាប់ចម្រៀង។ តែមិនដឹងថា ក្នុង​រឿង «បាតដៃខ្មៅ» រូបគេនឹងទៅជាយ៉ាងណានោះទេ ព្រោះ អ្នកសរសេរ script ធ្លាប់ប្រាប់ថា តួនេះរាងវេទនាជាងគេបន្តិច។

សេរី ពេជ្រ

៦.កំលោះចិត្តខ្លាំង សេរី ពេជ្រ អាយុ ២០ឆ្នាំ សមាជិកក្រុមបាតដៃខ្មៅ ជាអ្នកវាយស្គរ និងជាអ្នកខេត្តតាកែវ។ មានចរិតឆេវឆាវបន្តិច តែស្រលាញ់រាប់អានសមាជិកក្រុមអស់ពីចិត្ត ប៉ុន្តែពេលជួបជាមួយខ្មោច មិនដឹងថាគាត់ចិត្តខ្លាំង ឬអត់?

ប្រិយមិត្តមានសម្គាល់ឃើញនរណាម្នាក់ ដែលជា Idol របស់ខ្លួនទេ? សូមធ្វើការទស្សន៍ទាយសាកល្បងថា តើនរណាជាតួឯកដែលប្រិយមិត្តស្គាល់?

អត្ថបទ៖ Sunny