McGregor ឌឺ​ Ronaldo ហើយ ថែម​ទាំង​ដៀម​ដាម Floyd ទៀត​រឿង​នរណា​រក​លុយ​ច្រើន​ជាង

  • 2018-03-06 14:24:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ Conor McGregor ក្នុង​ថ្ងៃ​នេះ បាន​និយាយ​ថា ខ្លួន​បាន​វ៉ា​ដាច់ Cristiano Ronaldo ក្នុង​នាម​ជា​កីឡាករ​ដែល​រក​លុយ​បាន​ច្រើន​បំផុត​ក្នុង​បញ្ជី Forbes ក្នុង​ឆ្នាំ ២០១៨។ McGregor ក៏​បាន​ដាក់​ផ្លែ​ឲ្យ Floyd Mayweather ដែរ​ថា អតីត​កីឡាករ​ប្រដាល់​រូប​នេះ​នឹង​មិន​មាន​មុខ​ក្នុង​បញ្ជី​ហ្នឹង​ទេ។

ក្នុង​សារ​មួយ​បង្ហោះ​ក្នុង​គណនី​ផ្លូវការ Instagram របស់​ខ្លួន​ក្នុង​ថ្ងៃ​នេះ McGregor បាន​សរសេរ​ថា៖ "ខ្ញុំ​ពិត​ជា​ចង់​ឃើញ​បញ្ជី​កីឡាករ​ដែល​រក​លុយ​បាន​ច្រើន​បំផុត​របស់ Forbes ក្នុង​ឆ្នាំ​នេះណាស់។ គិត​មក​ទល់​ពេល​នេះ ខ្ញុំ​បាន​វ៉ា​ដាច់ Cristiano Ronaldo រឿង​រក​លុយ​ហ្នឹង​ហើយ។ ខ្ញុំ​បាន​ប្រាប់​គេ​ហើយ​កាល​ពី​ឆ្នាំ ២០១៦ ថា​ខ្ញុំ​ប្រាកដ​ជា​ធ្វើ​បាន'។

កីឡាករ​វៃ​បុក​រូប​នេះ មិន​បាន​បង្ហើប​តួ​លេខ​នៃ​លុយ​ដែល​ខ្លួន​អាច​រក​បាន​នោះ​ទេ។ ទោះ​ជា​យ៉ាង​ណា កាល​ពី​ការ​ប្រកួត​ជាមួយ Floyd Mayweather កាល​ពី​ខែ​សីហា​ ឆ្នាំ​មុន McGregor ​បាន​រក​បាន​រហូត​ដល់​ទៅ ៣០ លាន​ដុល្លារ​សហរដ្ឋអាមេរិក ខណៈ​របាយការណ៍​ខ្លះ​ទៀត​បាន​បញ្ជាក់​ថា ចំណូល​សរុប​ដែល​កីឡាករ​អៀរឡង់​រូប​នេះ ទទួល​បាន​ពី​ការ​ប្រកួត​ អាច​ដល់ ១០០​លាន​ដុល្លារ​សហរដ្ឋអាមេរិក។

ចំណែក​ឯRonaldoវិញ កីឡាករ​ព័រទុយហ្គាល់​បាន​ជាប់​ឈ្មោះ​ជា​កីឡាករ​ដែល​មាន​ចំណូល​ច្រើន​បំផុត​ក្នុង​បញ្ជី Forbes ឆ្នាំ ២០១៧ ដោយ​កីឡាករ​ព័រទុយហ្គាល់​រក​បាន​ដល់​ទៅ ៩៣ លាន​ដុល្លារ​សហរដ្ឋអាមេរិក​ក្នុង​រយៈ ១២​ខែ។

ក្រៅ​ពី​និយាយ​រឿង Ronaldo ក្នុង​សារ​ដដែល កីឡាករ​សញ្ជាតិ​អៀរឡង់​ McGregorក៏​បាន​និយាយ​អំពី​កីឡាករ Floyd Mayweather ផង​ដែរ។ McGregor បាន​សរសេរ​ថា៖ “Floyd ​នឹង​មិន​មាន​ឈ្មោះ​ក្នុង​បញ្ជី Forbes ទេ ដោយ​សារ​តែ គេ​គ្រាន់​តែ​ជា​កីឡាករ​ប្រដាល់​ចូល​និវត្តន៍​មួយ​រូប ដែល​មិន​មាន​សមត្ថភាព​ក្នុង​ការ​រក​ប្រាក់​ចំណូល​ច្រើន​ក្រាស់ក្រែល ក្រៅ​ពី​អាជីព​ហ្នឹង"។

សូម​បញ្ជាក់​ផង​ដែរ​ថា ក្រោយ​ប្រកួត​ឈ្នះ McGregor កាល​ពី​ខែ​សីហា​ឆ្នាំ​មុន កីឡាករ​ Floyd បាន​ប្រកាស​ចូល​និវត្តន៍​ពី​អាជីព​ប្រដាល់។ ពេញ​មួយ​អាជីព​ខ្លួន (៥០ ប្រកួត) Floyd មិន​ដែល​ស្គាល់​សោះ​ពាក្យ​ថាចាញ់៕

ប្រភព៖ The Sun | Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី